(ភ្នំពេញ)៖ លោក ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍កម្ពុជា បានស្នើដល់ភាគីជប៉ុន ជួយពិនិត្យលទ្ធភាពសិក្សាដើម្បីជំរុញការអភិវឌ្ឍន៍ សហគមន៍អូកេទេសចរណ៍ នៅតំបន់ព្រៃកោងកាង ខេត្តកោះកុង ដើម្បីជួយអភិវឌ្ឍន៍តំបន់ប៉ែកនិរតីមួយនេះ ឲ្យក្លាយជាគោលដៅអូកេទេសចរណ៍តំបន់ឆ្នេរដ៏គួរឲ្យទាក់ទាញ។
សំណើនេះត្រូវបានលើកឡើងក្នុងជំនួបជាមួយ លោក Hidehisa HORINOUCHI ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា នៅទីស្ដីការក្រសួងទេសចរណ៍ នាថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៦ ក្នុងគោលបំណងដើម្បីពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការ លើវិស័យទេសចរណ៍រវាងប្រទេសទាំងពីរ ឲ្យកាន់តែរីកចម្រើនថែមទៀត ពិសេសលើវិស័យទេសចរណ៍ និងវិស័យកីឡា។
ចំពោះវិស័យទេសចរណ៍ លោករដ្ឋមន្រ្តី ថោង ខុន បានជម្រាបពីតម្រូវការវិនិយោគបន្ថែម ប្រាប់ដល់ភាគីជប៉ុនផងដែរ ដូចជាខាងផ្នែកសណ្ឋាគារ ការបង្កើតផលិតផលទេសចរណ៍ថ្មីៗ ប្រកបដោយភាពទាក់ទាញ ដោយលោកបានបង្ហាញឲ្យឃើញពីសក្តានុពលអេកូទេសចរណ៍ នៅតំបន់ព្រៃកោងកាង ខេត្តកោះកុង ដែលមានផ្ទៃដីជាង៥ម៉ឺនហិចតា នៅមិនទាន់មានការអភិវឌ្ឍជាក់លាក់នោះឡើយ ខណៈមានទេសចរទៅទស្សនាតិចតួច។
លោករដ្ឋមន្រ្តី ថោង ខុន បានស្នើឲ្យភាគីជប៉ុន ធ្វើការសិក្សាស្វែងយល់អំពីលទ្ធភាពអភិវឌ្ឍន៍សហគមន៍ អេកូទេសចរណ៍តំបន់ព្រៃកោងកាងនេះ ដើម្បីជួយអភិវឌ្ឍន៍តំបន់ប៉ែកនិរតីនេះ ដើម្បីទាក់ទាញភ្ញៀវទេសចរចូលទៅទស្សនាកាន់តែច្រើនថែមទៀត។
ចំពោះវិស័យកីឡា លោក Hidehisa HORINOUCHI បានជម្រាបលោករដ្ឋមន្រ្តីថា ជប៉ុននឹងជួយជ្រោមជ្រែងវិស័យកីឡាកម្ពុជា ឲ្យកាន់តែមានភាពរីកចម្រើនថែមទៀត ពិសេសគឺកីឡាការ៉ាត់តេដូ យូដូ អៃគីដូ និងកីឡាប្រពៃណីរបស់ជប៉ុនមួយចំនួនទៀត ដើម្បីជួយគាំទ្រកម្ពុជាបានចូលប្រកួតក្នុងព្រឹត្តិការណ៍កីឡាអូឡាំពិក២០២០ នៅទីក្រុងតូក្យូ ប្រទេសជប៉ុន និងដណ្តើមមេដាយឲ្យបានច្រើន នៅក្នុងព្រឹត្តិការណ៍កីឡា Sea Game 2023 ដែលនឹងប្រព្រឹត្តទៅក្នុងប្រទេសកម្ពុជា។
ជប៉ុនក៏បានសន្យាថា នឹងជំរុញទេសចររបស់ខ្លួនមកទស្សនាកម្ពុជា ឲ្យកាន់តែច្រើនថែមទៀត ហើយក៏បានសំណូមសូមឲ្យទេសចរកម្ពុជាទៅទស្សនាប្រទេសជប៉ុនផងដែរ។
សូមជម្រាបថា ទេសចរជប៉ុនបានធ្វើដំណើរចេញក្រៅប្រទេស ទៅទស្សនាតំបន់ទេសចរណ៍នានារៀងរាល់ឆ្នាំ។ គិតត្រឹមរយៈពេល ១០ខែ ឆ្នាំ២០១៦ ទេសចរជប៉ុនដែលចេញក្រៅប្រទេស មានជាង២០លាននាក់ ដែលភាគច្រើនជាទេសចរវ័យចំណាស់ អ្នកចូលនិវត្តន៍ និងចូលចិត្តទិញផ្ទះទី២ នៅក្រៅប្រទេស ហើយរាជរដ្ឋាភិបាលកម្ពុជាក៏មានគោលដៅស្រូបយកប្រភេទទេសចរទាំងនេះ ផងដែរ៕