(ភ្នំពេញ)៖ លោក វង សូត រដ្ឋមន្រ្តីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានបញ្ជាក់ឲ្យដឹងថា ក្រសួងសង្គមកិច្ច និងរាជរដ្ឋាភិបាលកម្ពុជា នឹងបន្តគាំទ្រសកម្មភាពជួយកុមារ របស់អង្គការ អេសអូអេស ខេឌីអាយ អន្តរជាតិ (SOS KDI) នៅកម្ពុជា។ លោក វង សូត បានបន្ថែមថា អង្គការ អេសអូអេស ខេឌីអាយ អន្តរជាតិនេះកន្លងមក បានជួយគាំទ្រសកម្មភាពជួយកុមារកម្ពុជា ទាំងក្នុង និងក្រៅសហគមន៍ ដែលនេះជាសកម្មភាពល្អ បើប្រៀបធៀបទៅនឹងអង្គការ និងមណ្ឌលមួយចំនួនទៀត។

ការលើកឡើងរបស់រដ្ឋមន្រ្តី វង សូត បានធ្វើឡើង ក្នុងកិច្ចពិភាក្សាការងាររវាងលោក ជាមួយ លោក ស៊ីដាថា ខូល ប្រធានអង្គការ អេសអូអេស ខេឌីអាយ អន្តរជាតិ (SOS KDI) និងមន្រ្តីពាក់ព័ន្ធមួយចំនួនទៀត នៅថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៦ នៅទីស្តីការក្រសួង។

លោក វង សូត រដ្ឋមន្រ្តីក្រសួងសង្គមកិច្ច បានបន្ថែមឲ្យដឹងថា លោក គាំទ្រ និងឯកភាពលើសំណើរបស់ លោក ស៊ីដាថា ខូល ប្រធានអង្គការ អេសអូអេស ខេឌីអាយ អន្តរជាតិ ហើយលោករដ្ឋមន្រ្តី ក៏បានគាំទ្រអង្គការអេសអូអេស ដែលមានគម្រោងបង្កើត សាលារៀន និងភូមិកុមារ អេសអូអេស បន្ថែមទៀតក្នុងពេលឆាប់ៗនេះផងដែរ។

ជាការឆ្លើយតប លោក ស៊ីដាថា ខូល ប្រធានអង្គការ អេសអូអេស ខេឌីអាយ អន្តរជាតិ បានថ្លែងអំណរគុណដល់លោក វង សូត រដ្ឋមន្រ្តីក្រសួងសង្គមកិច្ច និងរាជរដ្ឋាភិបាលកម្ពុជា ដែលបានគាំទ្រ និងចូលរួមចំណែកជួយកុមារនៅកម្ពុជា។

លោក ស៊ីដាថា ខូលថា អង្គការនេះ នឹងបន្តជួយកម្ពុជាទៀត ប៉ុន្តែក្នុងគម្រោងនេះ អង្គការ នឹងជួយខេត្តព្រៃវែងជាមុនសិន ហើយគ្រោងនឹងជួយ៨ខេត្តបន្ថែមទៀត ប៉ុន្តែរង់ចាំលើកញ្ចប់ថវិការបស់អង្គការSOS KDI ជាមុនសិន។

ប្រធានអង្គការ អេសអូអេស ខេឌីអាយ អន្តរជាតិ បានសម្តែងការសាទរ និងអរគុណដល់រាជរដ្ឋាភិបាលកម្ពុជា និងក្រសួងសង្គមកិច្ច ហើយលោក ជឿជាក់ថា គម្រោងនេះ នឹងកាន់តែរីកចំរើនបន្ថែមទៀត។

គួរបញ្ជាក់ថា ក្រសួងសង្គមកិច្ច និងអង្គការអេសអូអេស ខេឌីអាយ អន្តរជាតិ (SOS KDI) បានចុះអនុស្សារណៈយោគយល់គ្នា ចុះថ្ងៃទី២២ ខែមករា ឆ្នាំ១៩៩៩ ដើម្បីជួយដល់កុមារនៅប្រទេសកម្ពុជា៕