(ភ្នំពេញ)៖ លោក ម៉ឹង មករា ប្រធានក្រុមការងារជនបង្គោលយុវជន ស្រុកជើងព្រៃ តំណាងលោក ហ៊ុន ម៉ាណែត នៅព្រឹកថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៦នេះ ចុះជួបសំណេះសំណាលជាមួយប្រជាកសិករទូទាំងស្រុកជើងព្រៃ ខេត្តកំពង់ចាម ដើម្បីជួយដោះស្រាយរាល់បញ្ហា ដំណាំរបស់កសិករ ពីក្រុមអ្នកឯកទេស ការពារដំណាំស័្មគ្រចិត្ត យុវជនស្រុក។
តំណាងក្រុមអ្នកឯកទេសដំណាំ ស័្មគ្រចិត្ត យុវជនស្រុកជើងព្រៃ បានលើកឡើងថា ចាប់ពីខែមករា ឆ្នាំ២០១៦មក រហូតមកដល់បច្ចុប្បន្នក្រុមឯកទេសការពារដំណាំបានចុះបណ្ដុះបណ្ដាល អំពីសុវត្ថិភាពក្នុងការប្រើប្រាស់ ជី ថ្នាំ កសិកម្មដល់យុវជន និងប្រជាកសិករក្នុងស្រុកជើងព្រៃ ព្រមទាំងបានចែកជូននូវជី ថ្នាំ ឲ្យកសិករយកទៅប្រើប្រាស់លើដំណាំជាក់ស្ដែង។
ក្នុងនោះដែរ ក្រុមអ្នកឯកទេសដំណាំ កំពុងរៀបចំបញ្ជូនប្រជាកសិករជាសមាជិក ដោយក្រោយពីចូលជាសមាជិករួចមក កសិករនឹងទទួលបានផលប្រយោជន៍៨យ៉ាងដូចជា ទី១៖មានជំនាញកសិកម្មទំនើប ទី២៖មានសួនបន្លែ និងសត្វចិញ្ចឹមតាមធម្មជាតិបរិភោគក្នុងគ្រួសារ ទី៣៖មានទីផ្សារលក់ទាំងកសិផល និងសត្វចិញ្ចឹម ទី៤៖មានប្រាក់ចំណូលបង្កើនសេដ្ឋកិច្ចគ្រួសារ ទី៥៖មានការងារនៅតាមភូមិឃុំ មិនចំណាក់ស្រុក ទី៦៖ មានសុខភាពល្អក្នុងគ្រួសារ និងបរិដ្ឋានក្នុងភូមិឃុំ ទី៧៖មានជំនួយឧបត្ថម្ភ ដើម្បីពង្រីក មុខរបរកសិកម្មគ្រួសារ និងទី៨៖ មានសមាជិកភាពជាមួយ សកក៤ ធ្វើឲ្យគ្រួសាររុងរឿង៕