(ភ្នំពេញ)៖ និសិ្សតចំនួន១១រូប ក្នុងកម្មវិធី «គ្រាប់ពូជដើម្បីអនាគត Seed For The Future» សហការជាមួយសហភាពសហព័ន្ធយុវជនកម្ពុជា បានបញ្ចប់ការបណ្តុះបណ្តាលរយៈពេល១៤ថ្ងៃ នៅប្រទេសចិនដោយជោគជ័យ ហើយនេះជាលើកទី១ផងដែរ ដែលក្រុមហ៊ុន Huawei បានបង្កើតគម្រោងសប្បុរសធម៌ នៅប្រទេសកម្ពុជា។
ជាការចាប់ផ្តើមនៅចុងឆ្នាំនេះ ក្រុមនិស្សិតទាំង១១រូប បានទទួលការអនុញ្ញាតចូលជួប សម្តែងការគួរសម និងទទួលអនុសាសន៍ ពីលោកស្រី ខែក កែមាលី ស៊ីសូដា ឯកអគ្គរាជទូតកម្ពុជាប្រចាំ សាធារណរដ្ឋប្រជាមានិតចិន លោកស្រីបានកោតសរសើរខ្ពស់ ចំពោះក្រុមហ៊ុន Huawei ដែលមានការទទួលខុសត្រូវខ្ពស់ ក្នុងការងារសង្គម កម្មវិធី «គ្រាប់ពូជដើម្បីអនាគត Seeds For The Future» បានផ្តោតលើការបណ្តុះបណ្តាលយុវជន ដែលមានជំនាញ ICT នៅកម្ពុជា ថែមទាំងបានពង្រីកនិងផ្តល់ចំណេះដឹង វប្បធម៌ដល់និស្សិតកម្ពុជា ពិសេសបានជំរុញដល់មិត្តភាពកម្ពុជាចិនផងដែរ។
កម្មវិធី «គ្រាប់ពូជ ដើម្បីអនាគត Seeds For The Future» ជាគម្រោងសប្បុរសធម៌សង្គមគំរូ ដ៏ធំរបស់ក្រុមហ៊ុន Huawei ដែលបានអនុវត្ត ក្នុងទូទាំងពិភពលោក។ គម្រោងនេះបានចាប់ផ្តើមនៅឆ្នាំ២០០៨ បច្ចុបន្បបានរីកសាយដល់៦៨ប្រទេស មាននិសិ្សតចំនួន២០,០០០នាក់ មកពីបណ្តាសាកលវិទ្យាល័យចំនួន ២០០ នៅសកលលោកទទួលបាន ការបណ្តុះបណ្តាល ក្នុងនោះចំនួន២,០០០នាក់ បានមកសិក្សានិងទស្សនានៅក្រុមហ៊ុន Huawei ស្នាក់ការកណ្តាល។
ពេលទទួលការបណ្តុះបណ្តាលនៅប៉េកាំង កញ្ញា គុយ លីហុង បានឲ្យដឹងថា «ទោះបីជាភ្នំពេញ និងប៉េកាំងមានអាកាសធាតុ និងអាហារខុសគ្នាខ្លាំងក៏ដោយ ប៉ុន្តែនាងខ្ញុំចូលចិត្ត អាហារ បរិយាកាសរៀនសូត្រនៅទីនេះ ពេលនេះនាងខ្ញុំពិតជាចង់ទៅសិក្សាបន្តនៅក្រុមហ៊ុន Huawei ស្នាក់ការកណ្តាល នៅទីក្រុងសិនជិនខ្លាំងណាស់ ខ្ញុំនិងក្តោបក្តាប់ឱកាសនេះខិតខំរៀនសូត្រ ជួយជាកម្លាំងដល់សង្គមនិងប្រទេសជាតិ»។
តំណាងក្រុមនិស្សិត លោក សម កក្កដា បានថ្លែងថា «ខ្ញុំ និងសមាជិកក្រុមបានសិក្សាចំណេះដឹង ICTដូចជា 5G, LTE និងCloud Computing ជាដើម តាមរយៈឱកាសដែលក្រុមហ៊ុន Huawei បានផ្តល់អោយដោយទទួលបានបទពិសោធន៌ទាំងនេះ និងបង្កើនឱកាសការងាររបស់យើង ហើយខ្ញុំសង្ឃឹមថា ការបណ្តុះបណ្តាលលើកក្រោយ និងមានពេលយូរជាងលើកនេះ»។
និសិត្ស ឆេង សុវណ្ណ បានមានចំណាប់អារម្មណ៌ថា នេះជាលើកទី១ហើយដែលខ្ញុំបានរៀនអំពីវប្បធម៌ចិន ឆ្លងកាត់រយៈពេលប៉ុន្មានថ្ងៃនេះ ខ្ញុំចូលចិត្តការរស់នៅប្រទេសចិន សូមថ្លែងអំណរគុណដល់ក្រុមហ៊ុន Huawei និងសហភាពសហព័ន្ធយុវជនកម្ពុជា ផ្តល់ឱកាសដ៏មានតម្លៃ ឲ្យយើងបានយល់ពីវប្បធម៌ និងសហគ្រាសចិន ពេលវិលត្រលប់ទៅវិញ ខ្ញុំនិងបន្តការសិក្សាភាសាចិននិងចំណេះដឹងផ្នែក ICT ហើយខ្ញុំក៏ចូលចិត្តអាហារចិនផងដែរ។
ចំណែកឯសិស្ស វីន ដារាមុនី បានបង្ហាញចំណាប់អារម្មណ៌ផងដែរថា ខ្ញុំចូលចិត្តផ្នែក ICTតាំងពីតូច ដូច្នេះហើយក៏ជ្រើសរើសជំនាញវិស្វកម្មព័ត៌មានវិទ្យា ពួកយើងទទួលបានការបណ្តុះបណ្តាលជំនាញឯកទេស ហើយមានឱកាសអនុវត្តផ្ទាល់ បំពេញចន្លោះឌីជីថល ហើយទទួលបានអត្ថប្រយោជន៌ច្រើន។
គួរបញ្ជាក់ផងដែរថាកន្លងមកឆ្នាំ២០១៦ សម្តេចតេជោ ហ៊ុន សែន បានអនុញ្ញាតឱ្យលោក លី ជិន អនុប្រធានជាន់ខ្ពស់ក្រុមហ៊ុន Huawei និងលោក Sun FuYou ប្រធានក្រុមហ៊ុន Huawei ទទួលបន្ទុកតំបន់អាស៊ីអាគ្នេយ៌ ចូលជួបសម្តែងការគួរសម ក្នុងនោះផងដែរ សម្តេចតេជោ បានសរសើរដល់គម្រោង «គ្រាប់ពូជដើម្បីអនាគត Seeds For The Future» ដែលបានជួយបណ្តុះបណ្តាលអ្នកមានទេពកោសល្យផ្នែក ICT នៅកម្ពុជា នេះជាការបង្កើនសមត្ថភាពរបស់យុវជន និងទទួលបានឱកាសការងារកាន់តែច្រើន៕