(ភ្នំពេញ)៖ លោក សុខ ទូច អ្នកវិភាគស្ថានការណ៍នយោបាយមាត់ដាចមួយរូបនៅកម្ពុជា បានហៅ លោក សម រង្ស៊ី ប្រធានគណបក្សសង្រ្គោះជាតិ ថា ជាមាន់សម្ល និងជាអ្នកនយោបាយភូតកុហកខ្លួនឯង កុហកជនរួមជាតិ និងកុហកអ្នកគាំទ្រ។
លោក សុខ ទូច តាមទំព័រ Facebook របស់លោកនៅយប់ថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៦ បានចាត់ទុកលោក សម រង្ស៊ី គឺជាអ្នកនយោ បាយមាន់សម្ល ព្រមទាំងបានរំលឹកពីសម្តីភូតភរកុហក់របស់លោក សម រង្ស៊ី ថែមទៀតផង។
លោក សុខ ទូច បានលើកឡើងថា នៅក្នុងប្រទេសកូរ៉េខាងត្បូងនាពេលកន្លងទៅ លោក សម រង្ស៊ី ធ្លាប់បានស្បថស្បែថា នឹងចូលស្រុកវិញ ទោះបីជាខ្លួនលោកស្លាប់ក៏ដោយ និងសូមឲ្យព្រលឹងរបស់លោកក្លាយជាអ្នកថែរក្សាជតិ តែផ្ទុយទៅវិញលោក សម រង្សី មិនត្រឹមតែភូតខ្លួនឯងទេ ថែមទាំងបានភូតប្រជាជនកម្ពុជា និងភូតអ្នកគាំទ្ររបស់ខ្លួនទាំងអស់ ឥឡូវនេះបែរជាសម្ងំឈឹងនៅទីក្រុងប៉ារីស។
សូមបញ្ជាក់ថា ប្រធានគណបក្សសង្រ្គោះជាតិ គឺលោក សម រង្ស៊ី បានវិលចូលស្រុកវិញនៅមុនការបោះឆ្នោតជាតិ ២៨ កក្កដា ឆ្នាំ២០១៣ តាមរយៈការទូលថ្វាយសូមប្រទានទោសពីព្រះមហាក្សត្រខ្មែរ ព្រះករុណា ព្រះបាទ សម្តេចព្រះមរមនាថ នរោត្តម សីហមុនី ពីសំណាក់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា។
លោក សម រង្ស៊ី បានរត់ចោលប្រទេសជាថ្មីម្តងទៀតកាលពីអំឡុងពាក់កណ្តាលឆ្នាំ២០១៥កន្លងទៅនេះ ដើម្បីគេចវេសពីការតាមចាប់របស់សមត្ថកិច្ច ក្នុងសំណុំរឿងបរិហារកេរ្តិ៍ឧបនាយករដ្ឋមន្រ្តី ហោ ណាំហុង។ សម្តេចតេជោ ហ៊ុន សែន ធ្លាប់បានប្រកាសថា សម្តេចនឹងមិនទូលថ្វាយសូមព្រះរាជទានទោស ពីព្រះមហាក្សត្រទៀតនោះឡើយ៕