(ភ្នំពេញ)៖ នាយឧត្តមសេនីយ៍ ប៉ុល សារឿន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ បានស្នើជាថ្មីឱ្យភាគីថៃ មានការយោគយល់ ហើយកុំឱ្យមានការ បាញ់សម្លាប់ពលករខ្មែរ ឬពលរដ្ឋខ្មែរដែលឆ្លងព្រំដែន ទៅកាប់ឈើតទៅទៀត។
សំណើរបស់នាយឧត្តមសេនីយ៍ ប៉ុល សារឿន បានធ្វើឡើងនៅក្នុងជំនួបជាមួយ នាយឧត្តមសេនីយ៍ Chalermchai Sitthisad អគ្គមេបញ្ជាការកងទ័ពជើងគោកភូមិន្ទថៃ នាល្ងាចថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៦។
នាយឧត្តមសេនីយ៍ ប៉ុល សារឿន បានជំរុញឱ្យភាគីថៃត្រូវឈរលើ គោរគោលការណ៍ច្បាប់ជាតិ និងអន្តរជាតិ ឲ្យស្របតាមគោលការណ៍មនុស្សធម៌ និងសាសនា។ ជាមួយគ្នានោះនាយឧត្តមសេនីយ៍ ប៉ុល សារឿន ក៏បានថ្លែងកោតសរសើរ ដល់រដ្ឋាភិបាលនៃប្រទេសថៃ ដែលបានថែរក្សាសន្តិសុខ និងសណ្តាប់ធ្នាប់ប្រទេស ឲ្យមានស្ថានភាពល្អ ។
ជាការឆ្លើយតប លោកនាយឧត្តមសេនីយ៍ Chalermchai Sitthisad បានថ្លែងអរគុណយ៉ាងជ្រាលជ្រៅចំពោះ នាយឧត្តមសេនីយ៍ ប៉ុល សារឿន អគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ ដែលបានទទួលស្វាគមន៍ប្រកបដោយភាពកក់ក្តៅដល់ប្រតិភូកងទ័ពជើងគោកភូមិន្ទថៃនាឱកាសនេះ។
នាយឧត្តមសេនីយ៍ Chalermchai Sitthisad ក៏បានកោតសរសើរដល់ព្រះរាជាណាចក្រកម្ពុជា ដែលមាន ការរីកចម្រើនលើគ្រប់វិស័យ យ៉ាងឆាប់រហ័ស តែក្នុងរយៈពេល ដ៏ខ្លីនេះ។ លោកក៏បានបញ្ជាក់ថា កងទ័ពជើងគោកភូមិន្ទថៃ បានត្រៀមគ្រប់លក្ខណៈសម្បតិ្តក្នុងការពង្រឹងពង្រីកនូវកិច្ចសហប្រតិបតិ្តការ លើគ្រប់ផ្នែកជាមួយ កងយោធពលខេមរភូមិន្ទ លើផ្នែកបណ្តុះបណ្តាលជំនាញ បើមានសេចក្តីត្រូវការពីកម្ពុជា។
នាយឧត្តមសេនីយ៍ អគ្គមេបញ្ជាការកងទ័ពជើងគោកភូមិន្ទថៃរូបនេះបានបាន បន្តទៀតថា៖ ក្រោយពីទស្សនកិច្ចនៅកងពលតូច ទ័ពពិសេសឆ័ត្រយោង៩១១ រួចមក រូបលោកបានទទួលសំណើពីលោកឧត្តមសេនីយ៍ឯក ចាប ភក្តី អោយជួយបណ្តុះបណ្តាល លើផ្នែកជំនាញលោតឆ័ត្រយោង ហើយនឹងមានគម្រោង សហការធ្វើសមយុទ្ធ ជាមួយគ្នា នៅឱកាសសមស្របណាមួយ៕