(ភ្នំពេញ)៖ ថ្លែងក្នុងសន្និបាតអ្នកបច្ចេកទេសវិទ្យុសាស្ត្រកម្ពុជា ប្រចាំឆ្នាំលើកទី៩ នៅមន្ទីរពេទ្យកាល់ម៉ែត នៅព្រឹកថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៦ លោក មុត សំផន ប្រធានសមាគមអ្នកបច្ចេកទេសវិទ្យុសាស្ត្រកម្ពុជា បានលើកឡើងថា ខណៈដែលកម្ពុជាកំពុងមានការកើនឡើងនូវចំនួន សំភារៈបរិក្ខាសម្រាប់ថតឆ្លុះក្នុង ខ្លួនអ្នកជម្ងឺ ឬហៅថាបរិក្ខាវិទ្យុសាស្ត្រទំនើបៗនោះ កម្ពុជាកំពុងតែជួបនូវកង្វះខាតអ្នកជំនាញ សម្រាប់ប្រើប្រាស់ឧបករណ៍នេះផងដែរ ដែលទាមទារឲ្យមានការបណ្តុះបណ្តាលបន្ថែម ជាចាំបាច់។
លោកប្រធានសមាគមអ្នកបច្ចេកទេសវិទ្យុសាស្ត្រកម្ពុជា សម្រាប់វិស័យវិទ្យុសាស្រ្តកម្ពុជា បានបន្តថា «យើងនៅខ្វះអ្នកជំនាញច្រើនណាស់ ពោលគឺកម្ពុជាទើបតែរៀបចំបណ្តុះបណ្តាលអ្នកជំនាញវិទ្យុសាស្ត្រនេះ នៅឆ្នាំ២០០៦ប៉ុណ្ណោះ ដែលមកទល់នឹងពេលបច្ចុប្បន្ននេះ យើងទើបតែបានបញ្ចប់ថ្នាក់បរិញ្ញាបត្ររង រយៈពេល៣ឆ្នាំ បាន៨ជំនាន់ស្មើនឹង១៨៦នាក់ គឺតិចបំផុត។ លោកថា បរិក្ខាថតឆ្លុះធ្វើរោគវិនិច្ឆ័យ ឬហៅថាម៉ាស៊ីនវិទ្យុសាស្ត្រ ក្នុង១គ្រឿងៗវាមានតម្លៃសែន ឬលានដុល្លារ គឺវាថ្លៃណាស់ ដូច្នេះ ហើយគឺត្រូវទាមទារអ្នកបច្ចេកទេសដែលទទួលបានការបណ្តុះបណ្តាលត្រឹមត្រូវ ដើម្បីធ្វើការ ជាមួយនឹងម៉ាស៊ីននេះ។
លោក មុត សំផន បានបន្ថែមថា «យើងពុំទាន់មាន និស្សិតដែលបានរៀនចប់ថ្នាក់បរិញ្ញាបត្រ លើមុខជំនាញបច្ចេកទេសវិទ្យុសាស្ត្រនេះនៅឡើយទេ គឺមានត្រឹមតែថ្នាក់បរិញ្ញាបត្ររងតែប៉ុណ្ណោះ ព្រោះនៅកម្ពុជាបច្ចុប្បន្ន គឺមានម៉ាស៊ីនស្គែនធ្វើរោគវិនិច្ឆ័យ នៅក្នុងប្រទេសកម្ពុជាច្រើនជាង៤០កន្លែងហើយដែលនេះគឺជាការវិវឌ្ឍន៍យ៉ាងឆាប់រហ័ស នៅក្នុងរយៈចុងក្រោយនេះ តែផ្ទុយទៅវិញយើងមានអ្នកបច្ចេកទេសផ្នែកនេះ តែ២៨៦នាក់ប៉ុណ្ណោះ ហើយបើប្រៀបធៀបជាមួយនឹង ដេប៉ាតឺម៉ង់ផ្នែកវិទ្យុសាស្ត្រ ដែលមានជាង៥០០កន្លែង ទូទាំងប្រទេសកម្ពុជានោះ សួរថាតើមាននរណាទៅធ្វើការងារនេះដូច្នេះគឺត្រូវតែមានការបណ្តុះបណ្តាលបន្ថែមជាការចាំបាច់»។
ជាមួយគ្នានេះ ប្រធានសមាគមអ្នកបច្ចេកទេសវិទ្យុសាស្ត្រកម្ពុជា បានសម្ដែងនូវក្តីព្រួយបារម្ភចំពោះកង្វះអ្នកបច្ចេកទេស ខាងផ្នែកវិទ្យុសាស្ត្រនេះ ព្រោះការងារមួយនេះ មិនសូវជាមានចង់ធ្វើប៉ុន្មានទេ ដោយគេយល់ថា ម៉ាស៊ីនថតស្គែន ឬម៉ាស៊ីនថតអ៊ិច្សរ៉េ វាបានធ្វើឲ្យប៉ះពាល់ដល់សុខភាពដោយកាំរស្មីអ៊ិច្ស។ តែទោះជាយ៉ាងណាក៏ដោយ លោក មុត សំផន បានអះអាងថា ក្នុងសម័យ បច្ចេកវិទ្យាទំនើបនាពេលបច្ចុប្បន្ន បញ្ហានេះត្រូវបានដោះស្រាយ ដោយការប៉ះពាល់គឺមានកម្រិតទាបបំផុត។
បន្ថែមពីនេះ ប្រធាននាយកដ្ឋានមន្ទីរពេទ្យ នៃក្រសួងសុខាភិបាល លោកវេជ្ជបណ្ឌិត សុខ ស៊្រុន បានបញ្ជាក់ថា ជាទូទៅវិស័យសុខាភិបាលរបស់កម្ពុជាកំពុងមានការវិវឌ្ឍទៅមុខ គួរកត់សម្គាល់។ ដូច្នេះហើយត្រូវការអ្នកជំនាញពិតប្រាកដសម្រាប់ធ្វើការក្នុងវិស័យដ៏ មានសារៈសំខាន់មួយនេះ ដើម្បីសុខភាព និងសុខុមាលភាពរបស់ប្រជាជនកម្ពុជា។ លោកថា អ្វីដែលទាំងគ្នាត្រូវធ្វើនៅក្នុងវិស័យសុខាភិបាលនេះ នោះគឺការពង្រឹងសមត្ថភាព គុណភាព និងក្រមសីលធម៌វិជ្ជាជីវៈ របស់ក្រុមគ្រូពេទ្យ៕