(ភ្នំពេញ)៖ លោកឧកញ៉ា ពង់ ឃាវសែ ប្រធានក្រុមប្រឹក្សាភិបាល ធនាគារកាណាឌីយ៉ា និងជាអគ្គនាយកក្រុមហ៊ុន OCIC ត្រូវបានសមាជិកសំខាន់ៗ របស់សមាគមខ្មែរ-ចិនទូទាំងប្រទេស ប្រកាសគាំទ្រលោកឲ្យឡើង ធ្វើជាប្រធានសមាគមថ្មី ជំនួយលោកឧកញ៉ា ឌួង ឈីវ ដែលត្រូវចូលនិវត្តន៍ និងមានបញ្ហាសុខភាពផងនោះ។
សមាជិកមួយរូបនៃសមាគមខ្មែរ-ចិនទូទាំងប្រទេស បានបញ្ជាក់ឲ្យដឹងថា សមាជិកសំខាន់ៗ របស់សមាគមខ្មែរ-ចិនទូទាំងប្រទេស ប្រមាណ២០រូប បានជួបជុំពិភាក្សាគ្នា នៅថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៦ កន្លងទៅនេះ ដើម្បីស្វែងរកបេក្ខភាពដែលអាចដឹកនាំសមាគមបាន បន្ទាប់ពីលោកឧកញ៉ា ឌួង ឈីវ ដែលត្រូវចូលនិវត្តន៍ ហើយក៏បានស្រុះស្រួល ឯកភាពគ្នា ឲ្យលោកឧកញ៉ា ពង់ ឃាវសែ ដែលបុគ្គល មានសមត្ថភាព ឡើងជាប្រធានសមាគមថ្មី។
សមាជិកដដែលបានឲ្យដឹងថា បើទោះជាមានការឯកភាព ពីសមាជិកសំខាន់ៗយ៉ាងណាក្តី ប៉ុន្តែការតែងតាំង និងប្រកាសផ្លូវការ មិនសម្រេច នៅឡើយនោះទេ ដោយរង់ចាំការប្រជុំផ្លូវការនៃសមាជិកទាំងអស់ នៅពេលខាងមុខសិន។
គួរបញ្ជាក់ថា លោកឧកញ៉ា ពង់ ឃាវសែ ត្រូវបានគេស្គាល់ថា ជាបុគ្គលដែលមានសមត្ថភាពក្នុងការដឹកនាំ ដោយលោកបានចូលអភិវឌ្ឍន៍ វិស័យធនាគារ និងវិស័យអចលនទ្រព្យជាដើមនៅកម្ពុជា ឲ្យមានការរើកចម្រើនយ៉ាងខ្លាំង៕