(ភ្នំពេញ)៖ ដើម្បីដោះស្រាយបញ្ហាកកស្ទះចរាចរណ៍ជាបណ្តើរៗ តាមផ្លូវជាតិលេខ៥ អាជ្ញាធររាជធានីភ្នំពេញ បានចាប់ផ្តើមស្ថាបនាផ្លូវបេតុងឆ្អឹងដែក តាមផ្លូវរថភ្លើងដែលចាស់ទ្រុឌទ្រោម មិនដំណើរការ ចាប់ពីផ្លូវលេខ៧០ ដល់ផ្លូវជាតិលេខ៥ ដើម្បីឲ្យប្រជាពលរដ្ឋធ្វើដំណើរបានស្រួល និងជួយដោះស្រាយបញ្ហាគ្រោះអគ្គិភ័យ និងបញ្ហាផ្សេងៗទៀងផងដែរ។
ការស្ថាបនាផ្លូវមួយខ្សែនេះ ត្រូវបានធ្វើឡើងនៅព្រឹកថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៦នេះ ក្រោមវត្តមានលោក ប៉ា សុជាតិវង្ស អភិបាលរាជធានីភ្នំពេញ និងមានការចូលរួមពីថ្នាក់ដឹកនាំសាលារាជធានីភ្នំពេញ ថ្នាក់ដឹកនាំខណ្ឌ ព្រមទាំងមានប្រជាពលរដ្ឋ ចូលរួមសាទរជាច្រើនរយនាក់។
លោកសាំ ពិសិដ្ឋ ប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញ បានថ្លែងថា ជាដំណាក់កាលទី១ ផ្លូវតាមគន្លងផ្លូវរថភ្លើងដោយចាក់បេតុងអាមេកម្រាស់២០សង់ទីម៉ែត្រ ទទឹង៧ម៉ែត្រភ្លោះ និងស្ថាបនាសួនកណ្តាលទំហំ២,៥ម៉ែត្រ ប្រវែង៤.៥១០ម៉ែត្រ ចាប់ពីផ្លូវជាតិលេខ៥ ដល់ផ្លូវលេខ៧០ ស្ថិតក្នុងខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។
លោកបន្តថា បើតាមផែនការ ផ្លូវនេះនឹងប្រើប្រាស់រយៈពេលសាងសង់ចំនួន ៥ខែ ហើយដំណាក់កាលទី២ ពង្រីកទទឹងរហូតដល់ ២២ម៉ែត្រ។
លោកប៉ា សុជាតិវង្ស បានឲ្យដឹងថា ការស្ថាបនាផ្លូវថ្មីតាមគន្លងផ្លូវរថភ្លើងនេះ សម្រាប់រំដោះចរាចរចេញពីផ្លូវជាតិលេខ៥ ចេញចូលក្រុង ហើយផ្លូវថ្មីនេះ មានតួនាទីដ៏សំខាន់សម្រាប់បម្រើចរាចរដល់បងប្អូនប្រជាពលរដ្ឋ ដែលរស់នៅតាមតំបន់ជុំវិញនេះ ពិសេសជួយកាត់បន្ថយការកកស្ទះចរាចរ និងអត្រាគ្រោះថ្នាក់ចរាចរតាមផ្លូវជាតិលេខ៥ ដែលជាផ្នែកមួយនៃការអភិវឌ្ឍប្រព័ន្ធគមនាគមន៍ នៅក្នុងរាជធានីភ្នំពេញ ឲ្យកាន់តែល្អប្រសើរថែមទៀត ស្របតាមកំណើនយានយន្តយ៉ាងច្រើននាពេលបច្ចុប្បន្ននេះ និងដើម្បីចូលរួមចំណែកអនុវត្តន៍ឲ្យបានជោគជ័យ នូវយុទ្ធសាស្រ្តចតុកោណ របស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុនសែន នាយករដ្ឋមន្រ្តីកម្ពុជា។
ការដោះស្រាយ ផលប៉ះពាល់នេះ មិនតម្រូវឲ្យពលរដ្ឋ ចាកចេញពីតំបន់នេះឡើយ ដោយប្រើយុទ្ធសាស្ត្រ អភិវឌ្ឍន៍នៅនឹងកន្លែង ធ្វើប័ណ្ណកម្មសិទ្ធិស្របច្បាប់ និងកាត់បន្ថយផលប៉ះពាល់ មកនៅកម្រិតទាបបំផុត។
លោកអភិបាលរាជធានី បានសំណូមពរដល់បងប្អូនប្រជាពលរដ្ឋ ដែលរស់នៅសងខាងកំណាត់ផ្លូវខាងលើ មេត្តាចូលរួមសហការនិងផ្តល់លក្ខណៈងាយស្រួលគ្រប់បែបយ៉ាងដល់ក្រុមការងារការដ្ឋានដើម្បីឲ្យការងារនេះ សម្រេចបានតាមផែនការដែលបានគ្រោងទុក និងសំណូមពរឲ្យការដឹកជញ្ជូនកុំឲ្យលើសទម្ងន់ដែលបានកំណត់។
លោកប៉ា សុជាតិវង្ស បានបញ្ជាក់ថា ការស្ថាបនាផ្លូវដែកឲ្យក្លាយទៅជាផ្លូវបេតុង ដោយយោងតាមសំណើរបស់សម្តេចតេជោ ហ៊ុនសែន នាយករដ្ឋមន្រ្តី និងប្រើរយៈពេល៥ខែ។
លោកអភិបាលរាជធានី បានបន្ថែមថា អនុវត្តន៍តាមអនុសាសន៍ ដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ នាយករដ្ឋមន្ត្រី នៃកម្ពុជា ដោយមានចក្ខុវិស័យ ប្រម៉ើលមើល ឃើញថាផ្លូវដែកមួយខ្សែនេះ លែងមានគុណប្រយោជន៍ ឬក៏អាចថា មិនមានសកម្មភាព សម្រាប់ដឹកជញ្ជូន ដូចពីដើមទៀតទេ ហើយផ្លូវដែកនេះទៀតសោត ក៏បានខូតខាតពុកផុយ មិនអាចនឹងដំណើរផ្លូវដែកបានទៀត។
អាស្រ័យហេតុនេះហើយ ក៏មានការយកចិត្តទុកដាក់ នឹងបានប្រគល់ភារកិច្ច មកឲ្យរដ្ឋបាលរាជធានីភ្នំពេញ បើកផ្លូវនេះ សម្រាប់ឲ្យប្រជាពលរដ្ឋ បានធ្វើដំណើរតែម្តង។
សូមបញ្ជាក់ថា ទន្ទឹមនឹងការដោះស្រាយផលប៉ះពាល់ដល់ប្រជាពលរដ្ឋ ដែលកំពុងរស់នៅលើផ្លូវរថភ្លើងនេះ អាជ្ញាធររាជធានី គិតថាត្រូវដោះស្រាយផលប៉ះពាល់ ប្រជាពលរដ្ឋ ដោយគ្មានការជម្លៀស ប្រជាពលរដ្ឋចេញ ឬក៏ជំរុញឲ្យបងប្អូនប្រជាពលរដ្ឋ ចាកចេញពីតំបន់នេះ ទៅកន្លែងផ្សេងទេ គឺខិតខំដោះស្រាយ នៅនឹងកន្លែង ដើម្បីបង្កលក្ខណៈ ឲ្យប្រជាពលរដ្ឋ បានរស់នៅជាធម្មតា និងផ្តល់សិទ្ធិកាន់កាប់ ស្របច្បាប់ ជូនពួកគាត់តែម្តង ហើយអាជ្ញាធរ គឺមានភារកិច្ចតែមួយគត់ ការធ្វើលូ ផ្លូវ ប្រព័ន្ធទឹក ភ្លើង ដាក់ភ្លើងបំភ្លឺផ្លូវ និងជាពិសេសដោះស្រាយ បញ្ហាអនាម័យ សំរាម បរិស្ថាន ហើយតំបន់នេះ បើសិនជាមានបញ្ហាគ្រោះអគ្គិភ័យកើតឡើង មិនមានផ្លូវណា អាចឲ្យរថយន្តពន្លត់អគ្គិភ័យ ចូលជួយបានឡើយ ដូច្នេះក្នុងនាមជាអាជ្ញាធរ ត្រូវតែដោះស្រាយផ្លូវនេះ ដើម្បីជួយប្រជាពលរដ្ឋ។
ជាមួយគ្នានេះ ប្រជាពលរដ្ឋកំពុងរស់នៅលើផ្លូវរថភ្លើងនោះ បានសម្តែងការអបអរសាទរ និងជំរុញ ចំពោះចំណាត់ការរបស់ អាជ្ញាធររាជធានីភ្នំពេញ ដែលបានស្ថាបនាផ្លូវដែកនេះ ទៅជាផ្លូវបេតុង ដ៏ស្រស់ស្អាត និងអភិវឌ្ឍន៍ ឲ្យបានកាន់តែឆាប់កាន់តែល្អ ដើម្បីជួយដោះស្រាយ បញ្ហារបស់ពួកគាត់ ដែលកំពុងកើតមានសព្វថ្ងៃ៕