(ត្បូងឃ្មុំ)៖ មានសុខសន្តិភាព ស្ថិរភាពនយោបាយ និងសិទ្ធិសេរីភាពគ្រប់បែបយ៉ាង ទើបយើងមានឱកាសស្មើគ្នាក្នុងការរកស៊ី លេងកីឡា សប្បាយរីករាយដូចថ្ងៃនេះ ដោយមិនប្រកាន់ពូជសាសន៍ សាសនា និន្នាការនយោបាយឡើយ នេះជាការលើកឡើងរបស់លោកឧញ៉ា លី វាសនា អគ្គនាយកក្រុមហ៊ុនវាសនាម៉ារីយ៉ា អ៊ិនវេសមេនគ្រុប និងជាប្រធានអង្គការមូលនិធិមូស្លីមកម្ពុជា ក្នុងឱកាសដែលលោកឧញ៉ា និងលោកស្រី អញ្ជើញជាអធិបតីបិទ ការប្រកួតកីឡាបាល់ទាត់មហាជន និងយុវជន នៅភូមិត្រពាំងខ្លា ឃុំរការពប្រាំ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ នាថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៦។
ថ្លែងទៅកាន់ក្រុមកីឡាករ និងអ្នកចូលរួមទស្សនា ក្នុងឱកាសនោះលោកឧញ៉ា លី វាសនា បានលើកឡើងថាកីឡា មិនត្រឹមតែលេងដើម្បីសុខភាពប៉ុណ្ណោះទេ គឺវាអាចបន្ថែមការរិតចំណងសាមគ្គីភាព មិត្តភាពឲ្យកាន់តែមានភាពប្រសើរឡើង និងថែមទាំងជួយលើកស្ទួយកិត្តិយសភូមិ ឃុំ ស្រុករបស់យើងថែមទៀត ជាងនេះទៅទៀតកីឡា ក៏ជាស្ពានសម្រាប់លើកស្ទួយកេរ្តិ៍ឈ្មោះ ប្រទេសជាតិយើងលើឆាកអន្តរជាតិថែមទៀតផង។ ហេតុដូចនេះហើយទើបរូបលោក និងភរិយា បានផ្តួចផ្តើមអោយមានកម្មវិធីប្រកួតកីឡានេះឡើង។
ជាមួយគ្នានោះ លោកឧញ៉ាក៏បានផ្តាំផ្ញើដល់ក្រុមកីឡាករ និងបងប្អូនដែលចូលរួមទស្សនាទាំងអស់ ត្រូវរួមសាមគ្គីគ្នាថែរក្សាសន្តិសុខ ស្ថិរភាពក្នុងមូលដ្ឋានរបស់ខ្លួន ដើម្បីជាប្រយោជន៍ដល់ពលរដ្ឋទាំងអស់គ្នា ក្នុងការប្រកបរបររកស៊ីចិញ្ចឹមជីវិត ដោយកុំចាញ់ឧបាយកលជនឈ្លៀតឱកាសបោកប្រាស ព្រោះសព្វថ្ងៃរាជរដ្ឋាភិបាល បានផ្តល់សិទ្ធិសេរីភាព គ្រប់បែបយ៉ាងដល់ប្រជាជនគ្រប់រូប ពិសេសបងប្អូនខ្មែរឥស្លាម។
ការប្រកួតបាល់ទាត់មហាជនដែលផ្តួចផ្តើម ដោយលលកឧញ៉ា លី វាសនា និងលោកស្រី ម៉ាន ម៉ារីយ៉ាន គឺមានក្រុមកីឡាករមកចូលរួមចំនួន១២ក្រុម ដោយក្រុមទទួលជយលាភីលេខ១ មាន៣ក្រុម ក្នុងមួយក្រុមជូនថវិកា មួយលានរៀល សរុប៣លានរៀល ពាន១ បាល់១ ខោអាវកីឡា មួយឈុតក្នុងមួយក្រុមៗ។ ចំណែកលេខ២ មាន៣ក្រុម ក្នុងមួយក្រុមជូនថវិកា ចំនួនប្រាំសែនរៀល សរុប១,៥០០,០០០រៀល និងទង់កិត្តិយស១ បាល់១ ខោអាវកីឡាមួយឈុតក្នុងមួយក្រុមៗ និងក្រុមដែលចាញ់ការប្រកួត ក៏បានទទួលខោអាវកីឡា ក្នុងមួយក្រុមមួយឈុតផងដែរ ព្រមទាំងមានថវិកាជួយ ដល់គណៈកម្មធិការៀបចំការប្រកួត អាជ្ញាកណ្តាល ពិធីករ អាជ្ញាធរដែនដី ប្រជាការពារ ហាកីម (មេដឹកនាំឥស្លាមភូមិ) និងផ្សេងៗជាច្រើន។
បើតាមគណៈកម្មការរៀបចំ បានឲ្យដឹងថា លោកចង់ឲ្យមានការរៀបចំប្រកួតបែបនេះជា ញឹកញ៉ាប់ដើម្បីឲ្យវិស័យកីឡានៅខេត្តត្បូងឃ្មុំ មានភាពរីកចម្រើន ប្រយោជន៍ចូលរួមការប្រកួតប្រជែង នៅថ្នាក់ជាតិទទួលបានចំណាត់ថ្នាក់ល្អ ខណៈការប្រកួតកីឡាជាតិលើកទីមួយ នាពេលថ្មីៗនេះខេត្តត្បូងឃ្មុំ មិនបានមេដាយមួយនឹងគេនោះ៕