(សៀមរាប)៖ សាលាអន្តរជាតិ ស្មាធ­ឃីដ (SmartKids International School) បានរៀបចំពិធីជួបជុំ ក្នុងឱកាសសប្បាយរីករាយ នៃថ្ងៃបុណ្យណូអែលឆ្នាំនេះ អ្នកចូលរួមមាន មាតាបិតា អាណាព្យាបាល សិស្សានុសិស្ស ភ្ញៀវកិត្តិយសជាតិ-អន្តរជាតិ គណៈគ្រប់គ្រង លោកគ្រូ អ្នកគ្រូ បុគ្គលិក និងសិស្សានុសិស្ស នៃសាលាអន្តរជាតិ ស្មាធ-ឃីដ សរុបជិត៣ពាន់នាក់ នៅថ្ងៃទី១៨ ខែធ្នូ នៅសណ្ឋាគារសុខា ក្រុងសៀមរាប។

លោក សេង ឡុង នាយកសាលាអន្តរជាតិ ស្មាធ­ឃីដ បានឲ្យដឹងថាតាមការរំពឹងទុក សិស្សដែលសិក្សានៅសាលាអន្តរជាតិ ស្មាធ-ឃីដ នឹងទទួលបាននូវមូលដ្ឋានអប់រំរឹងមាំ ហើយនឹងក្លាយជាសរសរទ្រូង នៃគ្រួសារ ក៏ដូចជាធនធានដ៏មានគុណភាព និងគុណតម្លៃ សម្រាប់សង្គមជាតិ នាពេលអនាគតផងដែរ។

លោកបញ្ជាក់ថា «ពិតណាស់ក្តីស្រមៃនេះនឹងក្លាយជាការពិតបាន គឺដរាបណា និរន្តរភាពនៃកិច្ចសហការ រវាងសាលាសិស្ស អាណាព្យាបាល និងមជ្ឈដ្ឋានពាក់ព័ន្ធត្រូវបានយកចិត្តទុកដាក់ជាអាទិភាព ហើយក្នុងបណ្តាឆ្នាំកន្លងមក ការចូលរួមដ៏សកម្ម របស់អាណាព្យាបាល ក្នុងការតាមដាន ផ្តល់យោបល់កែតម្រូវ ផ្តល់កិច្ចសហការចាំបាច់ផ្សេងទៀតបានទាន់ពេល និងចំគោលដៅ ដែលជាការរួមចំណែកយ៉ាងសំខាន់ ក្នុងការធ្វើឱ្យផែនការអប់រំរបស់សាលា កាន់តែមានប្រសិទ្ធភាព ដែលញាំងឱ្យគុណភាពសិក្សារបស់កូនៗ ក្មួយៗ មានការរីកចំរើនគួរជាទីមោទនៈ»

ក្នុងនោះលោក ក៏បានថ្លែងផ្តាំផ្ញើ ដល់កូនៗ ក្នួយៗសិស្សានុសិស្សឱ្យបន្តខំសិក្សា ហើយត្រូវនៅឱ្យឆ្ងាយពីគ្រឿញៀន និងអំពើអបាយមុខគ្រប់ប្រភេទ ហើយខាងសាលា នឹងបើកដំណើរការសាលាថ្មីមួយទៀត ដែលមានឈ្មោះថា ម៉ោនធ៍ អេលីត អប់រំតាមកម្មវិធីជាតិ នៃចក្រភពអង់គ្លេស ទទួលស្គាល់ដោយក្រសួងពាណិជ្ជកម្ម និងក្រសួងអប់រំ នៃកម្ពុជា និងសាកលវិទ្យាល័យ Cambridge នាពាក់កណ្តាល ខែមករា ឆ្នាំ២០១៧ ខាងមុខ ដែលមានទីតាំងស្ថិតនៅសង្កាត់សាលាកំរើក ក្រុងសៀមរាប។

នៅក្នុងពិធីនាថ្ងៃនេះផងដែរ ក៏មានការសម្ដែងផ្ទាំងទស្សនីយភាព របាំ និងចម្រៀង ទាំងបែបសម័យ និងប្រពៃណីយជាតិ និងអន្តរជាតិ ព្រមទាំងការបង្ហាញសមត្ថភាពរបស់កូនៗ ក្មួយៗ សិស្សានុសិស្ស ក្នុងសបញ្ជាក់ឱ្យឃើញថាពួគាត់ ពិតជាបាន និងកំពុងអភិវឌ្ឍសមត្ថភាពខ្លួន ស្របទៅនឹងសមីការអប់រំរបស់សាលា ដែលចែងថា៖ គុណភាពសិស្សជាធាតុផ្សំ នៃចំណេះដឹង ចំណេះធ្វើ សីលធម៌ និងភាពមានទំនុកចិត្តលើខ្លួនឯង៕