(កំពត)៖ អតីតនិស្សិត ជំនាន់ទី៨ មហាវិទ្យាល័យពាណិជ្ជសាស្ត្រ និងមហាវិទ្យាល័យសេដ្ឋកិច្ច ឆ្នាំសិក្សា១៩៩១-១៩៩៦ បាននាំយកអង្ករចំនួន ១,០០០គីឡូក្រាម ស្លាដក់ចំនួន១៤កញ្ចប់ និងបច្ច័យចំនួន១លានរៀល ទៅវេរប្រគេនព្រះសង្ឃចំនួន៥វត្ត (វត្តអង្គដំណាក់ធ្លក វត្តភ្នំព្រះ វត្តភ្នំតាគល់ អម្ពវន្ថយូធារ៉ាម និងវត្តអង្គមន្រ្តីសត្ថារ៉ាម) ព្រមទាំងបានចូលបច្ច័យកសាងវត្តអង្គដំណាក់ធ្លក ចំនួន៨សែនរៀល ផងដែរ។
ពិធីនេះត្រូវបានធ្វើឡើង នៅថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៦ ស្ថិតក្នុងវត្តអង្គដំណាក់ធ្លក ដែលស្ថិតនៅក្នុងឃុំស្រែចែង ស្រុកជុំគីរី ខេត្តកំពត។
លោក ហុង លៀង អតីតនិស្សិតម្នាក់ បានឲ្យដឹងថា ក្នុងឱកាសនោះ ក្រុមអតីតនិស្សិត បាននាំយកថវិកា សំពត់ សម្លៀកបំពាក់ ក្រម៉ា មកចែកជូនលោកតាអាចារ្យ លោកយាយជី ព្រមទាំងប្រជាពលរដ្ឋដែលចូលរួមក្នុងពិធីនោះផងដែរ។ បន្ថែមពីនេះ ក្រុមអតីតនិស្សិតជំនាន់ទី៨ ក៏បាននាំយក កាបូបស្ពាយ សម្ភារសិក្សា និងថវិកាមកចែកជូនក្មួយៗ សិស្សនៅសាលាបឋមសិក្សាព្រៃឃ្លៃ ចំនួន២១០នាក់
នៅឃុំស្រែចែង ស្រុកជុំគីរី ដោយក្នុងម្នាក់ៗ ទទួលបានថវិកា៥ពាន់រៀល កាបូបស្ពាយ ១ និងសម្ភារៈសិក្សាមួយចំនួនផងដែរ ព្រមទាំងជូនថវិកាដល់លោកគ្រូអ្នកគ្រូ មេឃុំ ប្រធានភូមិ និងក្រុមការងារ ដែលជួយសម្របសម្រួលក្នុងកម្មវិធីនេះ។
ក្រុមអតីតនិស្សិតជំនាន់ទី៨ បានបញ្ជាក់ថា ក្រុមរបស់ពួកគាត់ ធ្វើសកម្មភាពមនុស្សធម៌ជួយប្រជាពលរដ្ឋក្រីក្រ ចាស់ជរា ក្មេងកំព្រា ដោយមិនប្រកាន់និន្នាការនយោបាយទេ សកម្មភាពមនុស្សធម៌ថ្ងៃនេះ បានកើតឡើងដោយសារការរួបរួមសាមគ្គីគ្នារវាងមិត្តរួមក្រុម ដែលធ្លាប់សិក្សាជាមួយគ្នា គិតដល់ថ្ងៃនេះ មិត្តភាពរបស់ពួកគាត់មានអាយុកាល២០ឆ្នាំជាងហើយ។
តំណាងក្រុមនិស្សិតជំនាន់ ៨ បានផ្តាំផ្ញើសិស្សានុសិស្ស ត្រូវខិតខំរៀនសូត្រក្រេបយកចំណេះវិជ្ជា ដើម្បីក្លាយជាកូនល្អ ប្រជាពលរដ្ឋល្អ ដើម្បីជាសសរទ្រូងប្រទេសជាតិ និងជៀសអោយឆ្ងាយពីគ្រឿងញៀន ជាពិសេសក្រុមអតីតនិស្សិតបានផ្តាំផ្ញើក្មួយៗឲ្យចេះស្រលាញ់រាប់អានគ្នា ជួយគ្នា និងថែរក្សាមិត្តភាពឲ្យបានយូរអង្វែង ដើម្បីរួមគ្នាមកជួយសង្គមជាតិ ឲ្យដូចជាក្រុមរបស់ពួកគាត់ថ្ងៃនេះ៕