(ភ្នំពេញ)៖ តំណាងលោក វង សូត រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងជាប្រធានក្រុមប្រឹក្សាសកម្មភាពជនពិការ លោក ឯម ច័ន្ទមករា អគ្គលេខាធិការក្រុមប្រឹក្សាសកម្មភាពជនពិការ បានប្រកាសច្រានចោលនូវការប្រមូលលុយនៅតាមទីសាធារណៈ និងនៅតាមទីផ្សារនានា ពីជនខិលខូចមួយចំនួន ក្នុងរូបភាពដើម្បីជួយដល់ជនពិការនៅកម្ពុជា ដោយលោកចាត់ទុកថាជាអំពើឆបោកប្រជាពលរដ្ឋ។
លោក ឯម ច័ន្ទមករា បានបញ្ជាក់ប្រាប់ អង្គភាព Fresh News នៅមុននេះបន្ដិច នាយប់ថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៦នេះថា នាពេលថ្មីៗនេះ បន្ទាប់ពីការស្ម័គ្រចិត្តមិនប្រគុំតន្ដ្រីរបស់ជនពិការនៅតាមស្ដុបនោះ ស្របពេលនេះក៏មានជនខិលខូចមួយចំនួន បានធ្វើសកម្មភាពដើរប្រមូលលុយនៅតាមផ្សារ ដោយលើកថា ជាការរៃអង្គាសជំនួសឱ្យការប្រគុំតន្ដ្រីនៅតាមស្ដុបដើម្បីជួយដល់ជនពិការ ហើយបញ្ហានេះលោកសុំច្រានចោលទាំងស្រុងថា រដ្ឋាភិបាលមិនមានគោលការណ៍ឲ្យដើររៃលុយតាមផ្សារ ឬទីសាធារណៈចំពោះករណីនេះនោះទេ។ បន្ថែមពីនេះ លោក ឯម ច័ន្ទមករា អំពាវនាវឲ្យជនខិលខូចទាំងនោះ បញ្ឈប់សកម្មភាពបែបនេះជាបន្ទាប់ បើមិនដូច្នេះទេលោកនឹងសូមឱ្យអាជ្ញាធរចាត់វិធានការតាមផ្លូវច្បាប់។
ជាមួយនឹងការប្រកាសច្រានចោលនេះ លោកអគ្គលេខាធិការក្រុមប្រឹក្សាសកម្មភាពជនពិការ សូមធ្វើការអំពាវនាវដល់សាធារណៈជនទាំងអស់ ជាពិសេសអាជីវករនៅតាមបណ្ដាផ្សារនានា កុំឲ្យមានការភ័ន្ដប្រឡំចំពោះបញ្ហានេះ ហើយសូមកុំចាញ់បោកជនខិលខូចមួយចំនួនដែលដើរប្រមូលលុយ ដើម្បីជនពិការ។
លោកបន្ថែមថា បច្ចុប្បន្ននេះរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បាននឹងកំពុងយកចិត្តទុកដាក់ជាទីបំផុតចំពោះជនពិការ ជាក់ស្តែងកំពុងពិចារណាក្នុងការជួយដល់សិល្បៈករជាជនពិការ។
សូមជម្រាបថា នាឱកាសអបអរសាទរ ទិវាជនពិការកម្ពុជាលើកទី១៨ ដែលរៀបចំឡើងនៅមជ្ឈមណ្ឌលពិព័រណ៍ និងសន្និបាតកោះពេជ្រ នៅថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០១៦ សម្តេចតេជោ ហ៊ុន សែន បានសម្រេចផ្តល់ទីតាំងវត្តភ្នំ សម្រាប់ការសម្តែងសិល្បៈ ការប្រគំតន្រ្តីជនពិការ ដើម្បីកាត់បន្ថយបញ្ហាកកស្ទះចរាចរតាមផ្លូវសាធារណៈ។ តែសម្តេចតេជោ បានស្នើឲ្យក្រុមជនពិការទាំងនោះ គួរតែបញ្ចូលគ្នាជាក្រុមៗវិញ យ៉ាងហោចត្រឹម៥ក្រុមបានហើយ។
ពាក់ព័ន្ធបញ្ហានេះ នៅសប្ដាហ៍កន្លងទៅនេះ លោករដ្ឋមន្ដ្រី វង សូត បានធ្វើរបាយការណ៍ជូនប្រមុខរាជរដ្ឋាភិបាល នូវការសម្រួលក្រុមប្រគុំតន្ដ្រីរបស់ជនពិការពីជាង២០ក្រុម មកត្រឹម៥ក្រុមរួចរាល់ហើយផងដែរ៕