(ភ្នំពេញ)៖ ក្រោមការឧបត្ថម្ភទាំងស្រុង របស់លោក ស សុខា តំណាងរាស្ត្រមណ្ឌលព្រៃវែង និងជាអនុប្រធានសហភាពសព័ន្ធយុវជន កម្ពុជា (ស.ស.យ.ក) និងលោកស្រី កែ សួនសុភី ក្រុមការងារសិស្សនិទ្ទេសA ក្នុងខេត្តព្រៃវៃង បានបញ្ចប់ដំណើរទស្សនកិច្ចប្រកប ជោគជ័យ បន្ទាប់ពីប្រើពេលពេញ១សប្ដាហ៍ នៅប្រទេសចិន ចាប់ពីថ្ងៃទី៩ ដល់ថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៦។
ដំណើរទស្សនកិច្ចក្នុងខេត្តអានហួយ ប្រទេសចិននេះ ក្រុមការងារបានទៅទស្សនកិច្ចសិក្សា តាមសាលារៀនល្បីៗចំនួន ៣កន្លែង ដូចជាសាលារៀនក្នុងក្រុងអ៊ូហ៊ូ ក្រុងម៉ាអាន់សាន់ និងក្រុងហឺហ្វី។ សាលារៀនក្នុងក្រុងអ៊ូហ៊ូ មានអគារមួយសង់តាំងពី ជាង១រយឆ្នាំមុន និងអគារមួយទៀត អតីតប្រធានាធិបតីចិន លោក ម៉ៅ សេងទុង តែងទៅអានសៀវភៅនៅទីនោះ។ ចំណែកសាលាក្នុងក្រុងហឺហ្វី ជាសាលាអតីតប្រធានាធិបតីចិន លោក លី ឃ័រជាំង បានរៀនសូត្រនៅទីនោះ។
ក្រៅពីនេះ ក្រុមការងារបានទៅលេងកម្សាន្តតាមរមនីយដ្ឋានមួយចំនួន ដូចជារមនីយដ្ឋានក្នុងក្រុងអ៊ូហ៊ូ (ល្បែងរន្ធត់), ទស្សនាសួនទឹក ប្រវត្តិសាស្ត្រជាតិ ក្នុងក្រុងម៉ាអាន់សាន់។ លើសពីនេះក៏បានទៅទស្សនាភ្នំខ្យងខៀវ ដែលជាភូមិរបស់អ្នកប្រាជ្ញកវីសម្ដីហូរជាងទឹក លីប៉ាយ។ នៅលើភ្នំនេះ មានសង់ផ្ទាំងសំណេរដោយដៃរបស់អតីតប្រធានាធិតីចិនលោក ម៉ៅ សេងទុង ផងដែរ។
ទាក់ទងនឹងរឿងប្រវត្តិសាស្ត្រនេះដែរ គណៈប្រតិភូក៏បានចូលទស្សនាសារមន្ទីរតម្កល់ឧបករណ៍បុរាណ ដូចជាគ្រែស្នែង គ្រែបុរាណ ហិបបុរាណ និងរូបក្រមួនមន្ត្រីសំខាន់ៗ។ នៅមានសារមន្ទីរមួយទៀត ដែលតម្កល់សុទ្ធតែថ្មពិសេសៗ ដែលគេជីកគាស់ពីក្នុងដី។ ក្នុងសារមន្ទីរនេះ មានឃើញតាំងមុខម្ហូប ដែលធ្វើពីថ្មពណ៌ធម្មជាតិ ត្រូវតាមមុខម្ហូបទាំងសាច់ទាំងបន្លែ។ ប្រជាជនមួយចំនួនបាន ចាប់យកមុខរបរជីកគាស់ថ្មប្លែកៗ ក្នុងដីនេះលក់ដោះស្រាយជីវភាពយ៉ាងធូរ។
ក្រុមគណៈប្រតិភូបានទៅទស្សនកិច្ចសិក្សា នៅមជ្ឈមណ្ឌលគ្រប់គ្រងគ្រោះមហន្តរាយ មួយកន្លែង។ នៅទីនោះ អ្វីដែលពិសេសមានដូចជា របាំងផ្លូវវិលមិនឲ្យឡានក្រឡាប់, ឧបករណ៍បំផ្ទុះកញ្ចក់ឡានពេលឡានធ្លាក់ទឹក ឬឡានក្រឡាប់រកច្រកចេញមិនរួច, ឥដ្ឋរក្សាសីតណ្ហភាព អាចរក្សាធាតុអាកាសបាន ជាង២០ម៉ោង (រៀបជុំវិញបន្ទប់), ម៉ូតូឡានពន្លត់អគ្គិភ័យតាមផ្លូវតូចៗចង្អៀត។
ចុងក្រោយ ក្រុមការងារបានចូលទស្សនាកសិដ្ឋានមួយកន្លែង ក្នុងស្រុកលីងប៊ី។ ក្នុងកសិដ្ឋាននេះ គេឃើញមានទាំងការដំាដុះនិងបង្កាត់ ពូជរុក្ខជាតិផងដែរ។ អ្វីដែលគួរចាប់អារម្មណ៍នោះ គេដាំម្ទេសព្យួរនឹងថូដោយយកគល់ឡើងលើ ដើមចុះក្រោមផ្ទុយ។ បច្ចេកទេសដាំ បែបនេះ ដោយសារនៅប្រទេសចិនភាគច្រើន ប្រជាជនរស់នៅតាមខុនដូ ដែលពួកគេអាចដាំព្យួរជាថូបែបនេះបាន។
ក្នុងដំណើរទស្សនកិច្ចនេះ លោក ស សុខា និងលោកស្រី កែ សួនសុភី បានឧបត្ថម្ភដល់សិស្សនិទ្ទេស A ម្នាក់ៗ ២០០ដុល្លារ សម្រាប់ទិញ វត្ថុអនុស្សាវរីយ៍ផ្ញើជូនអ្នកផ្ទះផងដែរ។
លោក ស សុខា បានប្រកាសថា សម្រាប់ឆ្នាំក្រោយនឹងបន្ថែមចំនួនសិស្សនិទ្ទេស A ២ខេត្តទៀត មានខេត្តបាត់ដំបង និងខេត្តបន្ទាយមានជ័យ ដើម្បីទស្សនកិច្ចក្រៅប្រទេស។
លោក ស សុខា បានបញ្ជាក់ថា ក្នុងករណីមានឧបសគ្គ ឬតម្រូវការចាំបាច់ណាមួយ សូមឲ្យសិស្សទាំងអស់ផ្ដល់ដំណឹងដល់ក្រុមការងារ ដើម្បីជួយដោះស្រាយឲ្យទាន់ពេលវេលា។ ចំណែកឯលោកស្រី កែ សួនសុភី បានលើកទឹកចិត្តដល់សិស្សឲ្យប្រឹងបន្ត ដើម្បីធ្វើជាគំរូដល់ យុវជនដទៃទៀត ពិសេសជាយុវជនគំរូរបស់ខេត្តព្រៃវែង។
សូមជម្រាបថា ក្នុងដំណើរទស្សនកិច្ចនាខេត្តអានហួយ ប្រទេសចិននេះ មានការទទួលបដិសណ្ឋារកិច្ចយ៉ាងកក់ក្ដៅ ពីសមាគមខេត្ត អានហួយ ពាណិជ្ជករ អាជ្ញាធរគ្រប់លំដាប់ថ្នាក់ និងតំណាងរាស្ត្ររបស់ភាគីចិន។ ក្នុងនោះ លោក ស សុខា បានស្នើឲ្យអាជ្ញាធរខេត្ត អានហួយ ជួយទិញស្រូវអង្ករពីខេត្តព្រៃវែង ហើយភាគីចិនបានយល់ព្រម តាមការស្នើនេះផងដែរ៕