(កំពង់ស្ពឺ)៖ យ៉ាងហោចណាស់ រងគ្រោះ២នាក់ ម្នាក់ស្លាប់ និងម្នាក់ទៀតរងរបួសធ្ងន់ ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ ម៉ូតូបុកជាមួយម៉ូតូ។ ហេតុការណ៍នេះ កើតឡើង នៅព្រឹកថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៦នេះ លើកំណាត់ផ្លូវជាតិលេខ៤ ចន្លោះគីឡូម៉ែត្រលេខ៣៩-៤០ នៅចំណុចភូមិស្លា ឃុំវល្លិសរ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។
មន្ដ្រីនគរបាលមូលដ្ឋានបានឲ្យដឹងថា គ្រោះថ្នាក់នេះកើតឡើងរវាង ម៉ូតូម៉ាកScoopy ពណ៌សលាយខៀវ ពាក់ស្លាកលេខភ្នំពេញ1BQ-9327 បើកបរដោយឈ្មោះ ស៊ីក ឡី ភេទស្រី អាយុ៦២ឆ្នាំ រស់នៅភូមិកាប់ទូក សង្កាត់កណ្តោលដុំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ ធ្វើដំណើរមកពីទិសខាងកើតទៅទិសខាងលិច មកដល់ចំណុចខាងលើ បានឡើងវ៉ាជ្រុលទៅបុកម៉ូតូ១ គ្រឿងម៉ាក Honda Dream C125 ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ1BF-5805 បើកបរដោយឈ្មោះ ឃួន សារឹម ភេទប្រុស អាយុ២៨ឆ្នាំ រស់នៅភូមិទឹកលិច ឃុំស្គុះ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ កំពុងធ្វើដំណើរបញ្រ្ចាសទិសគ្នា ស្រាប់តែបុកពីមុខពេញទំហឹង បណ្តាលឲ្យអ្នកបើកម៉ូតូស្កុបពីស្លាប់នៅនឹងកន្លែងកើតហេតុ ចំណែកអ្នកបើកម៉ូតូHonda Dream រងរបួសធ្ងន់។
ក្រោយកើតហេតុជនរងគ្រោះ ត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ រីឯសពសមត្ថកិច្ចទាក់ទងទៅក្រុមគ្រួសារ ចំណែកវត្ថុតាងទាំង២នគរបាលជំនាញយកទៅរក្សាទុក ដើម្បីដោះស្រាយតាមក្រោយ៕