(ព្រះសីហនុ)៖ ឃាតកចិត្តកំណាចសម្លាប់ប្រពន្ធ និងកូនតូចអាយុ២ឆ្នាំ ពេលនេះកម្លាំងនគរបាលខេត្តព្រះសីហនុ ចាប់ខ្លួនបានហើយនៅផ្លូវទៅអូរឈើទាល នាវេលាម៉ោងប្រមាណ១១ព្រឹកថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៦នេះ ស្ថិតក្នុងក្រុងព្រះសីហនុ ហើយកម្លាំងជំនាញបានរំដោះបានកូនប្រុសម្នាក់ទៀត ដែលជនសង្ស័យយកទៅជាមួយ និងដកហូតបានរថយន្ដម៉ាក Corola មួយគ្រឿង ពាក់ស្លាកលេខភ្នំពេញ 2T-1565។
លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ បានប្រាប់អង្គភាព Fresh Newsឲ្យដឹងថា ក្រោយពេលមានអំពើឃាតកម្ម និងមានសេចក្ដីរាយការណ៍ពីស្នងការនគរបាលខេត្តកំពត លោកឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធិ ហើយពេលនោះកម្លាំងអន្ដរាគមន៍របស់លោក បានបើករថយន្ដដេញគៀរជនជាឃាតក ទើបឃាត់ខ្លួនបាន។
លោកស្នងការខេត្តព្រះសីហនុ បញ្ជាក់ថា បច្ចុប្បន្នជនសង្ស័យកម្លាំងជំនាញរបស់លោក កំពុងធ្វើការសួរនាំនៅស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ដើម្បីបំពេញសំណុំរឿងបញ្ជូនទៅនគរបាលខេត្តកំពតវិញ ហើយក្រោយសួរនាំជនសង្ស័យនេះ មិនមានជាមនុស្សសរសៃប្រសាទដូចការសិន្នដ្ឋានដំបូងឡើយ។
សូមបញ្ជាក់ថា នៅព្រឹកទៀបភ្លឺ ថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៦នេះ នៅភូមិទ្វីខាងជើង សង្កាត់អណ្តូងខ្មែរ ក្រុងកំពត ខេត្តកំពត មានអំពើឃាតកម្ម បានបង្កឲ្យមានការតក់ស្លុត និងភ្ញាក់ផ្អើល ដោយបុរសម្នាក់ បានប្រើចបវាយសម្លាប់ប្រពន្ធ និងកូនប្រុសអាយុទើប២ឆ្នាំរបស់ខ្លួន បណ្តាលឲ្យស្លាប់ភ្លាមៗ នៅកន្លែងកើតហេតុ។
មន្រ្តីនគរបាលមូលដ្ឋានក្រុងកំពត បានឲ្យដឹងថា ជនបង្កមាន ឈ្មោះ អ៊ុ រស្មី ហៅ ហ្សូ អាយុ៣៥ឆ្នាំ មុខរបរ ជាស្មៀនឃុំកោះតូច នៅភូមិទ្វីខាងជើង សង្កាត់អណ្តូងខ្មែរ ក្រុងកំពត បានសម្លាប់ប្រពន្ធ ឈ្មោះម៉ក់ សារ៉ាយ អាយុ២៤ឆ្នាំ និងកូនប្រុសឈ្មោះថា រដ្ឋពិសិដ្ឋ អាយុ២ឆ្នាំ៕