(យេមែន)៖ ក្រុមមន្ត្រីយេម៉ែនបានឱ្យដឹងថា ចំនួនកងទ័ពរដ្ឋាភិបាលដែលបានស្លាប់ នៅក្នុងហេតុការណ៍វាយប្រហារដោយបំផ្ទុះគ្រាប់បែកអត្តឃាត នៅភាគខាងត្បូងទីក្រុង អាឌែន នៅថ្ងៃអាទិត្យ ម្សិលមិញបានកើនឡើងដល់ ៤៨នាក់ ខណៈ៨៤នាក់ផ្សេងទៀតបានរងរបួស ហើយដែលការវាយប្រហារនេះបានកើតឡើង តែមួយសប្ដាហ៍ប៉ុណ្ណោះ បន្ទាប់ពីការវាយប្រហារបំផ្ទុះគ្រាប់បែកអត្តឃាត របស់ក្រុម ISIS បានផ្ដាច់យកអាយុជីវិតកងទ័ពយេម៉ែន ៥០នាក់។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅព្រឹកថ្ងៃចន្ទ ទី១៩ ខែធ្នូ ឆ្នាំ២០១៦។
ប្រភពដដែលបានឱ្យដឹងទៀតថា ការវាយប្រហារខាងលើបានកើតឡើង នៅអំឡុងពេលកងទ័ពជាច្រើននាក់ កំពុងតម្រង់ជួររង់ចាំបើកប្រាក់ខែ នៅក្បែរមូលដ្ឋានយោធាមួយកន្លែងនៅក្នុងស្រុក Khor Maksar ហើយជាថ្មីម្ដងទៀតក្រុម ISIS ក៏បានចេញមុខអះអាងទទួលខុសត្រូវផងដែរ ចំពោះការវាយប្រហារដ៏អាក្រក់នេះ។
គួរបញ្ជាក់ថាគិតចាប់តាំងពីសង្រ្គាមនៅក្នុងប្រទេសយេម៉ែនផ្ទុះឡើង នៅខែមីនា ឆ្នាំ២០១៥មក មនុស្សច្រើនជាង៧,០០០នាក់ហើយបានបាត់បង់ជីវិត ក្នុងនោះពាក់កណ្ដាលគឺជាជនស៊ីវិល រីឯប្រជាជនយេម៉ែនរាប់សែននាក់ជាពិសេសកុមារបាននិងកំពុងប្រឈមមុខយ៉ាងធ្ងន់ធ្ងរ នឹងវិបត្តិមនុស្សជាតិដ៏អាក្រក់បំផុត៕