(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៦នេះ សាលារៀនញូវហ្គេតវ៉េអន្តរជាតិ បានរៀបចំពិធីជួបជុំជាមួយមាតាបិតា អាណាព្យាបាលសិស្ស ទាំងថ្នាក់បឋម និងមធ្យមសិក្សា ដើម្បីពង្រឹងទៅលើគុណភាពអប់រំ ក៏ដូចជាស្តាប់នូវការចង់បានរបស់អាណាព្យាបាលសិស្សផងដែរ។
កិច្ចសំណេះសំណាលនេះ ត្រូវបានធ្វើឡើងក្រោមអធិបតីភាពរបស់អ្នកឧកញ៉ា ប៊ុន ណារី នាយិកាសាលាញូវហ្គេតវ៉េអន្តរជាតិ ព្រមទាំងមានការចូលរួមពីលោកគ្រូ អ្នកគ្រូផងដែរ។
ក្នុងឱកាសនោះអ្នកឧកញ៉ានាយិកាសាលា បានមានប្រសសន៍ថា ការរៀបចំជំនួបនេះឡើង ក្នុងគោលបំណងបង្កើនទំនាក់ទំនង និងកិច្ចសហការរវាងមាតាបិតាសិស្ស ជាមួយគ្រូបង្រៀន ដើម្បីផ្លាស់ប្តូរយោលបល់គ្នាពីការរីកចម្រើន និងចំណុចដែលត្រូវរួមគ្នាយកចិត្តទុកដាក់កែលម្អលើកង្វះខាតមួយចំនួនលើការអប់រំ ធ្វើយ៉ាងណាឲ្យការអប់រំសិស្ស ទទួលបានចំណេះដឹងសីលធម៌ សុជីវធម៌ ក្នុងការរស់នៅប្រកបទៅដោយភាពថ្លៃថ្នូរ។
អ្នកឧកញ៉ានាយិកា ក៏បានលើកឡើងបន្ថែមទៀតថា ការទទួលបានជោគជ័យក្នុងការអប់រំបុត្រធីតា មិនអាចពឹងផ្អែកតែលើសាលារៀនទាំងស្រុងនោះទេ គឺត្រូវទាមទារឲ្យមានការសហការយ៉ាងសកម្ម និងយកចិត្តទុកដាក់ខ្ពស់ ជាពិសេសតាមដានការសិក្សារបស់កូនៗ ពីសំណាក់អាណាព្យាបាលមាតាបិតាសិស្ស គ្រប់រូបមិនអាចខ្វះបាន។
ការចូលរួមរបស់មាតាបិតាអាណាព្យាបាល ក្នុងការអប់រំជាកត្តាសំខាន់បំផុត និងទទួលបានលទ្ធផលល្អប្រសើរ ដូចជាសិស្សទទួលបានការសិក្សាល្អអត្រាការប្រឡងជាប់ខ្ពស់ អត្រាបោះបង់ និងព្យួរការសិក្សាមានកម្រិតទាប ព្រមទាំងសិស្សអាចស្ថិតនៅឆ្ងាយពីគ្រឿងញៀន គ្រឿងស្រវឹងនិងសកម្មភាពក្មេងទំនើង ដែលរាជរដ្ឋាភិបាលកំពុងយកចិត្តទុកដាក់លុបបំបាត់ជាដើម។ ម្យ៉ាងវិញទៀតការចូលរួមរបស់ក្រុមគ្រួសារ ក្នុងការអប់រំនិងធ្វើអោយលទ្ធផល នៃការសិក្សារបស់បុត្រធីតា ក៏ដូចជាផ្តល់នូវទ្រព្យសម្បត្តិ និងសុភមង្គលដ៏ត្រចេះត្រចង់ទៅថ្ងៃអនាគតផងដែរ។
សាលារៀនញូវហ្គេរវ៉េអន្តរជាតិ មិនត្រឹមតែចូលរួមចំណែកជាមួយ និងរាជរដ្ឋាភិបាលក្នុងការបណ្តុះបណ្តាលធនធានមនុស្ស ប្រកបដោយសមត្ថភាពសេចក្តីថ្លៃថ្នូរ និងមេត្តាករុណា ក្នុងសង្គមប៉ុណ្ណោះទេ ក៏បានចូលរួមចំណែកយ៉ាងសកម្មជាមួយសហគមន៍ និង សង្គមកិច្ច ដើម្បីរូមចំណែករំលែកទុក្ខលំបាករបស់សិស្សទីទ័លក្រ ដែលកំពុងរស់នៅតាមអង្គការនានា និងទុក្ខលំបាករបស់ប្រជាពលរដ្ឋ នៅតាមសហគមមួយចំនួនទៀតផងដែរ។
ជំនួបរវាងមាតាបិតា និងគ្រូបង្រៀននាឱកាសនេះ ទទួលបានលទ្ធផលល្អគួរជាទីមោទន ដោយមានការគាំទ្រ និងអញ្ជើញចូលរួមពី មាតាបិតា អាណាព្យាបាលសិស្សយ៉ាងច្រើនកុះករជាមួយនិងភាពសប្បាយរីរាយ ដើម្បីផ្លាស់ប្តូរយោលបល់ធ្វើយ៉ាងណាឲ្យការសិក្សារបស់បុត្រធីតា ទទួលបានជោគជ័យប្រកបដោយគុណភាព និងប្រសិទ្ធភាពខ្ពស់នាពេលអនាគតភ្លឺស្វាង និងដើម្បីរួមចំណែកអភិវឌ្ឍខ្លួនឯង គ្រួសារ និងសង្គមទាំងមូល៕