(ភ្នំពេញ)៖ ប្រធានមន្ទីរសុខាភិបាលរាជធានីភ្នំពេញ លោកបណ្ឌិត ងី មានហេង បានដាក់ចេញនូវផែនការជាច្រើន ដើម្បីពង្រឹងគុណភាព នៃការផ្ដល់សេវាសុខាភិបាល បន្ថែមទៀត នៅតាមមណ្ឌលសុខភាព និងមន្ទីរបង្អែក ដោយធ្វើយ៉ាងណាបម្រើប្រជាពលរដ្ឋឲ្យបានកាន់តែប្រសើរ។
ការដាក់ចេញនូវផែនការនេះ បានធ្វើឡើង ក្នុងឱកាសរៀបចំកិច្ចប្រជុំស្ដីពី ការពង្រឹងគុណភាព នៃការផ្ដល់សេវាសុខាភិបាល នៅតាមមណ្ឌលសុខភាព និងមន្ទីរពេទ្យបង្អែក នៅសាលប្រជុំទីចាក់ការមន្ទីរសុខាភិបាលរាជធានីភ្នំពេញ នៅរសៀលថ្ងៃទី១៩ធ្នូ ដែលមានចូលរួមដោយ ប្រធានការិយាល័យ ស្រុកប្រតិបត្តិទាំង៧ ប្រធានមន្ទីរពេទ្យបង្អែករាជធានី ថ្នាក់ដឹកនាំមន្ទីរពេទ្យបង្អែកថ្នាក់ស្រុកទាំង៦ ថ្នាក់ដឹកនាំមណ្ឌលសុខភាពទាំង៣៩ ប្រធានការិយាល័យជំនាញទាំង៤ របស់មន្ទីរប្រធានផ្នែកនានា ចំណុះការិយាល័យបច្ចេកទេសមន្ទីរ។
ក្នុងកិច្ចប្រជុំនោះផងដែរ ក៏បានលើកពី គម្រោងពង្រឹងគុណភាពសេវាសុខាភិបាល H-EQIP ,ពង្រឹងការអនុវត្តន៏ការបង្ការ និងត្រួតពិនិត្យការចម្លងរោគ នៅមូលដ្ឋានសុខាភិបាល ,ការផ្តល់សេវាពិនិត្យផ្ទៃពោះមានគុណភាព និងសម្រាលកូន ដោយសុវត្ថិភាព នៅមូលដ្ឋានសុខាភិបាលសាធារណៈ នៅរាជធានីភ្នំពេញ និងមហិច្ឆតារបស់មន្ទីរសុខាភិបាលរាជធានីភ្នំពេញ ក្នុងការផ្តល់សេវាត្រួតពិនិត្យសុខភាពស្ត្រី និងបុរស់វ័យចាស់ នៅមន្ទីរពេទ្យបង្អែករាជធានីភ្នំពេញ៕