(បាត់ដំបង)៖ ម្ចាស់ផ្ទះមានឡដុតចម្រាញ់យកមាសសីុឈ្នួលមួយកន្លែង ត្រូវបានអាជ្ញាធរសង្កាត់ស្លាកែត ក្រុង-ខេត្តបាត់ដំបង ចេញលិខិតផ្អាកអាជីវកម្ម ប៉ុន្តែម្ចាស់ទីតាំង បានបញ្ចេញប្រតិកម្ម ដោយសារតែលោកចៅសង្កាត់បិតតែរបស់គាត់ ហើយទីតាំងជាង១០កន្លែងផ្សេងទៀត នៅបន្តដំណើរការដដែល។
ម្ចាស់ទីតាំងមួយនេះ តាមរយះអង្គភាព Fresh News បានសុំអន្តរាគមន៍ពីថ្នាក់ដឹកនាំខេត្ត និងមន្រ្តីពាក់ព័ន្ធ មេត្តាផ្តល់យុត្តិធម៌ដល់ពួកគាត់ ព្រោះផ្ទះមានឡដុតចម្រាញ់យកមាសមានច្រើនជាង១០កន្លែង ប៉ុន្តែមិនបានបានបិទទេ ។
អ្នកស្រី ជា មាលី អាយុ៦០ឆ្នាំ ដែលមានប្តីឈ្មោះ ប៊ុន សុផុន អាយុ៦៧ឆ្នាំ មានមុខរបរលក់ចាប់ហួយ និងជាម្ចាស់ផ្ទះមានឡដុតចម្រាញ់យកមាសបាននិយាយថា ផ្ទះគាត់ពិតជាមានឡដុតចម្រាញ់យកមាស១ មែនសម្រាប់ទទួលសីុឈ្នួលចម្រាញ់ឲ្យគេ ដោយយកឈ្នួលចម្រាញ់១អំបែងពី៥ពាន់ ទៅ១ម៉ឺនរៀល ជួនមានជួនអត់ មិនបានធ្វើរាល់ថ្ងៃនោះទេ ។
ចំពោះអ្នកប្តឹងមានចំនួន១១នាក់ គឺសុទ្ធតែមានផ្ទះឆ្ងាយពីផ្ទះគាត់ ហើយអ្នកខ្លះមិនគ្រប់អាយុផង ក៏ផ្តិតមេដៃរួមប្តឹងនឹងគេដែរ ខ្លះទៀតបាននិយាយប្រាប់គាត់ថា ចេះតែផ្តិតមេដៃតាមគេយកមកឲ្យផ្តិត មិនបានដឹងរឿងអ្វីច្បាស់ឡើយ។
ចំណែកកូនប្រុសម្ចាស់ផ្ទះបានិយាយប្រាប់ថា ឧបករណ៍សម្រាប់ធ្វើចម្រាញ់មាសមានធាតុផ្សំដូចជា៖ អំបិលអ៉ីយ៉ូដ ម្សៅសូដា ទឹកអន្សា សំណរ និងដុតកូនជើងក្រាន ប្រើដោយប្រេងម៉ាស៊ូត ហើយពេលកំពុងធ្វើម្តងពុំមានក្លិនផ្សែងអាក្រក់ធំដុំនោះទេ ព្រោះមានបំពង់បង្ហុយទៅលើ។
កូនប្រុសម្ចាស់ផ្ទះបានបន្តថា ការចេញលិខិតផ្អាកតែផ្ទះគាត់១ គឺជារឿងអយុត្តិធម៌ណាស់សម្រាប់ក្រុមគ្រួសារពួកគាត់ ព្រោះផ្ទះដែលមានឡដុតចម្រាញ់យកមាស ដូចគ្នាផ្សេងទៀតមិនបានចេញលិខិតបិទនោះឡើយ ហើយមុខរបរចំបងរបស់គ្រួសារពួកគាត់ គឺលក់ចាប់ហួយគ្រប់មុខ ឯឡដុតចម្រាញ់យកមាសនេះ គ្រាន់តែជាមុខរបរបន្ទាប់បន្សំប៉ុណ្ណោះ និងគ្មានអ្វីដែលបង្កប៉ះពាល់សុខភាពអ្នកភូមិនោះទេ។
លោក ឯល សាឡែស ចៅសង្កាត់ស្លាកែត បានឆ្លើយបំភ្លឺតាមទូរស័ព្ទនាព្រឹកថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៦នេះថា អាជ្ញាធរពិតជាបានចេញលិខិតផ្អាកអាជីវកម្មមានឡដុត ចម្រាញ់យកមាសមួយកន្លែងនោះមែន ដោយសារតែមានពាក្យបណ្តឹងពីប្រជាពលរដ្ឋប្តឹងថា មានចំហាយផ្សែងក្លិនបង្កឲ្យប៉ះពាល់ដល់ផ្លូវដង្ហើម និងសុខភាពមនុស្សដែលរស់នៅជិតនោះ ។
តែផ្ទះអាជីវកម្មនៅកន្លែងផ្សេងទៀត ដែលពុំមានប្រជាពលរដ្ឋប្តឹង លោកពុំទាន់ចាត់ការនិងចុះផ្អាកនោះទេ ម្យ៉ាងទៀតពួកគេផ្សេងធ្វើតាមរបៀបចល័តទ្រង់ទ្រាយតូច មិនមែនដូចផ្ទះដែលប្រជាពលរដ្ឋប្តឹង និងមានឡដុតចំហាយសាយភាយខ្លាំងជាងកន្លែងផ្សេង។
លោកចៅសង្កាត់រូបនេះ បន្តថា ការចេញលិខិតផ្អាកនេះ ដើម្បីទុកពេលឲ្យម្ចាស់ផ្ទះធ្វើការសម្របសម្រួលគ្នា ជាមួយប្រជាពលរដ្ឋសិន មិនមែនបិទទាំងស្រុងនោះទេ តែលោកនឹងធ្វើរបាយការណ៍ជូនថ្នាក់លើឆាប់ៗនេះ ដើម្បីដោះស្រាយតាមច្បាប់ជំនាញនៅពេលក្រោយ៕