(ភ្នំពេញ)៖ ក្នុងរយៈពេល១១ខែ ឆ្នាំ២០១៦នេះ នគបាលចរាចរផ្លូវគោក បានផាកពិន័យជាទឹកប្រាក់ជិត១៨ពាន់លានរៀល ពីបទល្មើលចរាចរនៅទូទាំងប្រទេសកម្ពុជា នាគ្រាដែលប្រទេសនេះ កំពុងអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកដ៏តឹងរឹង ។
ក្នុងកិច្ចប្រជុំបូកសរុបលទ្ធផល ត្រូតពិនិត្យការអនុវត្តច្បាប់ស្តីពី ចរាចរណ៍ផ្លូវគោកប្រចាំខែវិច្ឆិកាក្រោម អធីបតីភាព លោកទេសរេដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសារធារណការ នារសៀលថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៦ លោក ស្រី មឹន មាណវី រដ្ឋលេខាធិការក្រសួងក្រសូងសាធារណៈការនឹងដឹកជញ្ជូន បានបញ្ជាក់ថា « សរុបប្រាក់ពិន័យចាប់ពីថ្ងៃទី១ខែមករា ឆ្នាំ២០១៦ ដល់ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៦ បានចំនួន១៧.៨២១.៦៧៥.០០០រៀលគត់»។
ជាមួយគ្នានោះដែរ លោកស្រីរដ្ឋលេខាធិការក៏បានឲ្យដឹងថា ការត្រួតពិនិត្យល្បឿន និងជាតិស្រវឹងបានបន្តយ៉ាងសកម្ម រកឃើញយានយន្តល្មើស ល្បឿនចំនួន៣.៥៤០គ្រឿង និងល្មើសជាតិស្រវឹង ២២២នាក់ ក្នុងនោះឃាត់ខ្លួនបញ្ចូនសំណុំរឿងទៅតុលាការ៨នាក់ (អ្នកបើកបររថយន្ត១នាក់ និងអ្នកបើកបរម៉ូតូ ៧នាក់។ ជាងនេះ បានរកឃើញសារធាតិញៀន លើអ្នកបើកបរចំនួន ៥នាក់ ផងដែរ ។
សម្រាប់គ្រោះថ្នាក់ចរាចរណ៍ ក្នុងខែវិច្ឆិកាវិញ លោកស្រី បានឲ្យដឹងថា បានកើតឡើង ចំនួន ៣៣៧លើក បណ្តាលឲ្យស្លាប់ចំនួន១៥១នាក់ និងរបួស ៦០៩នាក់ ភាគច្រើនកើតនោះ ក្នុងរាជធានីភ្នំពេញ ចំនួន៤៩លើក ខេត្តកំពត៣១លើក និងខេត្តកណ្តាលចំនួន២៣លើក ។ ចំនួនជនរងគ្រោះជាមធ្យម ក្នុងមួយថ្ងៃ ស្លាប់៥នាក់ និងរបួស២០.៣នាក់។ មូលហេតុ ការបើកបរ លើសល្បឿនកំណត់ចំនួន ៣៦% មិនប្រកាន់ស្តាំ១៤% មិនគោរពសិទ្ធិអាទិភាព ១៤% បត់១៣% វ៉ាជែង១១%ស្រវឹង ៨% កត្តាយានយន្ត ២% ងងុយ ០.២%និងកក្តាផ្លូវ ២% ៕