(ភ្នំពេញ)៖ រយៈពេលជាងមួយសប្តាហ៍មកហើយ ដែលលោក សម រង្ស៊ី ខំរក្សាការផ្សាយលើ Facebook មួយដែលគាត់បង្ហោះតាំងពីថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៦ ឲ្យរក្សានៅលើគេបំផុត ដើម្បីទុកអួតអ្នកលេងហ្វេសបុក គួរឲ្យអស់សំណើច។
មុននឹងបង្ហាញថា ខ្លឹមសារបញ្ឆោតអារម្មណ៍នេះ វាឆ្លុះបញ្ចាំងនូវចំណុចអន់របស់លោក សម រង្ស៊ី យ៉ាងណានោះ ខ្ញុំសូមបង្ហាញចំណុចដែលគាត់សរសេរជាមុនសិន។ គាត់សរសេរថា៖ «សម រង្ស៊ី និង កឹម សុខា តំណាងឲ្យកិត្តិយស និងសេចក្តីសង្ឃឹម… ដាច់ខាត មិនចាញ់សម្លុតគេ និងមិនលក់ខ្លួនឲ្យគេ… អ្នកណាប៉ុនប៉ងបំបែក សម រង្ស៊ី និង កឹម សុខា គឺជាការយល់សប្តិ... »។
នៅពេលឃើញសារនេះ ខ្ញុំព្យាយាមគិតហើយគិតទៀត តែខ្ញុំរកនឹកមិនឃើញទាល់តែសោះ អំពីគុណតម្លៃរបស់ទណ្ឌិត សម រង្ស៊ី ដែលកំពុងរត់ចោលសមាជិកបក្សនោះ។ ខ្ញុំសូមលើកជាសំណួរ ដើម្បីជាមូលដ្ឋានពិចារណាលើភាពកំសាក និងការបំភ័ន្តរបស់លោក សម រង្ស៊ី ដូចតទៅ៖
ទី១៖ តើវាជាកិត្តិយសមែនឬ ដែលក្នុងជីវិតនយោបាយរបស់ សម រង្ស៊ី ជាង២ទសវត្សរ៍នេះ គឺបរាជ័យចាញ់ឆ្នោត៤អាណត្តិជាប់ៗគ្នា? តើមិនចេះខ្មាស់ប្រវត្តិសាស្ត្រទេឬ?
ទី២៖ តើវាជាកិត្តិយសមែនឬ ដែលក្លាយជាអ្នកទោស ដោយសារតែការបរិហារគេដោយខ្វះសីលធម៌នោះ? មិនចេះខ្មាសព្រហ្មលិខិតទេឬ?
ទី៣៖ តើជាកិត្តិយសមែនទេ ដែល សម រង្ស៊ី ក្លាយជាអ្នកនយោបាយបានត្រឹមដេកសរសេរហ្វេសបុក ក្នុងបន្ទប់នៅក្រៅប្រទេស ហើយមិនហ៊ានទាំងទៅចុះ ជួបជាមួយសកម្មជននៅក្នុង និងក្រៅប្រទេសផងនោះ?
ទី៤៖ តើវាពិតជាក្តីសង្ឃឹមមែនទេ ហើយតើឲ្យអ្នកនៅក្នុងគុកសង្ឃឹមជាមួយដោយរបៀបណា បើសូម្បីតែទោសខ្លួនឯងដោះស្រាយមិនរួចផងនោះ?
ទី៥៖ តើក្លាហានមិនចាញ់សម្លុតមែនឬ បើឮថាគុករត់លឿនជាង Internet 4G ទៅទៀតនោះ? (sic)
នៅត្រង់ចំណុចការរួបរួមគ្នាជាមួយលោក កឹម សុខា វិញ ខ្ញុំសូមគូសបញ្ជាក់ថា បើ សម រង្ស៊ី ខ្លាំងមែន គឺសម រង្ស៊ី មិនឱនក្បាលចាប់ដៃជាមួយ កឹម សុខា ទេ។ សូមចងចាំចំណុចនេះថា ការចាប់ដៃជាមួយ កឹម សុខា គឺមានន័យថា សម រង្ស៊ី ខ្សោយនិងអន់បាត់ទៅហើយ។
តើជាកិត្តិយសមែនទេ ដែលមនុស្សសំខាន់ៗផ្ទៃក្នុងបក្សដូចជាលោក គង់ គាំ, លោក ស៊ុន ឆ័យ, លោក យឹម សុវណ្ណ, លោក អេង ឆៃអ៊ាង ជាដើម ក៏ក្លាយជាមនុស្សអត់តម្លៃ និងគ្មានឱកាសបន្តវេនដឹកនាំបក្ស? តើជាកិត្តិយសមែនទេ ដែលបក្ស២៦អាសនៈ ឱនក្បាលឲ្យបក្ស៣អាសនៈដឹកនាំនោះ?
នៅទីនេះខ្ញុំមិននិយាយច្រើនអំពី កឹម សុខា ទេ ពីព្រោះ កឹម សុខា មានសារជាតិជាអ្នកនយោបាយឱកាសនិយម និងជាមនុស្សដែលគ្មានគោលការណ៍តែប៉ុណ្ណោះ។ គាត់មានសំណាងត្រឹមបានឈ្មោះជាអ្នកឌីតស្រីអស់លុយតិច ដោយសារតែចំហាយ៣អាសនៈ ទៅផ្គុំជាមួយ២៦អាសនៈប៉ុណ្ណោះ។
ពាក្យបុរាណនិយាយថា «សត្រូវក្លាយជាមិត្ត នៅពេលដែលទ័លចក្រ និងអស់សង្ឃឹម» ។ ពាក្យនេះជាមូលដ្ឋានដ៏ឡូហ្ស៊ីកសម្រាប់យកទៅពិនិត្យ ពិចារណាលើសារជាតិនៃមិត្តភាពរវាង សម រង្ស៊ី និង កឹម សុខា។ មនុស្សពីរនាក់នេះ គឺចេញពីឈាមពីរខុសគ្នា និងគោលដៅពីរខុសគ្នា។ សម រង្ស៊ី មានឈាមចេញគណបក្សហ៊្វុនស៊ិនប៉ិច ហើយ កឹម សុខា មានឈាមចេញពីគណបក្សលោកតា សឺន សាន ដែលរលាយបាត់ទៅហើយ។ មនុស្សពីរនាក់នេះ នឹងខាំគ្នានៅទីបំផុត។
ជាសារជាតិ សម រង្ស៊ី ជាមនុស្សមានសត្រូវពិត ហើយគាត់គ្មានមិត្តពិតទេ ពីព្រោះឈាមបានបណ្តុះគាត់មកបែបនេះ។ អ្នកណាៗក៏បានដឹងដែរថា លោក សម រង្ស៊ី មានឈាមជាកូន «ជនក្បត់ជាតិ»។ ពាក្យបុរាណក៏បាននិយាយដែរថា «អ្វីដែលពិបាកកែបាន គឺឈាម»។
លោក សម រង្ស៊ី កើតឆ្នាំ១៩៤៩ មកដល់សព្វថ្ងៃមានអាយុ៦៨ឆ្នាំ។ លោក សម រង្ស៊ី អាយុច្រើនគួរសម ប៉ុន្តែសារជាតិគាត់ គឺជា «មនុស្សខ្ពើមមនុស្ស»។ គាត់ធ្វើនយោបាយ ដើម្បីតែបុព្វហេតុ «សងគំនុំឈាមនិងផ្ទាល់ខ្លួនតែប៉ុណ្ណោះ»។ ដោយសារបុព្វហេតុនេះ មនុស្សមិនតិចទេ ទាំងកម្មករខ្លះ កសិករខ្លះសកម្មជន បក្សមួយចំនួនត្រូវគាត់បោកប្រាស់ ហើយទីបំផុតត្រូវជាប់គុកដោយសារ តែការក្លែងឯកសារជាតិនិងប្រព្រឹត្តិបទល្មើស។ នេះឬជាកិត្តិយស?
នៅពេលនេះ សម រង្ស៊ី មិនបានដឹកនាំបក្សសង្គ្រោះជាតិ១០០%ទេ ហើយភាពជាអ្នកដឹកនាំរបស់ សម រង្ស៊ី គឺស្ទើរតែបាត់បង់ទៅហើយ។ ដូច្នេះ អ្វីដែល សម រង្ស៊ី ខំនិយាយនេះ គឺដើម្បីបិទបាំងភាពកំសាក ភាពអាម៉ាស់ និងចំណុចខ្សោយនៃការដឹកនាំនៅក្នុងបក្សប្រឆាំងមួយនេះតែប៉ុណ្ណោះ។
សម រង្ស៊ី ក៏ដឹងច្បាស់អំពីការប្រេះស្រាំ និងជំងឺសតិអារម្មណ៍នៅថ្នាក់កណ្តាលគណបក្ស ដោយសារតែមនុស្សរបស់ កឹម សុខា កំពុងតែក្រសោបយកបក្សនេះ។ សម រង្ស៊ី ក៏ដឹងច្បាស់ដែរថា ផ្ទៃក្នុងបក្សកំពុងរៀបចំឲ្យគាត់ឈប់ពីឆាកនយោបាយ ដោយសារតែចាញ់ឆ្នោតជារៀងរហូតមក។ សម រង្ស៊ី ក៏ដឹងច្បាស់ដែរថា ពេលមាន «បក្សប្រហារ» កើតឡើង នោះគាត់នឹងត្រូវចប់ជីវិតនយោបាយ ហើយគាត់ក៏នឹងនៅជាទណ្ឌិត មានឈ្មោះជាអ្នកទោសរហូតដល់ថ្ងៃស្លាប់។
ទោះបីយ៉ាងណាក៏ដោយ ប្រទេសកម្ពុជានិងប្រជាជនកម្ពុជា គឺមិនអភ័ព្វហើយក៏មិនអាក្រក់ដូចការប្រមាថរបស់ សម រង្ស៊ី ជាបន្តបន្ទាប់មកនោះទេ ពីព្រោះកម្ពុជាមាន រាជរដ្ឋាភិបាលដ៏រឹងមាំដឹកនាំដោយគណបក្សប្រជាជនកម្ពុជា ដែលនឹងបន្តរួមសុខរួមទុក្ខជាមួយគ្រប់កាលៈទេសនិងជារៀងរហូត៕
ដោយ៖ សេនាជាតិ