(ភ្នំពេញ)៖ នៅថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៦នេះ អគ្គនាយកដ្ឋានពន្ធដារ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានចេញសេចក្តីបំភ្លឺមួយជុំវិញការលើកឡើង នៅតាមបណ្តាញ សង្គមមួយចំនួនអំពីករណីរថយន្តដូចគ្នាបង់ពន្ធខុសតម្លៃគ្នា ដោយអគ្គនាយកដ្ឋានពន្ធដារបានបញ្ជាក់ថា ករណីនេះមិនមែនកើតឡើងដោយសារភ្នាក់ងារប្រមូល ប្រាក់ពន្ធ ឬមន្រ្តីពន្ធដារអនុវត្តការងារមិនបានត្រឹមត្រូវ ឬមានការឃុបឃិតគ្នាជាមួយធនាគារ អេស៊ីលីដា នោះឡើយ។
សេចក្តីបំភ្លឺរបស់អគ្គនាយកដ្ឋានពន្ធដារ បានរៀបរាប់ថា៖ «អគ្គនាយកដ្ឋានពន្ធដារវាយតម្លៃប្រាក់ពន្ធ ដោយផ្អែកលើឯកសារពាក់ព័ន្ធចេញដោយស្ថាប័នជំនាញ សម្រាប់ជាមូលដ្ឋានក្នុងការកំណត់ប្រាក់ពន្ធ។ ដូច្នេះករណីខុសឆ្គងបែបនេះ គឺមិនមែនកើតឡើងដោយសារភ្ញាក់ងារប្រមូលប្រាក់ពន្ធ ឬមន្រ្តីពន្ធដារអនុវត្តការងារ មិនបានត្រឹមត្រូវ ឬមានការឃុបឃិតជាមួយអ្នកជាប់ពន្ធ ដូចការលើកឡើងនោះទេ។ នេះដោយសារតែម្ចាស់រថយន្តម៉ាក TOYOTA HIACE ពាក់ស្លាក់លេខ សៀមរាប 2B-9906 រូបនោះ បានប្រកាសក្នុងលិខិតប្រកាសបង់ពន្ធថា ជាប្រភេទរថយន្តដឹកទំនិញធុនតូច Pick Up ទៅតាមប័ណ្ណសំគាល់យានយន្តដែលផ្តល់ដោយ មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តសៀមរាប»។
អគ្គនាយកដ្ឋានពន្ធដារ បានបញ្ជាក់ទៀតថា៖ «ភ្នាក់ងារប្រមូលប្រាក់ពន្ធ ដូចជាធនាគារ អេស៊ីលីដា ភិអិលស៊ី ជាដើម មិនមែនជាអង្គភាពកំណត់ពន្ធនោះទេ គឺអគ្គនាយកដ្ឋានពន្ធដារតែមួយគត់ ដែលជាអង្គភាពកំណត់ប្រាក់ពន្ធ ដោយឈរលើមូលដ្ឋានទិន្នន័យនៅលើប័ណ្ណសម្គាល់យានយន្តចេញដោយក្រសួងសាធារណការ និងដឹកជញ្ជូន»។
សូមជំរាបថា នៅរសៀលថ្ងៃទី១៦ ខែធ្នូម្សិលមិញ ធនាគារអេស៊ីលីដា ភីអិលស៊ី ដែលជាធនាគារល្បីល្បាញមួយនៅប្រទេសកម្ពុជា បានចេញលិខិតបដិសេធមួយ ដោយចាត់ទុកថា ការបង្ហោះព័ត៌មាននៅ លើគណនី Facebook ឈ្មោះ ផែង វណ្ណៈ ដែលថា «ធនាគារអេស៊ីលី ឃុបឃិតគ្នាជាមួយម្ចាស់រថយន្តលួចបន្លំ ថវិការដ្ឋលើបញ្ហាបង់ពន្ធផ្លូវ» គឺជាទង្វើមានចេតនាញុះញង់ និងបំពុលសង្គម និងធ្វើឱ្យប៉ះពាល់ដល់កិត្តិយសធនាគារអេស៊ីលីដាយ៉ាងធ្ងន់ធ្ងរ»។
សេចក្តីប្រកាសបដិសេធរបស់ធនាគារអេស៊ីលីដា បានឱ្យដឹងថា ធនាគារអេស៊ីលីដា ភីអិលស៊ី សូមបដិសេធចំពោះការ ចុះផ្សាយព័ត៌មាន នៅក្នុងគណនីឈ្មោះ ផែង វណ្ណៈ ក្នុងបណ្តាញសង្គម នៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៦ ដោយបានប្រើពាក្យថា «ធនាគារអេស៊ីលី ឃុបឃិតគ្នាជាមួយ ម្ចាស់រថយន្តលួចបន្លំ ថវិការដ្ឋលើបញ្ហាបង់ពន្ធផ្លូវ និងការបន្តផ្សព្វផ្សាយរបស់សារព័ត៌មានក្នុងស្រុកមួយចំនួន»។
ធនាគារបានចាត់ទុកថា «ការផ្សព្វផ្សាយព័ត៌មានខាងលើនេះ គឺមិនបានសាកសួរព័ត៌មានឱ្យបានច្បាស់លាសជាមុន ពីធនាគារអេស៊ីលីដា ភីអិលស៊ី ឬស្ថាប័នពាក់ព័ន្ធ ទេ ដោយមានចេតនាបំពុលសង្គម និងធ្វើឱ្យប៉ះពាល់ដល់កិត្តិយសដ៏ធ្ងន់ធ្ងរដល់ ធនាគារ អេស៊ីលីដា ភីអិលស៊ី និងសេចក្តីថ្លៃថ្នូរបស់វិស័យហិរញ្ញវត្ថុទាំងមូលដែលជាឆ្អឹង ខ្នងដ៏រឹងមាំសម្រាប់ទ្រទ្រង់សេដ្ឋកិច្ចជាតិ ដែលបាននិងកំពុងសហការជាមួយរាជរដ្ឋាភិបាលក្នុងការបំពេញកិច្ចការជូនជាតិប្រកបដោយតម្លាភាព និងការជឿទុកចិត្ត ស្របតាមយុទ្ធសាស្រ្តចតុកោណរបស់រាជរដ្ឋាភិបាលកម្ពុជា ស្តីពីកំណែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈឱ្យមានប្រសិទ្ធភាពខ្ពស់»៕
សូមអានប្រកាសបំភ្លឺរបស់នាយកដ្ឋានពន្ធដារ និងធនាគារអេស៊ីលីដា៖