(កំពង់ធំ)៖ ភ្លើងបំភ្លឺចែងចាំងចម្រុះពណ៌នាពេលរាត្រី ត្រូវបានប្រជាពលរដ្ឋមូលដ្ឋានក្នុងភូមិសាស្ដ្រស្រុកស្ទោង ខេត្តកំពង់ធំ រាយការណ៍មកថា កើតមានលើផ្ទៃបឹងទន្លេសាបជារៀងរាល់យប់ ប៉ុន្ដែភ្លើងទាំងនេះមិនមែនលំអរ ឬដាក់តាំងនៅតំបន់អភិវឌ្ឍន៍ ឬទីក្រុងរណបនោះទេ។
តែធាតុពិតភ្លើងចម្រុះពណ៌ ភ្លឺចិញ្ចែងចិញ្ចាចលើផ្ទៃបឹងដ៏ធំល្វឹងល្វើយខាងលើនេះ គឺជាសកម្មភាពរបស់ក្រុមឈ្មួញ ប្រើឧបករណ៍នេសាទ ល្មើសច្បាប់ ដើម្បីចាប់ត្រីនៅតំបន់នោះ ដោយគ្មានការទប់ស្កាត់ និងចុះបង្ក្រាបពីអាជ្ញាធរពាក់ព័ន្ធ ក៏ដូចជា មន្ដ្រីរដ្ឋបាលជលផលនោះឡើយ។
ប្រជាពលរដ្ឋតាមមូលដ្ឋានបានឲ្យដឹងថា ឧបករណ៍នេសាទខុសច្បាប់ដែលក្រុមឈ្មួញបានប្រើនោះ មានដូចជា ឧបករណ៍ឆក់ និងស្បៃមុងក្រឡាតូចបំផុត ដែលអាចចាប់ត្រីគ្រប់ប្រភេទទាំងតូចទាំងធំ ដែលសកម្មភាពទាំងនេះ នឹងធ្វើឲ្យធនធានមច្ឆាបាត់បង់បន្ដិចម្ដងៗ។
ក្នុងរយៈពេលថ្មីនេះ គេក៏សង្កេតឃើញកម្លាំងនគរបាលខេត្តកំពង់ធំ សហការជាមួយសមត្ថកិច្ចចម្រុះ ក៏បានចុះបង្ក្រាបរុះរើស និងកាប់បំផ្លាញ ឧបករណ៍នេសាទខុសច្បាប់ជាច្រើនផងដែរ នៅភូមិសាស្ដ្រស្រុកកំពង់ស្វាយ ក្នុងឃុំផាតសណ្ដាយ និងនៅចំណុចត្រពាំងអាស្មក់ ឃុំពាមបាន ស្រុកស្ទោងផងដែរ ប៉ុន្ដែបទល្មើសនេសាទទាំងនេះ ហាក់មិនមានការថមថយឡើយ ពោលការចុះបង្ក្រាបហាក់បីដូចជា ធ្វើឡើងដោយរើសកន្លែង និងមិនចំគោលដៅកន្លែងធំ។
ក្រុមប្រជាពលរដ្ឋ បានឲ្យដឹងទៀតថា ក្រុមឈ្មួញដែលកំពុងប្រព្រឹត្តបទល្មើសនេសាទ ទ្រង់ទ្រាយធំខាងលើនេះ គឺជាជនជាតិវៀតណាម ឈ្មោះ ង្វៀង យ៉ាំងហ៊ុង ហៅអាក្បាលដែក ដោយសារតែឈ្មួញរូបនេះ បានរត់ការទៅសមត្ថកិច្ច និងអាជ្ញាធរពាក់ព័ន្ធទាំងពីមូលដ្ឋាន រហូតដល់ថ្នាក់ខេត្តដែលជាប់ពាក់ព័ន្ធផងដែរ ទើបរូបគេនៅបន្ដឱកាសប្រព្រឹត្តបទល្មើសនេសាទខុសច្បាប់ដោយសេរីនេះបាន។
ប្រជាពលរដ្ឋសូមអំពាវនាវ ដល់ថ្នាក់ដឹកនាំខេត្តកំពង់ធំ និងមន្ដ្រីពាក់ព័ន្ធទាំងអស់ត្រូវរួមគ្នា បើកយុទ្ធនាការទ្រង់ទ្រាយធំ បង្ក្រាបបទល្មើសនេសាទទាំងនេះ ដោយដល់ឬសគល់ ទើបអាចរក្សាធនធានធម្មជាតិនៅក្នុងទឹកបានប្រសើរឡើងវិញ៕