(ភ្នំពេញ)៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានប្រកាសថា «បើអ្នកកាសែតណាប្រព្រឹត្តខុស (ដាក់ប៉ុស្ដិ៍ត្រួតពិនិត្យ) អាជ្ញាធរត្រូវចាប់វៃខ្នោះភ្លាម មិនមែនអំពាវនាវទៅក្រសួងព័ត៌មានទេ»។ នេះបើតាមការបញ្ជាក់ របស់នៅលើ Facebook របស់លោក ខៀវ កាញារីទ្ធ រដ្ឋមន្ដ្រីក្រសួងព័ត៌មាន នៅព្រឹកថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៦។
រដ្ឋមន្ដ្រីក្រសួងព័ត៌មានបានលើកឡើងថា ការប្រកាសបែបនេះរបស់សម្ដេចតេជោ ហ៊ុន សែន ត្រូវបានធ្វើឡើង ក្នុងសន្និបាតគណៈកម្មាធិការកណ្ដាល គណបក្សប្រជាជនលើកទី៤០ អាណត្តិទី៥ ដែលបានកំពុងបន្តបើកសន្និបាតនាព្រឹកថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៦នេះ។
សូមបញ្ជាក់ថា នៅព្រឹកថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៦នេះ គណបក្សប្រជាជនកម្ពុជា កំពុងបន្តបើកសន្និបាតគណៈកម្មាធិការកណ្តាល លើកទី៤០ នៅមជ្ឈមណ្ឌលពិព័រណ៍ និងសន្និបាតកោះពេជ្រ។ សន្និបាតនេះធ្វើឡើងរយៈពេល២ថ្ងៃ នៅថ្ងៃទី១៧ និង ១៨ ខែធ្នូ ឆ្នាំ២០១៦ ក្រោមអធិបតីភាព សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងសម្តេច ហេង សំរិន ប្រធានកិត្តិយសគណបក្សប្រជាជន ព្រមទាំងមានថ្នាក់ដឹកនាំ សមាជិកចូលរួមប្រមាណ២ពាននាក់។
សន្និបាតនេះ គឺជាការរៀបចំយុទ្ធសាស្រ្តសម្រាប់ការបោះឆ្នោតឆ្នាំ២០១៧ និង២០១៨ រួមទាំងមានការជ្រើសតាំងប្រធានគណៈកម្មាធិការត្រួតពិនិត្យសកម្មភាពការងារ នៅក្នុងគណបក្ស ជំនួសលោក សាយ ភូថង ដែលទទួលមរណភាពផងដែរ៕