(ពោធិ៍សាត់)៖ យ៉ាងហោចណាស់ មានមនុស្សស្លាប់ម្នាក់ និងរបួសធ្ងន់ស្រាល៧នាក់ ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ បង្កដោយរថយន្តសាំយ៉ុង ដែលបានព្រលះ ម៉ូតូសន្តោងរ៉ឺម៉ក ខណៈកំពុងបត់ឆ្វេង ក្នុងទិសដៅបញ្ច្រាស់ទិសគ្នា។
ហេតុការណ៍នេះកើតឡើងនៅព្រឹក ថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៦នេះ នៅលើកំណាត់ផ្លូវជាតិលេខ៥ ចន្លោះបង្គោលគីឡូម៉ែត្រលេខ ១៣៥ និង១៣៦ ស្ថិតក្នុងភូមិក្បាលដំរី ឃុំអន្សាចំបក់ ស្រុកក្រគរ ខេត្តពោធិ៍សាត់។
លោក ឯម រុន អធិការនគរបាលស្រុកក្រគរ បានប្រាប់ Fresh News ឲ្យដឹងថា គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ បង្កដោយរថយន្តម៉ាកសាំយ៉ុង ព័ណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AJ-0437 បើកបរដោយបុរសមិនស្គាល់អត្តសញ្ញាណ បានបើកពីលិចទៅកើត លុះដល់ចំណុចកើតហេតុខាងលើ បានបុកជាមួយម៉ូតូរ៉ឺម៉កកង់បី កូរ៉េC100 ពណ៌ក្រហម ពាក់ស្លាកលេខ ភ្នំពេញ1BH-9464 បើកពីកើតទៅលិច ដែលកំពុងបត់ឆ្វេង បណ្តាលឲ្យអ្នកបើកបរម៉ូតូរ៉ឺម៉កស្លាប់ភ្លាម នៅនឹងកន្លែងកើតហេតុ រីឯអ្នករួមដំណើរ រងរបួសធ្ងន់ ៤នាក់ និងរងរបួសស្រាល៣នាក់។
លោកអធិការបានបន្តថា អ្នកស្លាប់ និងជនរងគ្រោះទាំងអស់ ជាប្រជាពលរដ្ឋរស់នៅស្រុកបរិបូរណ៌ ខេត្តកំពង់ឆ្នាំង បច្ចុប្បន្នជនរងគ្រោះទាំង៧នាក់ ត្រូវបានកម្លាំងនគរបាលមូលដ្ឋាន បញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យស្រុកបរិបូរណ៌ ខេត្តកំពង់ឆ្នាំងហើយ។
ចំពោះវត្ថុតាង រថយន្ត និងម៉ូតូរ៉ឺម៉កកង់បី ត្រូវបានយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកក្រគរ រីឯអ្នកបើកបររថយន្តសាំយ៉ុងដាក់មេប្រូចបាត់ស្រមោល អ្នកស្លាប់ត្រូវបានក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕