(ភ្នំពេញ)៖ គិតត្រឹមវេលាម៉ោងជាង១១ ព្រឹកថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៦នេះ កម្លាំងសមត្ថកិច្ចជាច្រើននាក់ បាននិងកំពុងចុះទៅធ្វើកោសល្យវិច័្ចយ នៅក្លឹប Epic ដែលរងការបាញ់រះជិត១០គ្រាប់ នៅព្រឹកទាបភ្លឺនេះ ពីសំណាក់ជនមិនស្គាល់អត្តសញ្ញាណ។
សូមបញ្ជាក់ថា ករណីបាញ់ប្រហារ៩គ្រាប់សំដៅចូល ក្លឹប Epic ដែលមានទីតាំងស្ថិតនៅក្បែរស្ថានទូតរុស្ស៊ី សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន នៅម៉ោងប្រមាណ៣ព្រឹកទៀបភ្លឺថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៦នេះ បណ្តាលឲ្យបុរសសន្តិសុខម្នាក់រងរបួសធ្ងន់ធ្ងរនោះ ត្រូវបានមន្រ្តីនគរបាលមូលដ្ឋានបញ្ជាក់ថា គឺផ្តើមចេញពីជម្លោះបោកកែវ នៅខាងក្នុងក្លឹបកំសាន្ត។
ជាមួយគ្នានេះនាយឧត្តមសេនីយ៍ ជួន សុវណ្ណ ស្នងការនគរបាលរាជធានីភ្នំពេញ បានបញ្ជាឲ្យធ្វើការស្រាវជ្រាវ និងបើកការស៊ើបអង្កេតជាបន្ទាន់ ដោយសម្រេចបង្កើតគណ:កម្មការមួយ ធ្វើការលើករណីបាញ់ប្រហារជាង១០គ្រាប់នេះ។
មន្រ្តីនគរបាលមូលដ្ឋាន បានប្រាប់អង្គភាព Fresh News នៅព្រឹកថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៦នេះថា ករណីនេះមុនពេលកើតហេតុ ជនបង្កមានគ្នា២នាក់ ជិះម៉ូតូធំពណ៌សមួយគ្រឿង បានចូលទៅផឹកស៊ីនៅក្នុងក្លឹប ហើយពេលនោះមានជម្លោះជាមួយភាគីម្ខាងទៀត រហូតបោកកែវទៀតផង។ ក្រោយមកជននេះបានចាក ចេញពីក្លឹប លុះមួយសន្ទុះក្រោយមកក៏បើកម៉ូតូត្រឡប់មកវិញ ហើយបើកការបាញ់រះចូលទៅក្នុងក្លឹបបណ្តាលឲ្យបែកកញ្ចក់ និងបានបណ្តាលត្រូវបុរសសន្តិសុខម្នាក់ រងរបួសចំភ្នែកខាងឆ្វេង និងបាក់ជើងខាងស្តាំ។
ក្រោយបាញ់រះហើយ ជនបង្កទាំង២នាក់ បានបើកម៉ូតូគេចខ្លួនបាត់ស្រមោលតែម្តង ហើយនៅពេលនេះកម្លាំងសមត្ថកិច្ច កំពុងតែបើកការស្រាវជ្រាវផងដែរ៕