(ភ្នំពេញ)៖ របាយការណ៍របស់មន្ទីរពេទ្យកុមារជាតិ ដែលអង្គភាព Fresh News ទទួលបាននៅព្រឹកថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៦នេះ បានបញ្ជាក់ថា រយៈពេល៧ថ្ងៃ ចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៦ មានអ្នកជំងឺជាង៦ពាន់នាក់ បានចូល និងចេញពិនិត្យ ព្យាបាលជំងឺនៅមន្ទីរពេទ្យកុមារជាតិ។
របាយការណ៍ដដែលបានបញ្ជាក់ថា ក្នុងរយៈពេល៧ថ្ងៃនេះ មានអ្នកជំងឺមកទទួលសេវាពិនិត្យព្យាបាល ផ្នែកពិគ្រោះជំងឺក្រៅមានចំនួន ២,២៤១នាក់, អ្នកជំងឺអនុញ្ញាតិឲ្យចូលសម្រាក់ព្យាបាល ៣១៧នាក់ ក្នុងនោះមានជំងឺទារកតូចៗគ្រប់ប្រភេទ៤៨នាក់, អត្រាប្រើប្រាស់គ្រែសរុបមាន១២៧ភាគរយ, អ្នកជំងឺក្រីក្រត្រូវបានអនុញ្ញាតិ សម្រាកព្យាបាលដោយមិនបង់ប្រាក់២៤ភាគរយ, ចំនួនវះកាត់សរុប៤៧នាក់, ការព្យាបាលដោយចលនា៣៦០នាក់, កុមារបានទទួលថ្នាំបង្ការ៧៣៦នាក់, កុមារព្យាបាលធ្មេញ អញ្ចាញធ្មេញ និងក្រអូមមាត់១៦នាក់, កុមារមានផ្ទុកមេរោគអេដស៍ ត្រូវបានទទួលថ្នាំពន្យារ ៥៣នាក់, ជំងឺរបេងកំពុងទទួល ការព្យាបាល៨នាក់, កុមារមានផ្ទុកមេរោគអេដស៍ មកពិគ្រោះជំងឺឱកាសនិយម២២៧នាក់, ថតឆ្លុះវិភាគដោយកាំរស្មីអិច ១៤៩នាក់, ពិនិត្យវិភាគដោយអេកូ ១០០នាក់, ចំនួនតេស្ដបានវិភាគ នៅមន្ទីរពិសោធន៍ មាន២,១៩០នាក់។
មន្ទីរពេទ្យកុមារជាតិ បានឲ្យដឹងផងដែរថា ការផ្ដល់អាហារ តាមបែបវេជ្ជសាស្ដ្រដោយ គិតតាមប្រភេទជំងឺ និងតាមក្រុមអាយុកុមារមួយថ្ងៃ ចំនួន៣ពេល ដោយមិនគិតប្រាក់ ដល់កុមារដែល សម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យ៨៩១នាក់។ ជាងនេះទៅទៀត មន្ទីរពេទ្យកុមារជាតិ មានទទួលវះកាត់ កុមារឆែបមាត់ ជើងខ្វេ ពីកំណើតដោយពុំមានបង់ប្រាក់។
បន្ថែមពីនេះ មន្ទីរពេទ្យកុមារជាតិ បានចូលរួមប្រជុំ ពិនិត្យឡើងវិញអំពី ការចូលរួមបណ្ដុះបណ្ដាលជាមួយសាកលវិទ្យាល័យវិទ្យាសាស្ដ្រសុខាភិបាល ដល់សិស្សនិស្សិត ដែលមកកម្មសិក្សា ឬមកធ្វើការសិក្សាស្រាវជ្រាចធ្វើនិក្ខេបបទ ដែលបច្ចុប្បន្នមន្ទីរពេទ្យមានឯកសារអ្នកជំងឺគ្រប់គ្រាន់ដើម្បីស្រាវជ្រាវ៕