(ភ្នំពេញ)៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានចាប់ដៃជាមួយក្រុមហ៊ុនទូរស័ព្ទមិត្តហ្វូន (Metfone Cambodia) ផ្តល់កញ្ចប់សេវាពិសេសជូនដល់មន្រ្តីរាជការរបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈនៅទូទាំងប្រទេស។ តាមរយៈកញ្ចប់សេវាពិសេសនេះ មន្រ្តីរាជការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈអាចទូរស័ព្ទក្នុងប្រព័ន្ធដោយសេរី ហើយអាចប្រើប្រាស់អ៉ីនធើណេតបានកាន់តែច្រើន។
យោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈនៅយប់ថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៦នេះ បានបញ្ជាក់ថា តាមរយៈកិច្ចសហការនេះ ក្រុមហ៊ុនទូរស័ព្ទមិត្តហ្វូន នឹងផ្តល់ជូនលេខទូរស័ព្ទក្បាល០៦៧ ដោយឥតគិតថ្លៃ ជូនដល់មន្រ្តីរាជការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដែលមានបំណងចង់ប្រើ។ បន្ទាប់មកតម្រូវឲ្យមន្រ្តីរាជការ ដែលជាអ្នកប្រើបញ្ចូលថវិកាប្រមាណ ៣ដុល្លារជារៀងរាល់ខែ។
ទឹកប្រាក់ ៣ដុល្លារនេះ ផ្តល់នូវអត្ថប្រយោជន៍ត្រឡប់ទៅវិញជាច្រើនដូចជា៖
១៖ មិនគិតប្រាក់ចំពោះការហៅទូរស័ព្ទចេញ នៅក្នុងក្រុមទំនាក់ទំនងក្នុងក្រសួង ឬប្រចាំអង្គភាពរបស់ខ្លួន (អាចបង្កើជាក្រុមទំនាក់ទំនងតាមអង្គភាពបាន)
២៖ មិនគិតប្រាក់ចំពោះការហៅទូរស័ព្ទចេញទៅប្រព័ន្ធក្រុមហ៊ុនមិត្តហ្វូនដូចគ្នា (មិនស្ថិតនៅក្នុងក្រុម) ចាប់ពីចន្លោះម៉ោង ៧៖០០នាទីព្រឹក រហូតដល់ម៉ោង ៦៖០០នាទីល្ងាច
៣៖ ផ្ញើសារដោយសេរីនៅក្នុងប្រព័ន្ធទូរស័ព្ទមិត្តហ្វូន និងអាចបង្កើតជាក្រុមផ្ញើសារតាមអង្គភាពនីមួយៗ
៤៖ ទទួលបានអ៉ីនធើណែតចំនួន ៥០០មេហ្គាបាយ ក្នុង ១ខែៗ
នៅក្នុងសេចក្តីជូនដំណឹង បានឲ្យដឹងដែរថា ចំពោះទឹកប្រាក់ ដែលបានបញ្ចូលចំនួន ៣ដុល្លារ គឺអាចប្រើប្រាស់លេងអ៉ិនធើណែត ឬ អាចហៅចេញទៅកាន់ប្រព័ន្ធក្រុមហ៊ុនទូរស័ព្ទដទៃបាន ប៉ុន្តែមិនអាចប្តូរលុយបានទេ៕