(ភ្នំពេញ)៖ កញ្ញា ធី សុវណ្ណថា ប្រធានអង្គការយុវជនកិច្ចការសង្គម បានបង្ហោះឲ្យដឹងនៅលើ Facebook Page ផ្លូវការរបស់ខ្លួននៅថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៦នេះថា កញ្ញាមានទំព័រហ្វេសប៊ុក (Facebook) ផ្លូវការ ដែលមានការទទួលស្គាល់ (Verified) ពីក្រុមហ៊ុនហ្វេសប៊ុកតែមួយគត់ ដើម្បីចែករំលែកព័ត៌មាន និងសំរាប់ទំនាក់ទំនង។
ប្រធានអង្គការយុវជនកិច្ចការសង្គមវ័យក្មេងរូបនេះ បានបន្ថែមថា កញ្ញា ធី សុវណ្ណថា នឹងរាយការណ៍ជូន Facebook ដើម្បីបិទ Account Fake ទាំងនោះចោល និងរាយការណ៍ជូនសមត្ថកិច្ចដើម្បីចាត់វិធានការណ៍ជាបន្ទាន់។ ចំពោះព័ត៌មានទាំងឡាយណា ដែលមិនបានផ្សព្វផ្សាយចេញពីគណនីផ្លូវការ របស់កញ្ញាដែលប្រព្រឹត្តដោយជនខិលខូចគឺពួកគេនឹងត្រូវទទួលខុសត្រូវចំពោះមុខច្បាប់។
Facebook Page ផ្លូវការរបស់កញ្ញា ធី សុវណ្ណថា បានបង្ហោះឲ្យដឹងនៅថ្ងៃនេះថា «នាងខ្ញុំ ធី សុវណ្ណថា ម្ចាស់ទំព័រហ្វេសប៊ុក Thy Sovantha សូមបដិសេធចោល ទាំងស្រុងនូវគណនី និងទំព័រហ្វេសប៊ុកទាំងឡាយណាដែលបាន និងកំពុងផ្សព្វផ្សាយអំពីនាងខ្ញុំ ឬអំពីព័ត៌មានវាយប្រហាររាជរដ្ឋាភិបាល ឬព័ត៌មានក្នុងន័យ វាយប្រហារបុគ្គលផ្សេងៗ ដែលកន្លងមកនាងខ្ញុំបានធ្វើការតាមដានយ៉ាងយកចិត្តទុកដាក់បំផុត ហើយមកទល់ថ្ងៃនេះនាងខ្ញុំបានសង្កេតឃើញ នៅតែមានការបន្តផ្សព្វផ្សាយព័ត៌មានមិនពិតទាំងនោះ ចេញពីគណនី និងទំព័រហ្វេសប៊ុកក្លែងក្លាយដែលគ្មានការទទួលខុសត្រូវមួយចំនួន។
នាងខ្ញុំសូមបញ្ជាក់ថា នាងខ្ញុំប្រើប្រាស់ទំព័រហ្វេសប៊ុកផ្លូវការដែលមានការទទួលស្គាល់ (Verified) ពីក្រុមហ៊ុនហ្វេសប៊ុកតែមួយគត់ ដើម្បីចែករំលែកព័ត៌មាន និងសំរាប់ទំនាក់ទំនង។ នាងខ្ញុំនឹងរាយការណ៍ជូន Facebook ដើម្បីបិទ Account Fake ទាំងនោះចោល និងរាយការណ៍ជូនសមត្ថកិច្ចដើម្បី ចាត់វិធានការណ៍ជាបន្ទាន់។ ចំពោះព័ត៌មានទាំងឡាយណាដែលមិនបានផ្សព្វផ្សាយចេញពីគណនីផ្លូវការរបស់នាងខ្ញុំ ដែលប្រព្រឹត្តដោយជនខិលខូច គឺពួកគេនឹងត្រូវទទួលខុសត្រូវចំពោះមុខច្បាប់»៕