(ភ្នំពេញ)៖ នៅឆ្នាំ២០២០ ខាងមុខនេះ អ្នកដំណើរឆ្លងកាត់អាកាសយានដ្ឋាន អន្ដរជាតិភ្នំពេញ អាចនឹងឡើងលើស៤.២លាននាក់ ខណៈដែលចំនួនអ្នកដំណើរឆ្លងកាត់ អាកាសយានដ្ឋានអាកាសយានដ្ឋានសៀមរាបវិញ ទំនងនឹងជាកើនឡើងដល់ទៅ ៥លាននាក់ដែរ។
នេះគឺជាការព្យាករណ៍ថ្មីរបស់ លោក ម៉ៅ ហាវណ្ណាល់ រដ្ឋលេខាធិការនៃរដ្ឋលេខាធិការដ្ឋាន អាកាសស៊ីវិលនៅក្នុងវេទិកាយុវជន ស្ដីពី «វិស័យអាកាសចរស៊ីវិល និងឱកាសការងារនៅកម្ពុជា» នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា នាព្រឹកថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៦។ វេទិកានេះ ក៏មានការចូលរួមពីសំណាក់ លោក ហ៊ុន ម៉ាណែត នាយករងសេនាធិការចំរុះនៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជារការរង កងទ័ពជើងគោកផងដែរ។
លោក ម៉ៅ ហាវណ្ណាល់ បានថ្លែងថា «ក្នុងឆ្នាំ២០២០ ខាងមុខនេះ ចំនួនអ្នកដំណើរឆ្លងកាត់អាកាសយានដ្ឋាន អន្ដរជាតិភ្នំពេញត្រូវបាន ព្យាករណ៍ថា កើនឡើងលើស៤.២លាននាក់ និងចំនួនអ្នកដំណើរឆ្លងកាត់អាកាសយានដ្ឋានអាកាសយានដ្ឋានសៀមរាប នឹងកើនឡើង ដល់ទៅ៥លាននាក់»។
លោកបានបន្ថែមថា បានថ្លែងថា បច្ចុប្បន្នអាកាសយានដ្ឋានអន្ដរជាតិមានចំនួន៣ គឺអាកាសយានដ្ឋានក្រុងព្រះសីហនុ អាកាសយានដ្ឋានភ្នំពេញ និងអាកាសយានដ្ឋានក្រុងសៀមរាប។អាកាសយានដ្ឋានទាំង៣របស់កម្ពុជា កំពុងបម្រើសេវាកម្មដល់ក្រុមហ៊ុនអាកាសចរណ៍ បរទេសចំនួន៣០ក្រុមហ៊ុន និងក្រុមហ៊ុនក្នុងស្រុកចំនួន៤ ដែលធ្វើការហោះហើរចេញចូលប្រទេសកម្ពុជា ជាង២០០ជើងក្នុង១ថ្ងៃ។
លោកបានឲ្យដឹងទៀតថា «រយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ការដឹកជញ្ជូនតាមផ្លូវអាកាសបាននឹងកំពុងដើរតួនាទីយ៉ាងសំខាន់ ក្នុងសកម្មភាពសេដ្ឋកិច្ចរបស់កម្ពុជា ហើយវិស័យនេះនៅតែជាវិស័យមួយ ដែលកំពុងលូតលាស់លឿនបំផុត»។
លោក ហ៊ុន ម៉ាណែត បានថ្លែងកោតសរសើរអំពីការខិតខំប្រឹងប្រែងជំរុញ និងទាក់ទាញភ្ញៀវទេសចរមកាន់ប្រទេសកម្ពុជា។ លោកថា «អ្នកទេសចរអន្ដរជាតិដែលមកទស្សនាកម្ពុជា បានកើនឡើងយ៉ាងឆាប់រហ័សគឺប្រមាណពី២សែននាក់ នៅក្នុងឆ្នាំ១៩៩៧ រហូតដល់ជាង ៤.៧លាននាក់ នៅក្នុងឆ្នាំ២០១៥។ ហើយបើតាមការព្យាករណ៍របស់ក្រសួងទេសចរណ៍ កម្ពុជាបានរំពឹងថានឹងមានការកើនឡើង ភ្ញៀវទេសចរអន្ដរជាតិរហូតដល់ ៧លាននាក់ក្នុងឆ្នាំ២០២០»។
លោកបានថ្លែងបន្ដទៀតថា វិស័យអាកាសចរណ៍ស៊ីវិល មិនត្រឹមតែនាំមកនូវផលប្រយោជន៍ផ្នែកសេដ្ឋកិច្ចនិងការងារប៉ុណ្ណោះទេ តែថែមទាំងជាស្ពានចម្លងវប្បធម៌ និងប្រជាពលរដ្ឋនានាលើពិភពលោកផងដែរ។ លោកបានបន្ថែមថា វិស័យអាកាសចរស៊ីវិល និងឱកាសការងារនៅកម្ពុជា ពិតជាមានសារសំខាន់ និងស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល ដែលតែងតែយកចិត្តទុកដាក់ក្នុងការបង្កើត ឱកាសការងារថ្មីៗជូនដល់យុវជន តាមរយៈការអភិវឌ្ឍន៍វិស័យឧស្សាហកម្ម ព្រមទាំងជំរុញការអភិវឌ្ឍ យុវជនទាំងខាងចំណេះដឹង ចំណេះធ្វើ សុខភាពផ្លូវកាយ ផ្លូវចិត្ត និងសីលធម៌ដើម្បឲ្យក្លាយជាកម្លាំងស្នូលបន្ដវេន របស់ជាតិប្រកបដោយថាមពល។
របាយការណ៍របស់រដ្ឋលេខាធិការដ្ឋានអាកាសស៊ីវិល បានឱ្យដឹងថា ឆ្នាំ២០១៥ អាកាសយានដ្ឋានភ្នំពេញ បានទទួលអ្នកដំណើរជាង ៣ពាន់លានាក់កើនឡើង១៥.៥ភាគរយ បើធៀបនឹងឆ្នាំ២០១៤ អាកាសយានដ្ឋានសៀមរាប បានទទួលអ្នកដំណើរជាង ៣.៣លាននាក់ កើនឡើង៩ភាគរយ។ បើធៀបនឹងឆ្នាំ២០១៤ សរុបមកក្នុងឆ្នាំ២០១៥ កម្ពុជាបានទទួលអ្នកដំណើរតាមផ្លូវអាកាសចំនួន៦.៣លាននាក់ មកពីអាកាសយានដ្ឋានចំនួន១៩៩ នៃ៤៣ប្រទេស ហើយបានកើនឡើងជាង១២ភាគរយ បើប្រៀបធៀបទៅនឹងឆ្នាំ២០១៤៕