(ភ្នំពេញ)៖ នាគ្រាដែលចូលជួបសម្តែងការគួរសម ជាមួយសម្តេច ហេង សំរិន ប្រធានរដ្ឋសភាកម្ពុជានៅព្រឹកថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៦នេះ លោកបណ្ឌិត អ៊ិនហ្គូ កាស្តិន (Dr. ingo karsten) ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋសហព័ន្ធអាលឺ្លម៉ង់ ដែលទើបតែងតាំងថ្មី បានសន្យាបន្តកិច្ចសហប្រតិបត្តិការល្អ ជាមួយស្ថាប័ននានា នៅក្នុងប្រទេសកម្ពុជា។
លោកឯកអគ្គរដ្ឋទូតអាល្លឺម៉ងថ្មី បានសន្យា បន្តសហការជិតស្និតជាមួយបណ្តាក្រសួង ស្ថាប័ន ខេត្ត ក្រុងនានា របស់កម្ពុជា ធ្វើយ៉ាងណាដើម្បីឲ្យកិច្ចសហប្រតិបត្តិការ កាន់តែស៊ីជម្រៅថែមទៀត។
បេសកកម្មការទូតថ្មីរបស់ឯកអគ្គរដ្ឋទូតនៅកម្ពុជា ពិតជាមានសារសំខាន់ខ្លាំងណាស់ ដល់ការបន្តពង្រឹងពង្រីក លើកកម្ពស់ទំនាក់ទំនង ចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ឲ្យកាន់តែរឹងម៉ាំ ខ្លាំងក្លាទ្វេដងថែមទៀត។
សូមរំលឹកថា កម្ពុជា-សហព័ន្ធអាល្លឺម៉ង់ មានទំនាក់ទំនងការទូត ជាមួយគ្នា តាំងពីចុងទស្សវត្ស៦០ ហើយទំនាក់ទំនង ដ៏ល្អនេះត្រូវបានបន្តលើកកម្ពស់កាន់តែល្អប្រសើរពី មួយថ្ងៃទៅមួយថ្ងៃ ហើយភាគីអាឡឺម៉ង់ បានរួមចំណែកយ៉ាងសកម្មក្នុង ការជួយអភិវឌ្ឍសង្គមកម្ពុជាលើវិស័យជាច្រើន ដូចជាអភិបាលកិច្ចល្អ កំណែទម្រង់ដីធ្លី ធនធានមនុស្ស សន្តិសុខស្បៀង សុខាភិបាល ហេដ្ឋារចនាសម្ព័ន្ធជនបទ និងការលើកកម្ពស់លទ្ធិប្រជាធិបតេយ្យ ជាដើម៕