(ភ្នំពេញ)៖ គណបក្សប្រជាជនកម្ពុជា បានសម្រេចបោះឆ្នោតជ្រើសតាំង លោក នៃ ប៉េណា ជាប្រធានគណៈកម្មាធិការត្រួតពិនិត្យ នៃគណៈកម្មាធិការកណ្តាល ជំនួស លោក សាយ ភូថង ដែលទទួលមរណភាព។ នេះបើតាមសេចក្តីប្រកាសលទ្ធផល សន្និបាតគណៈកម្មាធិការកណ្តាល របស់គណបក្សប្រជាជនកម្ពុជា។
ការបោះឆ្នោតនេះ ត្រូវបានធ្វើឡើងនៅក្នុងសន្និបាត គណៈកម្មាធិការកណ្តាល នៅមជ្ឈមណ្ឌលពិព័រណ៍ និងសន្និបាតកោះពេជ្រ រយៈពេល២ថ្ងៃ នៅថ្ងៃទី១៧ និង១៨ ខែធ្នូ ឆ្នាំ២០១៦នេះ។
លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា បានឱ្យដឹងថា ការកែសម្រួលសមាសភាពគណៈកម្មាធិការត្រួតពិនិត្យនាពេលនេះ ក៏ដើម្បីពង្រឹងកិច្ចការនៅក្នុងបក្ស និងត្រួតពិនិត្យសកម្មភាពមន្រ្តីCPP នៅតាមមូលដ្ឋានផងដែរ៕