(ខេត្តឧត្តរមានជ័យ)៖ ក្រុមជំនួយការលោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត នៅថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៦នេះ បាននាំយក សម្ភារសំណង់មួយចំនួន ដែលជាអំណោយរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា និងសម្តេចកត្តិព្រឹទ្ធិ បណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន តាមរយៈលោក ហ៊ុន ម៉ាណែត ប្រគល់ជូនអង្គភាពចំណុះកងពលធំអន្តរាគមន៍លេខ២។
សម្ភារទាំងនោះរួមមាន ស៊ីម៉ង់តិ៍២០តោន ជូនកងពលតូចអន្តរាគមន៍លេខ៤ ស្ថិតក្នុងស្រុកបន្ទាយអំពិល, ស៊ីម៉ង់តិ៍១០តោន ស័ង្កសី១,០០០ស្លឹក ជូនកងវរសេនាតូចរៀបរយលេខ២៦១ និងកងវរសេនារូចលេខ២៦៤, ស៊ីម៉ង់តិ៍១០តោន ស័ង្កសី១,០០០សន្លឹក ជូនដល់ទីបញ្ជាការកងពលតូចអន្តរាគមន៍លេខ៦ ស្ថិតក្នុងស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ។
ក្នុងជំនួបសំណេះសំណាល លោកវរសេនីយ៍ឯក មែ សីុថន ជំនួយការ លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានបញ្ជាក់ថា សម្ភារសំណាង់ទាំងនេះ គឺជាអំណោយរបស់សម្តេចទាំងពីរ ឆ្លើយតបទៅនឹងតម្រូវការ របស់អង្គភាពដែលបានស្នើឡើងតាមរយៈ លោក ហ៊ុន ម៉ាណែត ក្នុងពេលលោកចុះសាកសួរទុក្ខនាយទាហាន និងពលទាហានដោយផ្ទាល់ នៅតាមអង្គភាពនានាកាលពីពេលថ្មីៗនេះ។
ក្រៅពីអំណោយផ្សេងៗ ដែលធ្លាប់បានផ្តល់ឲ្យកន្លងមក អំណោយសម្ភារសំណង់បន្ថែមជូនលើកនេះ នឹងបានបំពេញនូវកង្វះខាតចំពោះមុខថែមទៀត ក្នុងការសាងសង់អគារធ្វើការដែលទើបសង់បាន ៤០ភាគរយ (កងពលលេខ៤) ការកសាង និងជួសជុលរោងបាយ សាលប្រជុំ (កងពលលេខ៦ និងអង្គភាពចំណុះ)។
ជាមួយគ្នានោះដែរ ឧត្តមសេនីយ៍ត្រី ឆេង យ៉ាន្នី មេបញ្ជាការរង និងជានាយសេនាធិការ កងពលតូចអន្តរាគមន៍លេខ៤ និងលោកវរសេនីយ៍ឯក សេង សាន មេបញ្ជាការរង កងពលតូចអន្តរាគមន៍លេខ៦ ក្នុងនាមជំនួសមុខជូនមេបញ្ជាការអង្គភាព នាយទាហាន នាយទាហានរង និងពលទាហានទាំងអស់ សូមគោរពថ្លែងអំណរគុណ និងគោរពជូនពរសម្តេចទាំងពីរ បុត្រាបុត្រី និងចៅប្រុសចៅស្រី សូមជួបប្រទះពុទ្ធពរបួនប្រការ គឺអាយុ វណ្ណៈ សុខៈ ពលៈកុំបីឃ្លៀងឃ្លាតឡើយ។
គួរំលឹកផងដែរថា ស្ទើរតែរៀងរាល់ឆ្នាំ ថ្នាក់ដឹកនាំក្រសួងការពារជាតិ និងអគ្គបញ្ជាការ ក្នុងនោះរួមទាំង លោក ហ៊ុន ម៉ាណែត តែងតែចុះសាកសួរសុខទុក្ខកងទ័ពដោយផ្ទាល់នៅតាមបណ្តាអង្គភាពនានា ដោយនាំយកអំណោយផ្សេងៗ ចែកជូនយោធិន និងគ្រួសារកងទ័ព នៅក្នុងឱកាសបុណ្យប្រពៃណីជាតិ ប្រពៃណីសាសនា ឬ រដូវកាលផ្សេងៗ។
ជាក់ស្តែង ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ រៀងរាល់ខែឧសភា នារដូវវស្សាមកដល់ និងខែវិច្ឆិកា នារដូវរងារមកដល់លោក ហ៊ុន ម៉ាណែត និងថ្នាក់ដឹកនាំផ្សេងៗទៀត តែងតែបាននាំយកអាវភ្លៀង និងអាវរងារ ដែលជាអំណោយរបស់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ចែកជូនដល់នាយទាហាន នាយទាហានរង និងពលទាហាន ដែលនេះ គឺជាការចែករំលែកនូវធនធានផ្ទាល់ខ្លួនរបស់សម្តេចចំពោះកងទ័ព ស្តែងចេញនូវការយកចិត្តទុកដាក់ និងការគិតគូរពីសុខទុក្ខយោធិនជានិច្ច៕