(ភ្នំពេញ)៖ បន្ទាប់ពីបើកកិច្ចប្រជុំប្រមាណជាង១ម៉ោង នៅព្រឹកថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៦នេះ ព្រឹទ្ធសភា ឯកភាពទាំងស្រុងលើសេចក្តីព្រាងច្បាប់ ស្តីពីការទូទាត់ថវិកាទូទៅរបស់រដ្ឋ សម្រាប់ការគ្រប់គ្រងឆ្នាំ២០១៥ ដោយឥតកែប្រែ ចំនួន៤៥សំឡេង នៃចំនួនសមាជិកព្រឹទ្ធសភា ដែលបានចូលប្រជុំព្រឹកមិញ។
សម័យប្រជុំព្រឹទ្ធសភានេះ ត្ររូវបានធ្វើឡើង ក្រោមអធិបតភាព សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភាកម្ពុជា ដោយមានការចូលរួមពីសមាជិកព្រឹទ្ធសភាចំនួន៤៦រូបចូលរួម។
សេចក្តីព្រាងច្បាប់នេះ ត្រូវបានរដ្ឋសភានៃព្រះរាជណាចក្រកម្ពុជា អនុម័តយល់ព្រម លើកដំបូងចំនួន ៧៣សំឡេង នៃចំនួនសមាជិករដ្ឋសភាទាំងមូល នៅថ្ងៃពុធ ទី០៧ ខែធ្នូ ឆ្នាំ២០១៦ នាសម័យប្រជុំរដ្ឋសភាលើកទី៧ នីតិកាលទី៥។
សេចក្តីព្រាងច្បាប់ស្តីពី ការទូទាត់ថវិកាទូទៅរបស់រដ្ឋ សម្រាប់ការគ្រប់គ្រងឆ្នាំ២០១៥ គឺជាការឆ្លុះបញ្ចាំងអំពីលទ្ធផលនៃការអនុវត្តច្បាប់ស្តីពី ហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០១៥។ សេចក្តីព្រាងច្បាប់នេះ ត្រូវបានរៀបចំឡើងដោយគោរពទាំងស្រុង ទាំងកាលវសាន ទាំងខ្លឹមសារ តាមមាត្រា៧៨ នៃច្បាប់ស្តីពី ប្រព័ន្ធហិរញ្ញវត្ថុសាធារណៈ ដោយផ្អែកលើការបូកសរុបទិន្នន័យចំណូល និងចំណាយថវិកា ដែលត្រូវបានកត់ត្រាដោយគណនេយ្យករសាធារណៈ និងការផ្ទៀងផ្ទាត់អំពីភាពត្រឹមត្រូវនៃទិន្នន័យទាំងនេះ ជាមួយអាណាប័កពាក់ព័ន្ធ ទាំងថវិកាថ្នាក់ជាតិ និងថវិកាថ្នាក់ក្រោមជាតិ៕