(ឡាវ)៖ នាយឧត្តមសេនីយ៍ សុខ ផល អគ្គនាយក នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍កម្ពុជា បានដឹកនាំប្រតិភូ នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ក្រសួងមហាផ្ទៃ ទៅធ្វើទស្សនកិច្ចកាងារផ្លូវការ និងចូលរួមកិច្ចប្រជុំទ្វេភាគីជាមួយ នាយកដ្ឋានអន្តោប្រវេសន៍ នៃក្រសួងសន្តិសុខ សាធារណៈរដ្ឋប្រជាធិបតេយ្យ ប្រជាមានិតុឡាវ ចាប់ពីថ្ងៃទី១៤-១៧ ខែធ្នូ ឆ្នាំ២០១៦។
មន្រ្តីនគរបាលអន្តោប្រវេសន៍ បានថ្លែងឲ្យដឹងថា ក្នុងដំណើរបំពេញទស្សនកិច្ចរយៈពេល៣ថ្ងៃនេះ នាយឧត្តមសេនីយ៍ សុខ ផល បានជួបពិភាក្សា ការងារជាមួយលោក ខាំម៉ៅ ឡាចាន់ផេត អគ្គនាយករងសន្តិសុខ ទទួលបន្ទុកនាយកដ្ឋានអន្តោប្រវេសន៍ឡាវ។
នៅក្នុងកិច្ចពិភាក្សាគ្នានោះភាគីទាំង២ បានផ្តោតសំខាន់លើ កិច្ចសហប្រតិបត្តិការរួមគ្នាប្រយុទ្ធ ប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែន, ការលួចជ្រៀតចូលដោយខុសច្បាប់ នៃពួកឧក្រិដ្ឋជន បរទេសជ្រុលនិយមដែលបានរត់គេចខ្លួន តាមរយះសហការរឹតបន្តឹងតាមបណ្តារច្រកទ្វារភាគី និងច្រកទ្វារតំបន់-អន្តរជាតិ។
បើតាមមន្រ្តីដដែល នាយឧត្តមសេនីយ៍ សុខ ផល នឹងមានការជួបប្រជុំគ្នាផ្លាស់ប្តូរយោបល់គ្នារៀងរាល់ឆ្នាំ និងបង្កើតក្រុមមន្ត្រី អន្តោប្រវេសន៍ សំរាប់ធ្វើការទំនាក់ទំនង ក្នុងករណីចាំបាច់បន្ទាន់។
នៅរសៀលថ្ងៃដដែលនោះ នាយឧត្តមសេនីយ៍ ក៏បានជួបធ្វើសាវនាការជាមួយលោក Kongthong phongvichith អនុរដ្ឋមន្រ្តីក្រសួងសន្តិសុខសាធារណៈ នៃសាធារណៈរដ្ឋប្រជាធិបតេយ្យ ប្រជាមានិតុឡាវផងដែរ ដើម្បីបន្តកិច្ចសហប្រតិបត្តិការ កាន់តែខ្លាំងឡើងលើការងារអន្តោប្រវេសន៍ នៃប្រទេសទាំង២៕