(ហាណូយ)៖ ភ្លៀងធ្លាក់ដ៏ខ្លាំងក្លាដែលបានបន្តរហូតមកតាំងពីថ្ងៃសៅរ៍ សប្តាហ៍មុនមួយទៀតនោះបានផ្តាច់យកជីវិតមនុស្សចំនួន ២៤នាក់នៅភាគកណ្តាលប្រទេសវៀតណាម។ នេះបើតាមនាយកដ្ឋានបង្ការ និងគ្រប់គ្រងគ្រោះមហន្តរាយធម្មជាតិ ដែលចេញផ្សាយដោយទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួរ នៅមុននេះបន្តិចនារសៀលថ្ងៃចន្ទ ទី១៩ ខែធ្នូ ឆ្នាំ២០១៦។
គិតត្រឹមរសៀលថ្ងៃចន្ទនេះ នៅក្នុងចំណោមមនុស្សស្លាប់ទាំង ២៤នាក់ខេត្ត Binh Dinh ភាគកណ្តាលប្រទេសវៀតណាមបានរាយការណ៍ អំពីតួលេខច្រើនជាងគេបង្អស់គឺដល់ទៅ ១៦នាក់, ខេត្ត Thua Thien-Hue មានអ្នកបាត់បង់ជីវិតប្រាំនាក់, ខេត្ត Khanh Hoa មានពីរនាក់, និងខេត្ត Phu Yen មានម្នាក់ ខណៈមនុស្សប្រមាណជា ១៦នាក់ទៀតបានទទួលរងបួស ហើយពីរនាក់ផ្សេងនៅតែបន្តបាត់ខ្លួននៅឡើយ។
ជាមួយគ្នានេះដែរជំនន់ទឹកភ្លៀងនេះបានហូរនាំយកផ្ទះចំនួន ៣៣២ខ្នង, ធ្វើឲ្យខូចខាតចំនួន ១១៨ខ្នង, និងបណ្តាលឲ្យជន់លិច ៦,១៥០ខ្នង ខណៈមនុស្សសរុបចំនួន ៥,៨៩២គ្រួសារបានបង្ខំចិត្តជម្លៀសខ្លួនពីលំនៅឋានរបស់ពួកគេ។ បន្ថែមពីនេះទៀតវាលស្រែទំហំ ១៩,១២៨ហិកតា, ផ្ទៃដីចម្ការទំហំ៩,៨០៦ហិកតា, រួមនិងព្រៃឈើទំហំ ៣,៧៧៨ហិកតាត្រូវបានលិចលង់នៅក្រោមទឹកជន់ផងដែរ។ ទន្ទឹមនឹងនេះសត្វគោក្របីប្រមាណ១,៣៨០ក្បាល និងមាន់ទាចំនួន ៦២,៣៤៦ក្បាលបានងាប់ក៏ដូចជាកួចទៅតាមទឹកថែមទៀតផង។
គួរបញ្ជាក់ថា បើយោងតាមការប៉ាន់ស្មានរបស់នាយកដ្ឋានខាងលើ ទំហំនៃការបំផ្លិចបំផ្លាញដោយការធ្លាក់ភ្លៀងរយៈពេល ០៨ថ្ងៃជាប់គ្នានៅភាគកណ្តាលប្រទេសវៀតណាមនេះសរុបគិតជាទឹកប្រាក់ចំនួន ៧៨៣ពាន់លានដុង ដែលស្មើនឹង ៣៥.១១លានដុល្លារសហរដ្ឋអាមេរិក៕