(ភ្នំពេញ)៖ សាលារៀនញូវហ្គេតវ៉េអន្តរជាតិ នៅព្រឹកថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៦នេះ បានរៀបចំកម្មវិធីចែកវិញ្ញាបនបត្រ បញ្ចប់ការសិក្សាសម្រាប់ សិស្សានុសិស្ស មតេយ្យកម្រិតខ្ពស់ ដែលអញ្ជើញចូលរួមជាកិត្តិយសដោយ អ្នកស្រីឧកញ៉ា ប៊ុន ណារី នាយិកាសាលាញូវហ្គេតវ៉េអន្តរជាតិ។
អ្នកស្រី ប៊ុន ណារី បានលើកឡើងថា ការសិក្សារបស់បុត្រធីតាលោក លោកស្រី នៅសាលាញូវហ្គេតវ៉េអន្តរជាតិ គឺជាការសិក្សា ដែលមានស្តង់ដារអប់រំខ្ពស់ ប្រកបទៅដោយគុណភាព សេចក្តីថ្លៃថ្នូរ ដែលជាមូលដ្ឋានគ្រឹះដ៏រឹងម៉ាំ និងប្រកបទៅដោយ គោលដៅច្បាស់លាស់។ សិស្សានុសិស្ស មិនគ្រាន់តែ សិក្សាតាមសៀវភៅ ដែលកំណត់តាមកម្មវិធីសិក្សាប៉ុណ្ណោះទេ សិស្សានុសិស្សនឹង ទទួលបានចំណេះដឹងថ្មីៗ តាមរយៈការដឹកនាំ អនុវត្តជាក់ស្តែង នៅក្រៅថ្នាក់ដូចជា ស្រាវជ្រាវនៅក្នុងបណ្ណាល័យ និងអនុវត្តជាក់ស្តែងក្នុងបន្ទប់ពិសោធន៍ និងទស្សនកិច្ចសិក្សា ជាក្រុមតូចៗ តាមកន្លែងមួយចំនួន នៅទីក្រុងភ្នំពេញ និងទស្សនកិច្ចសិក្សាជាក្រុមធំ ទៅតាមបណ្តាខេត្តមួយចំនួនផងដែរ។ លើសពីនេះទៅទៀត សាលាសាលាក៏បានបញ្ចូល កម្មវិធីបំណិនជីវិតដូចជាគេហកិច្ច សិល្បៈ តន្រ្តី និងមុខវិជ្ជាកីឡាដូចជា តេក្វាន់ដូ បាល់ទាត់និងហែលទឹក។
កាសិក្សានៅសាលាញូវហ្គេតវ៉េអន្តរជាតិ សិស្សានុសិស្សនិងទទួលបាននូវចំណេះដឹងទូលំទូលាយ ដោយសិក្សាបីកម្មវិធីក្នុងពេលតែមួយ រួមមាន កម្មវិធីចំណេះទូទៅភាសាអង់គ្លេស ចំនេះដឹងទូទៅភាសាខ្មែរ និងកម្មវិធីភាសាចិន។ ចំពោះសណ្តាប់ធ្នាប់និងវិន័យសិស្ស សាលា មានគោលដៅ និងបទបញ្ជាផ្ទៃក្នុង ដែលត្រូវអនុវត្តដោយយកចិត្តទុកដាក់យ៉ាងម៉ឺងម៉ាត់ពីលោកគ្រូអ្នកគ្រូ ក៏ដូចជាគណៈគ្រប់គ្រងសាលាក្នុងការទប់ស្កាត់រាល់បញ្ហាផ្សេងៗ ដែលកើតឡើង។
អ្នកស្រី បានបន្ថែមទៀតថា សិស្សានុសិស្សមានការរីកចម្រើនខ្លាំងក្នុងជំនាញ ធ្វើបទ បង្ហាញតាមរយៈលោកគ្រូអ្នកគ្រូ ដឹកនាំធ្វើសកម្មភាព ប្រកួតប្រជែងនិយាយ អាន និងនិទានរឿង។ សាលាបានណាត់ជួបពិសេសជាមួយអាណាព្យាបាលសិស្ស ដើម្បីជម្រុញគុណភាពសិក្សារបស់សិស្ស។ បរិស្ថានអប់រំ ត្រូវរៀបចំឡើង ក្នុងបរិយាកាសសប្បាយរីករាយដោយមានរួមបញ្ចូលសិល្បៈ តន្ត្រី និងកីឡា៕