(ព្រះសីហនុ)៖ កម្លាំងនគរបាលការិយាល័យប្រឆាំងគ្រឿងញៀន សហការជាមួយអធិការដ្ឋាននគរបាលក្រុងព្រះសីហនុ ដឹកនាំដោយលោកវរសេនីយ៍ឯក ស៊ុន សុផាត ស្នងការរងទទួលផែនប្រឆាំងបទល្មើស នៅវេលាម៉ោង៣ជិតភ្លឺ ថ្ងៃទី២០ខែធ្នូ ឆ្នាំ២០១៦នេះ បានចុះស៊ើបអង្កេតបង្ក្រាបជាក់ស្តែង ករណីជួញដូរថ្នាំញៀន១ករណី នៅចំណុចក្រុម១៨ភូមិ២សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ ឃាត់ខ្លួនមុខសញ្ញាម្នាក់ឈ្មោះម៉ម វុទ្ធី ភេទប្រុស អាយុ ៣៥ឆ្នាំ មុខរបររត់ម៉ូតូឌុប ព្រមទាំងចាប់យកបានថ្នាំញៀន ប្រភេទមេតំហ្វេតាមីន សថ្លា ចំនួន២០កញ្ចប់។
លោកវរសេនីយ៍ឯកស៊ុន សុផាតស្នងការរង បានបញ្ជាក់ថា ក្នុងប្រតិបត្តិការនេះ មានការបញ្ជាណែនាំផ្ទាល់ ពីលោកឧត្តមសេនីយ៍ទោជួន ណារិន្ទស្នងការនគរបាលខេត្តព្រះសីហនុ ហើយមុខសញ្ញាឈ្មោះម៉ម វុទ្ធីនេះក៏មានដីកាបង្គាប់ឲ្យចាប់ខ្លួនពីស្ថាប័នតុលាការផងដែរ។
ក្រោយការចាប់ខ្លួន ជនសង្ស័យត្រូវបានយកទៅសួរនាំ និងកំពុងរៀបចំសំណុំរឿងបញ្ជូនទៅកាន់តុលាការ ចាត់ការបន្តទៀត៕