ជនល្មោភកាមរំលោភកូនចុងខ្លួនឯងបានសម្រេចជាង១០ដង ត្រូវកម្លាំងសមត្ថកិច្ចក្របួចជាប់
20-12-2016 10:34
(ស្ទឹងត្រែង)៖ កុមារីរងគ្រោះអភព្វម្នាក់ ត្រូវឪពុកចុងរបស់ខ្លួន ចាប់រំលោភបានសម្រេចរហូតជាង១០ដង ទើបដឹងរឿងដល់ម្តាយបង្កើត។ ក្រោយពីទទួលពាក្យបណ្តឹង កម្លាំងនគរបាលខេត្តស្ទឹងត្រែងចុះឃាត់ខ្លួនភ្លាម រួចបញ្ជូនទៅកាត់ទោសនៅតុលាការនៅព្រឹកថ្ងៃ២០ ខែធ្នូ ឆ្នាំ២០១៦នេះ។
មន្រ្តីនគរបាលបានឲ្យដឹងថា ការឃាត់ជនល្មោភកាមជាឪពុកចុងនោះ បានធ្វើឡើងនៅថ្ងៃ១៩ ខែធ្នូ ឆ្នាំ២០១៦ ម្សិលមិញ ស្ថិតនៅចំណុចភូមិព្រៃចាស់ សង្កាត់សាមគ្គី ក្រុងស្ទឹងត្រែង។
យោងតាមពាក្យបណ្តឹងរបស់ស្រ្តីឈ្មោះ គូ ប៊ូខៃ អាយុ៣៤ឆ្នាំ ជាម្តាយរបស់កុមារីរងគ្រោះ សមត្ថកិច្ចបានចុះទៅឃាត់ខ្លួនភ្លាមៗ និងបញ្ជូនទៅស្នងការដ្ឋាននគរបាលខេត្ត ដើម្បីសួរនាំតាមដំណើររឿង។
មន្រ្តីនគរបាលបានបន្តថា ជនសង្ស័យមានឈ្មោះ ចាយ ចៅនី រស់នៅភូមិស្តៅ១ ឃុំស្តៅ ស្រុកសេសាន ខេត្តស្ទឹងត្រែង។ ចំណែកកុមារីរងគ្រោះ មានឈ្មោះ ថសណ អាយុ១១ឆ្នាំ រស់នៅភូមិជាមួយគ្នា។
ក្រោយពីសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យ ជាឪពុកចុងរួចហើយ ជនសង្ស័យបានឆ្លើយសារភាពថា ខ្លួនពិតជាបានចាប់រំលោភកុមារីជាកូនចុងរបស់ខ្លួន ប្រាកដមែន។
បច្ចុប្បន្ន កម្លាំងនគរបាលកណ្តាលព្រហ្មទណ្ឌ បានកសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការ ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់៕