(ភ្នំពេញ)៖ អភិបាលខណ្ឌដង្កោ និងជាប្រធានកិត្តិយសអនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌដង្កោ លោក នុត ពុធដារ៉ា រួមជាមួយព្រះគ្រូ សឿ ហេង ចៅអធិការវត្តធុតង្គចំដូង ព្រះគ្រូ នូ សាំង ចៅអធិការវត្តព្រែកជ្រៃ លោកអភិបាលរង មន្ត្រីរាជការខណ្ឌ និងក្រុមការងារកាកបាទក្រហមសង្កាត់ នៅថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៦នេះ បាននាំយកអំណោយរបស់កាកបាទក្រហមកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ទៅចែកជូនប្រជាពលរដ្ឋក្រីក្រចំនួន២៣គ្រួសារ រស់នៅក្នុងសហគមន៍ភូមិតាឡី សង្កាត់ដង្កោ ខណ្ឌដង្កោ។
មន្រ្តីសាលាខណ្ឌដង្កោ បានឲ្យដឹងថា អំណោយដែលត្រូវបានចែកជូនក្នុងឱកាសនោះក្នុងមួយគ្រួសារទទួលបាន៖ អង្ករ៣០គីឡូក្រាម, មី១កេស, ត្រីខ១០កំប៉ុង, ឃីត០១កញ្ចប់ (មុង១ ភួយ១ ក្រមា១ សារ៉ុង១) ក្នុងនោះព្រះគ្រូ នូ សាំង ចៅអធិការវត្តព្រែកជ្រៃ ឧបត្ថម្ភបន្ថែមទេយ្យវត្ថុ១កញ្ចប់ រួមមាន៖ មី តែ ស្ករស ទឹកក្រូច ទឹកដោះគោ និងត្រីខ។ លោកស្រី សឿង សេរី ចៅសង្កាត់រងដង្កោ ជូនមួយគ្រួសារ ក្រម៉ា១ផងដែរ។
នៅក្នុងឱកាសនោះ លោក នុត ពុធដារ៉ា បានផ្តាំផ្ញើដល់បងប្អូនប្រជាពលរដ្ឋ ទាំងអស់អំពីការយកចិត្តទុកដាក់របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប្រធានកាកបាទក្រហមកម្ពុជា និងបានផ្តាំផ្ញើការសាកសួរសុខទុក្ខពីសំណាក់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ជាពិសេសបងប្អូនដែលជាជនក្រីក្រ ចាស់ជរាគ្មានទីពឹង កុមារកំព្រា អ្នកផ្ទុកមេរោគអេដស៍ ជម្ងឺអេដស៍ និងជនងាយរងគ្រោះនានា ព្រមទាំងពាំនាំការយកចិត្តទុកដាក់ពីសំណាក់លោក ប៉ា សុជាតិវង្ស អភិបាលរាជធានីភ្នំពេញ និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជារាជធានីភ្នំពេញ ដែលជានិច្ចកាលតែងគិតគូដល់ការលំបាករបស់បងប្អូនប្រជាពលរដ្ឋនានាក្នុងមូលដ្ឋានជាប្រចាំ។
លោកអភិបាលខណ្ឌ ក៏បានណែនាំឲ្យបងប្អូនទាំងអស់ ជាពិសេសលោកយាយលោកតាចាស់ៗ សូមថែរក្សាសុខភាពតាមរយៈការហូបស្អាត ផឹកស្អាត រស់នៅស្អាត ដើម្បីឲ្យមានសុខភាពល្អ អាយុយឺនយូរ បានបន្តមើលការអភិវឌ្ឍរីកចម្រើនឥតឈប់ឈររបស់ប្រទេសជាតិ ពីមួយថ្ងៃទៅមួយថ្ងៃ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត របស់សម្តេចតេជោ ហ៊ុន សែន៕