(ភ្នំពេញ)៖ មុខសញ្ញាគាស់ផ្ទះដ៏សកម្មម្នាក់ ខណៈកំពុងធ្វើសកម្មភាពគាស់បន្ទប់ជួល ត្រូវម្ចាស់បន្ទប់មកទាន់ ស្រែកហៅប្រជាពលរដ្ឋ រួមគ្នាព្រលះម្នាក់១ដៃ១ជើងយ៉ាងដំណំ ទើបប្រគល់ជូនកម្លាំងសមត្ថកិច្ច។ ហេតុការណ៍នេះកើតឡើងនៅថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៦ ស្ថិតនៅភូមិតាសេក សង្កាត់កំបូល ខណ្ឌពោធិ៍សែនជ័យ។
សមត្ថកិច្ចបានឱ្យដឹងថា ជនសង្ស័យមានឈ្មោះ សោ សាវីត អាយុ១៨ឆ្នាំ ស្នាក់ភូមិត្រពាំងឈូក សង្កាត់កន្ទោក ខណ្ឌពោធិ៍សែនជ័យ មានស្រុកកំណើតភូមិនរាយណ៍ ឃុំនរាយណ៍ ស្រុកឈូក ខេត្តកំពត ដោយដកហូតម៉ូតូ១គ្រឿង ម៉ាកស្មាស់វី ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1FG-4020។
ចំណែកម្ចាស់បន្ទប់ ឈ្មោះ សំ ប្រុស អាយុ២៩ឆ្នាំ មុខរបរជាសន្តិសុខ ស្នាក់នៅភូមិតាសេក សង្កាត់កំបូល មានស្រុកកំណើតនៅភូមិដើមពោធិ៍ ឃុំអង្គសុភី ស្រុកកំពង់ត្រាច ខេត្តកំពត។
សមត្ថកិច្ចបានឲ្យដឹងថា មុនពេលកើតហេតុ ម្ចាស់ផ្ទះកំពុងរវល់ទៅផ្សារទិញម្ហូប ហើយពេលត្រឡប់មកវិញ ស្រាប់តែឃើញបន្ទប់ចំហរទ្វារ ស្រាប់តែឃើញជនសង្ស័យកំពុងនៅក្នុងបន្ទប់ ប្រមូលឥវ៉ាច្រកថង់ ក៏ត្រូវម្ចាស់បន្ទប់ស្រែកឆោឡោផ្អើលប្រជាពលរដ្ឋ ជួយដេញចាប់វាយទ្រោមខ្លួន ទើបប្រគល់ឲ្យនគរបានប៉ុស្តិ៍កំបូល ចាត់ការតាមផ្លូវច្បាប់៕