(ភ្នំពេញ)៖ ថ្លែងក្នុងវេទិការយុវជន ស្ដីពីវិស័យអាកាសចរណ៍ស៊ីវិល និងឱកាសការងារនៅកម្ពុជា នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា លោក ហ៊ុន ម៉ាណែត ប្រធានសមាគមសិស្ស និស្សិតអាហាររូបករណ៍សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានលើកឡើងថា យុវជនត្រូវខិតខំរៀនសូត្រ និងកុំបោះបង់ចោលឱកាសទាំងនេះ ព្រោះថារាជរដ្ឋាភិបាលខិតខំអភិវឌ្ឍ និងផ្តល់ឱកាសគ្រប់បែបយ៉ាងសម្រាប់យុវជន ជាក់ស្តែងរាជរដ្ឋាភិបាលបានដាក់ចេញនូវ គោលនយោបាយជាតិអភិវឌ្ឍ វិស័យឧស្សាហកម្ម វិស័យអប់រំ វិស័យបណ្តុះបណ្តាលវិជ្ជាជីវៈ និងវិស័យផ្សេងៗទៀត។
លោក ហ៊ុន ម៉ាណែត បានបញ្ជាក់ថាក្នុងវេទិការដែលប្រព្រឹត្តទៅនៅថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៦នេះថា «ពីមួយជំនាន់ទៅមួយជំនាន់ស្ថានភាពប្រទេសជាតិ មានការប្រែប្រួលទាំងឱកាស និងស្ថានភាពជាក់ស្តែង ហើយឱកាសការតាំងចិត្ត និងការខិតខំព្យាយាម គឺជាកត្តានាំឱ្យយើងជោគជ័យ សូមឲ្យយុវជនសម្រេចបាននូវគោលបំណងរបស់ខ្លួន ព្រោះថាឱកាសរបស់យុវជន និងការរីកចម្រើនរបស់ប្រទេសជាតិ គឺជាសក្តានុពលធំណាស់សម្រាប់យើងទាំងអស់គ្នា»។
បន្ថែមពីនេះ លោក ហ៊ុន ម៉ាណែត លើកឡើងថា ការអភិវឌ្ឃវិស័យមួយឲ្យមានការវិវឌ្ឍទៅមុខ គឺអាស្រ័យលើធនធានមនុស្សនៅក្នុងវិស័យនោះ ដែលរាជរដ្ឋាភិបាលបានផ្តល់ឱកាសឲ្យយុវជន ទទួលបានការអប់រំ ការបណ្តុះបណ្តាលជំនាញទាំងក្នុង និងក្រៅប្រទេស ដោយផ្តោតទាំងបរិមាណ និងគុណភាពដើម្បីបង្កើនឱកាសការងារ សម្រាប់យុវជន ពង្រីកកម្រិតជីវភាពគ្រួសារ និងអភិវឌ្ឍប្រទេសជាតិ។
លោកសង្កត់ធ្ងន់ថា «កត្តាមួយដែលសំខាន់ដែលធ្វើឲ្យគេស្គាល់កម្ពុជា គឺកត្តាសុខសន្តិភាព ដែលបានបង្កើត និងរក្សាឱកាសឲ្យយុវជន នឹងបានធ្វើឲ្យប្រទេសជាតិមានការរីកចម្រើន»។
លោក ពៅ ប៉ូលីណែល អនុរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល បានឲ្យដឹងថា មូលហេតុដែល រដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល រៀបចំវេទិកាយុវជននេះឡើង ដើម្បីអោយយុវជន ផ្តោលលើ ការងារវិស័យអាកាសចរណ៍ស៊ីវិល ក្នុងការធ្វើយ៉ាងណាឲ្យយុវជនបានត្រៀមខ្លួន ចូលបម្រើការងារក្នុងវិស័យនេះ ព្រោះវិស័យមួយនេះក្នុងមួយឆ្នាំៗ មានការរើសបុគ្គលិក ឲ្យចូលបម្រើការងាររាប់រយនាក់ដែរ។
លោកអនុរដ្ឋលេខាធិការ បន្តទៀតថា ចាប់តំាងពីរាជរដ្ឋាភិបាល បានដាក់ចេញនូវ គោលនយោបាយបើកចំហរជើងមេឃ ឃើញថាយុវជនហាក់ មិនសូវចាប់អារម្មណ៍រកការងារធ្វើ លើវិស័យនេះប៉ុន្មានទេ ដោយសារមានការគិតថា វិស័យនេះពិបាកក្នុងការធ្វើការងារ។
គួរបញ្ជាក់ថា វេទិកាយុវជន ស្តីពីវិស័យអាកាសចរស៊ីវិល និងឱកាសការងារនៅកម្ពុជានេះ ជាវេទិកាលើកទី១ហើយ ដែលផ្តល់ឱកាសឲ្យយុវជនជិត២ពាន់នាក់ បានចូលរួមស្វែងរក ការងារធ្វើពិសេសការងារលើវិស័យអាកាសចរណ៍នេះផ្ទាល់តែម្តង ហើយសង្ឃឹមថានឹងបង្កើតឲ្យមានញឹកញាប់បន្ថែមទៀត ដើម្បីរួមគ្នាផ្តល់ឱកាសការងារ ឲ្យយុវជនបន្តទៀតដែរ៕