(ភ្នំពេញ)៖ លោក ពេជ សោភ័ន រដ្ឋលេខាធិការក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានបញ្ជាក់ថា រដ្ឋាភិបាលនៃសាធារណរដ្ឋឥណ្ឌា គ្រោងជួយ​បន្តកសាងអភិវឌ្ឍន៍មជ្ឈមណ្ឌលបណ្ដុះបណ្ដាលវិជ្ជាជីវៈមួយ ក្នុងខេត្តតាកែវ គឺវិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោ ហ៊ុន សែន តាកែវ​ ដើម្បីបណ្ដុះបណ្ដាលជំនាញសំខាន់ៗ ចំនួន៣ ដល់និស្សិតកម្ពុជា ពិសេសលើជំនាញសហគ្រិនភាព។​

ការលើកឡើងបែបនេះ ត្រូវបានធ្វើឡើងក្រោយបញ្ចប់ជំនួបពិភាក្សាការងារជាមួយ លោក ណាវិន ស្រីវ៉ាតាវ៉ា ឯកអគ្គរដ្ឋទូតឥណ្ឌាប្រចាំកម្ពុជា នៅថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៦ នាទីស្ដីការក្រសួងការងារ។

លោក ពេជ សោភ័ន បានឲ្យដឹងថា «ជំនាញសំខាន់ៗទាំង៣ ដែលឥណ្ឌាមានបំណងចង់ជួយជ្រោមជ្រែងដល់កម្ពុជានោះ រួមមាន៖ ទី១.ជំនាញ​អក្សរសាស្រ្តអង់គ្លេស,​ ទី២.ជំនាញសហគ្រិនភាព ដើម្បីបណ្ដុះបណ្ដាលយុវជន និងនិស្សិតកម្ពុជា ឲ្យចេះចាប់យកឱកាសបង្កើតអាជីវកម្ម ​មុខរបររកស៊ី,និងទី៣.ជំនាញការងារមួយចំនួន ដែលទីផ្សារការងារបច្ចុប្បន្ន កំពុងត្រូវការជាចាំបាច់ ដូចជាជំនាញកុំព្យួទ័រ ព័ត៌មានវិទ្យាជាដើម»។​

លោករដ្ឋលេខាធិការ បានបន្តថា គម្រោងអភិវឌ្ឍន៍ជំនាញក្នុងវិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោ ហ៊ុន សែន ខេត្តតាកែវនេះ​ ភាគីកម្ពុជា​បានចូលរួមផ្ដល់នូវអគារសិក្សា គ្រូបណ្ដុះបណ្ដាល និងមន្រ្តីជំនាញមួយចំនួន សម្រាប់ធ្វើការជាមួយភាគីឥណ្ឌា ហើយក្រៅពីនេះ​ ជាបន្ទុករបស់​​ភាគីឥណ្ឌាដែលសុទ្ធតែជំនួយឥតសំណងទាំងអស់ ប៉ុន្តែការងារទាំងនេះ ស្ថិតក្នុងកិច្ចពិភាក្សារួមគ្នានៅឡើយរវាងភាគីកម្ពុជា​ និងភាគីឥណ្ឌា។​

លោកបន្តថា ការងារទាំងនេះ សុទ្ធតែជាគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានគោលដៅអភិវឌ្ឍន៍ប្រទេស ឲ្យទទួលបាន​ចំណូលមធ្យមកម្រិតខ្ពស់ នៅឆ្នាំ២០៣០ ខណៈបច្ចុប្បន្ន កម្ពុជាជាប្រទេសមានចំណូលមធ្យមកម្រិតទាប។​

ក្រៅពីជំនួយលើគម្រោងខាងលើ រដ្ឋាភិបាលឥណ្ឌាបានជួយឧបត្ថម្ភសម្ភារៈមួយចំនួន ដល់វិទ្យាស្ថានសហគ្រិនភាពកម្ពុជា​-ឥណ្ឌា ក្នុងរាជធានីភ្នំពេញ​ និងបានផ្ដល់កុំព្យួទ័រមួយចំនួន ដល់វិទ្យាស្ថានជាតិពាណិជ្ជសាស្រ្តផងដែរ ដែលនឹងត្រូវបើកសម្ពោធក្នុងពេលខាងមុខ ហើយវិទ្យាស្ថានទាំងពីរនេះ​ ត្រូវបានលោកបណ្ឌិត ពេជ សោភ័ន បញ្ជាក់ថា មានទាំងនិស្សិតឥណ្ឌូណេស៊ី និងហ្វីលីពីន មកសិក្សាជាមួយនិស្សិតកម្ពុជា ទៀតផង។​

សូមជម្រាបថា វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោ ហ៊ុន សែន ខេត្តតាកែវ ត្រូវបានបង្កើតឡើងនៅឆ្នាំ២០១២ ហើយបច្ចុប្បន្ន មាននិស្សិតមកពី​​ទូទាំងខេត្តតាកែវ និងមកពីខេត្តជុំវិញ ចូលសិក្សាមានចំនួនសរុប ៦០០នាក់។ ដោយឡែក ក្រៅពីវិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោ ហ៊ុន សែន​ ខេត្តតាកែវខាងលើ កម្ពុជាមានមជ្ឈមណ្ឌលបណ្ដុះបណ្ដាលចំនួន ៤ភូមិភាគទៀត គឺមានភូមិភាគបាត់ដំបង ភូមិភាគសៀមរាប ភូមិភាគកំពត​ និងភូមិភាពស្វាយរៀង៕​