(សៀមរាប)៖ អាជ្ញាធរជាតិអប្សរា នៅរសៀលថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៦ បានបិទវគ្គបណ្តុះបណ្តាល ស្តីពីជំនាញបច្ចេកទេសសង្គ្រោះបឋម ដោយមានចែកវិញ្ញាបនបត្រជូនសិក្ខាកាមចំនួន៤៤នាក់ មានដូចជា ភ្នាក់ងារទេសចរណ៍ មន្ត្រីនគរបាលការពារបេតិកភណ្ឌ នគរបាលទេសចរណ៍ នគរបាលចរាចរណ៍ និងមន្ត្រីបុគ្គលិកមកពីនាយកដ្ឋាននានា និងអង្គភាពចំណុះអាជ្ញាធរជាតិអប្សរាមួយចំនួនទៀត ក្រោមអធិបតីភាពលោក ហុក ប៉េងសែ អគ្គនាយករងតំណាងលោក ស៊ុំ ម៉ាប់ អគ្គនាយកអាជ្ញាធរជាតិអប្សរា នៅប្រាសាទអង្គរវត្ត។
វគ្គបណ្តុះបណ្តាលនេះ បានរៀបចំឡើងតាំងពីថ្ងៃទី១៣ ខែធ្នូ ដល់ថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៦ រវាងអាជា្ញធរជាតិអប្សរា និងក្រុមគ្រូពេទ្យជំនាញ The CPR HERO Training Center មកពីសហរដ្ឋអាមេរិក។
ថ្លែងក្នុងឱកាសបិទវគ្គបណ្តុះបណ្តាលនោះ លោក ហុក ប៉េងសែ បានលើកឡើង ថាវគ្គបណ្តុះបណ្តាលនេះ ពិតជាមានសារៈសំខាន់ខ្លាំងណាស់សម្រាប់សិក្ខាកាម ព្រោះចំណេះដឹងនេះមិនត្រឹម តែអាចជួយភ្ញៀវទេសចរបានប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងអាចជួយបងប្អូនសាច់ញាតិ និងអ្នកស្រុកអ្នកភូមិរបស់ពួកគាត់បានទៀតផង។ លោកសង្ឃឹមថា សិក្ខាកាមទាំងអស់ ដែលបានចូលរួមវគ្គបណ្តុះបណ្តាលនេះរួចហើយ នឹងយកចំណេះដឹងនេះទៅអនុវត្តឲ្យមានប្រសិទ្ធភាព ដើម្បីធ្វើឲ្យប្រសើរឡើងនូវសេវាកម្មទេសចរណ៍ ក្នុងតំបន់អង្គរ និងជួយអប់រំបន្តដល់អ្នកផ្សេងទៀត។ ជាមួយគ្នានោះដែរ លោកក៏បានអរគុណចំពោះក្រុមគ្រូពេទ្យមកពីសហរដ្ឋអាមេរិក ដែលបានខំប្រឹងចំណាយកម្លាំងកាយចិត្ត និងពេលវេលាដ៏មានតម្លៃមកជួយបណ្តុះបណ្តាលសិក្ខាកាមកម្ពុជា។
លោក MICHAEL QUOCMINH PHAM ប្រធានក្រុមការងារ The CPR HERO Training Center និងជាអ្នកបណ្តុះបណ្តាលផ្ទាល់ បានលើកឡើងថា លោកពិតជាមានសប្បាយរីករាយខ្លាំងណាស់ នៅពេលបានឃើញសិក្ខាកាមរៀនរហ័សយល់ និងខិតខំយកចិត្តទុកដាក់រៀន ព្រមទាំងចូលរួមអនុវត្តទ្រឹស្តីយ៉ាងសស្រាក់សស្រាំ។ លោកថា ថ្វីដ្បិតវគ្គបណ្តុះបណ្តាលនេះ និយាយជាភាសាអង់គ្លេស និងមានសម្រួលជាភាសាខ្មែរខ្លះៗក្តី ក៏ប៉ុន្តែគុណភាពនៃការសិក្សានេះ មានលក្ខណៈស្តង់ដារដូចជាការសិក្សានៅសហរដ្ឋអាមេរិកដែរ។ លោកក៏បានអរគុណ ចំពោះអាជ្ញាធរជាតិអប្សរា ដែលបានផ្តល់ឱកាសឲ្យក្រុមគ្រូពេទ្យរបស់លោកបានផ្ទេរចំណេះដឹង និងដកស្រង់បទពិសោធន៍ពីកម្ពុជា។
លោក សេ សូវ នគរបាលការពារបេតិកភណ្ឌ បានលើកឡើងថា លោកពិតជាសប្បាយរីករាយណាស់ ដែលបានចូលរួមរៀនវគ្គបណ្តុះបណ្តាលជំនាញបច្ចេកទេសសង្គ្រោះបឋម ដ៏មានសារៈសំខាន់ និងមានតម្លៃនេះ ដែលវគ្គបណ្តុះបណ្តាលនេះ បានផ្តល់នូវចំណេះដឹង និងបទពិសោធន៍ថ្មីៗជាច្រើនដល់លោក ហើយលោកប្តេជ្ញាថា នឹងយកមេរៀននេះទៅអនុវត្ត និងជួយផ្សព្វផ្សាយដល់អ្នកដទៃទៀត ដើម្បីពង្រឹងគុណភាពសេវាកម្មទេសចរណ៍ ក្នុងតំបន់អង្គរឲ្យកាន់តែល្អប្រសើរឡើងថែមទៀត។
សូមបញ្ជាក់ថា បន្ទាប់ពីបញ្ចប់វគ្គបណ្តុះបណ្តាលជំនាញបច្ចេកទេសសង្រ្គោះបឋមនេះហើយ នៅថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៦ ក្រុមគ្រូពេទ្យនេះ នឹងចុះទៅពិនិត្យសុខភាពជូនប្រជាពលរដ្ឋប្រមាណជា១០០នាក់ នៅភូមិធម្មជាតិរុនតាឯក ឃុំរុនតាឯក ស្រុកបន្ទាយស្រី ខេត្តសៀមរាប មុននឹងវិលត្រឡប់ទៅសហរដ្ឋអាមេរិកវិញ៕