(សៀមរាប)៖ កម្លាំងសមត្ថកិច្ចគយប្រចាំនៅច្រកអ្នកដំណើរមកដល់ នៃអាកាសយានដ្ឋានអន្តរជាតិសៀមរាប បានឆែកឆេរ និងចាប់បានទូរស័ព្ទដៃទំនើប និងកុំព្យូទ័រសរុប ៧១គ្រឿង ដែលជនជាតិចិនម្នាក់លួចនាំចូលពីប្រទេសចិន ដោយមិនបង់ពន្ធ។
មន្រ្តីគយប្រចាំព្រលានយន្តហោះអន្តរជាតិខេត្តសៀមរាប បានប្រាប់ Fresh News នៅព្រឹកថ្ងៃអាទិត្យ ទី១៨ ខែធ្នូ ឆ្នាំ២០១៦នេះថា ទូរស័ព្ទទំនើប និងកុំព្យូទ័រ ត្រូវបានឆែកឆេររកឃើញនៅវេលាម៉ោង ១០៖២០នាទីយប់ថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៦នេះ។ ជនសង្ស័យឈ្មោះ Chen Anhui ភេទប្រុស អាយុ ២៧ឆ្នាំ ជាជនជាតិចិន កាន់លិខិតឆ្លងដែនលេខE72577910។
មន្រ្តីគយ បានឲ្យដឹងទៀតថា ជនសង្ស័យ បានធ្វើដំណើរមកពីប្រទេសចិន ហើយប្តូរជើងហោះហើរនៅទីក្រុងមេនីឡា ប្រទេសហ្វីលីពិន ហោះឆ្ពោះមកទីក្រុងសៀមរាប តាមជើងហោះហើរលេខ 5J 257(MNL-REP)។
ទូរស័ព្ទ និងកុំព្យូទ័រ ដែលជនជាតិចិនលួចនាំចូលទាំងមិនបង់ពន្ធនេះរួមមនា៖ ទូរស័ព្ទ Iphone 5 ចំនួន ៤០គ្រឿង កុំព្យូទ័រ Laptop នៅថ្មីម៉ាក Asus ចំនួន ២០គ្រឿង, ម៉ាក Lenovo ចំនួន ៥គ្រឿង និងកុំព្យូទ័រ Laptop ប្រើរួចម៉ាក Lenovo ចំនួន ២គ្រឿង និងម៉ាក Asus ចំនួន ៤គ្រឿង។
ក្រោយឆែកឆេររកឃើញដូចនេះ ទាំងជនសង្ស័យ និងវត្ថុតាង ត្រូវបានសមត្ថកិច្ចគយធ្វើកំណត់ហេតុល្មើសច្បាប់គយបញ្ចូនទៅអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ដើម្បីសម្រេចដោះស្រាយទៅតាមនីតិវិធីនៃច្បាប់ស្តីពីគយ។
ជាការកត់សម្គាល់ ដើម្បីពង្រីកចំណូលថវិកាសម្រាប់ដោះស្រាយតម្រូវការផ្សេងៗតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលនោះ សមត្ថកិច្ចគយ បានធ្វើសកម្មភាពយ៉ាងមមាញឹកក្នុងការកៀរគរពន្ធគយ និងទប់ស្កាត់យ៉ាងម៉ឺងម៉ាត់រាល់ទំនិញទាំងឡាយ ដែលឈ្មួញលួចនាំចូលដោយមិនបង់ពន្ធ៕