(ភ្នំពេញ)៖ នៅថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៦ស្អែកនេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា នឹងអញ្ជើញបំពេញទស្សនកិច្ចរយៈពេលពីរថ្ងៃ នៅប្រទេសវៀតណាម តបតាមការអញ្ជើញរបស់ លោក ង្វៀន សួនហ៊្វុក (Nguyen Xuan Phuc) នាយករដ្ឋមន្រ្តីវៀតណាម។
យោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងការបរទេស បានឲ្យដឹងថា ដំណើរទស្សនកិច្ចរយៈពេលពីរថ្ងៃ គឺថ្ងៃទី២០-២១ ខែធ្នូ នេះ សម្តេចតេជោ ហ៊ុន សែន នឹងជួបពិភាក្សាការងារទ្វេភាគីជាមួយនឹងលោក ង្វៀន សួនហ្វ៊ុក (Nguyen Xuan Phuc) នាយករដ្ឋមន្រ្តីវៀតណាម។ សម្តេចតេជោ ហ៊ុន សែន ក៏និងជួបសម្តែងការគួរសមជាមួយ លោក ង្វៀន ហ៊្វូ ជុង អគ្គលេខាធិការបក្សកុម្មុយនីស្តវៀតណាម, លោក ត្រាន់ ដាយ ក្វាង ប្រធានាធិបតីវៀតណាម និង លោកស្រី ង្វៀន ធីគឹម ងិន ប្រធានរដ្ឋសភាវៀតណាម។
ក្រៅពីនោះសម្តេចក៏នឹងទទួលជួបសម្តែងការគួរសមពីសមាគមមិត្តភាពកម្ពុជា-វៀតណាម ថ្នាក់ដឹកនាំក្រុងហូជីមិញ និងអតីតយុទ្ធជនវៀតណាមផងដែរ។
សម្រាប់គណៈប្រតិភូដែលអមដំណើរសម្តេចតេជោ ហ៊ុន សែន រួមមានដូចជា៖ ឧបនាយករដ្ឋមន្រ្តី ទៀ បាញ់ រដ្ឋមន្រ្តីក្រសួងការពារជាតិ , ទេសរដ្ឋមន្រ្តីប្រាក់ សុខុន រដ្ឋមន្រ្តីក្រសួងការបរទេស, លោកទេសរដ្ឋមន្រ្តី វ៉ា គឹមហុង ប្រធានគណៈកម្មាធិការព្រំដែនកម្ពុជា, លោក អ៊ុក រ៉ាប៊ុន រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍជនបទ, លោក ស៊ុយ សែម រដ្ឋមន្រ្តីក្រសួងរ៉ែ និងថាមពល, លោក ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម, លោក វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងសមាជិករាជរដ្ឋាភិបាលមួយចំនួនទៀត។
អំឡុងទស្សនកិច្ចនេះ ក៏អាចមានការចុះកិច្ចព្រមព្រៀង និងអនុស្សារណៈ មួយចំនួនផងដែរ៕