(ភ្នំពេញ)៖ កម្លាំងនគរបាលការិយាល័យអន្តរាគមន៍ នៃក្រសួងមហាផ្ទៃ ថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៦នេះ បានចុះបង្ក្រាប និងឃាត់ខ្លួនក្រុមចោរលួចកាច់កម៉ូតូចំនួន ៣នាក់ ក្នុងករណីផ្សេងគ្នា ដែលជាមុខសញ្ញាដ៏សកម្មបំផុត ក្នុងនោះកម្លាំងនគរបាល បានដកហូតម៉ូតូ១គ្រឿង ហើយប្រគល់ជូនម្ចាស់កម្មសិទ្ធិវិញ។
លោកឧត្តមសេនីយ៍ឯក សុខ ខេមរិន ប្រធាននាយកដ្ឋានព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃ បានឲ្យដឹងថា ការចុះបង្ក្រាបសកម្មភាពល្មើសច្បាប់ខាងលើនេះ ធ្វើឡើងនៅថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៦ ត្រង់ចំណុចម្ដុំផ្សារអូឡាំពិក សង្កាត់វាលវង់ ខណ្ឌ៧មករា។
លោកឧត្តមសេនីយ៍ឯក បានបន្តថា ជនសង្ស័យទាំង៣នាក់ ដែលកម្លាំងនគរបាលរបស់លោកឃាត់ខ្លួនបាននោះ រួមមាន៖ ទី១. ឈ្មោះ ម៉ៅ សុខុម ហៅតាបេ អាយុ៦១ឆ្នាំ ស្នាក់នៅភូមិទួលសង្កែ សង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ ធា្លប់ជាប់ពន្ធនាគារនៅខេត្តតាកែវ ពាក់ព័ន្ធនឹងបទល្មើសចោរកម្មដែរ, ទី២. ឈ្មោះ ហួន ម៉េងហ៊ាង អាយុ២៤ឆ្នាំ ស្នាក់នៅភូមិទួលសង្កែដូចគ្នា មុខរបរជាជាងដេក, និងទី៣. ឈ្មោះ សាំង ភារុន អាយុ២៧ឆ្នាំ ស្នាក់នៅភូមិទួលសង្កែដូចគ្នាដែរ មុខរបរអ្នករត់ម៉ូតូឌុប។
ក្រោយពីបានឃាត់ខ្លួនជនសង្ស័យខាងលើ ជាបន្តបន្ទាប់ហើយ កម្លាំងនគរបាលបានរឹបអូសម៉ូតូ ១គ្រឿង ម៉ាកហុងដាឌ្រីម ពាក់ស្លាកលេខ កណ្ដាល 1O-5097 ជាកម្មសិទ្ធិរបស់ឈ្មោះ សេក ផល្លី ស្នាក់នៅភូមិទួលសង្កែ សង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ៕