(បន្ទាយមានជ័យ)៖ កីឡាករប្រដាល់សេី «ផាន់ ផាណាត» ល្បីមួយរូបប្រចាំប្រទេសកម្ពុជា ធ្លាប់បានប្រើកណ្តាប់ដៃដ៏ប៉ិនប្រសព្វ ធ្វើឲ្យដៃគូរសន្លប់ជាច្រើននាក់ រហូតប្រកួតបានខ្សែក្រវ៉ាត់៣ និងប័ណ្ណសរសើរជាច្រើននោះ ស្រាប់តែខូចចិត្តព្រោះប្រពន្ធផិតក្បត់ ដាច់ចិត្តចង-ក សម្លាប់ខ្លួនចោលកូនប្រុសស្រី៣នាក់ និងឪពុកម្តាយចាស់ជរាដើរមិនរួច។
ហេតុការណ៍នេះបង្កឲ្យមានការភ្ញាក់ផ្អើល នៅយប់ថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៦ នៅខាងកើតផ្សារមង្គលបូរី ស្ថិតក្នុងភូមិលួង ឃុំឬស្សីក្រោក ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ។
លោក រស់ សំបូរ មេបញ្ជាការអាវុធហត្ថស្រុកមង្គលបូរី បានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ ផាន់ ផាណាត អាយុ៣៦ឆ្នាំ។ គ្រួសាររបស់សាកសព រៀបរាប់ថា ផាន់ ផាណាត ជាកីឡាករ២៥ឆ្នាំកន្លងមកហើយ ធ្លាប់ហាត់នៅខ្លឹបគុជជលសាកីឡា ហើយចូលរួមប្រគួតអស់រយៈពេល២៥ឆ្នាំ កន្លងមកនេះធ្លាប់ប្រកួតបានរាប់រយដងតាំងជំនាន់លោក នួន ភីរម្យ លោកអេ ភូថង មកម៉្លេះហើយបានទទួលខ្សែក្រវ៉ាត់៣ស្ថាប័ន និងប័ណ្ណសរសើរ ពីសមាគមន៍កីឡាជាច្រើនទៀត។
ក្រុមគ្រួសារបានបញ្ជាក់ថា ផាន់ ផាណាត ឈឺបានមករស់នៅជាមួយឪពុកម្តាយ នៅស្រុកមង្គលបូរីនេះជិត១ឆ្នាំមកហើយ នៅមុនពេលកើតហេតុនោះ ផាន់ ផាណាត បានទូរស័ព្ទទៅប្រពន្ធ និងកូនរស់ភ្នំពេញដើម្បីសួរសុខទុក្ខ និងសេចក្តីនឹករលឹកពីចំងាយ ស្រាប់តែប្រពន្ធទូរស័ព្ទមកវិញថា «ខ្ញុំមានប្តីថ្មីហើយ សូមបងដាច់ចិត្តពីខ្ញុំទៅ» ប្រពន្ធមិននិយាយហេតុផល ពីរឿងខ្លួនមានប្តីថ្មីឡើយ បើចង់ដឹងសួរប្តីថ្មីខ្លួនទៅ។
គ្រួសារថា ចាប់ពីថ្ងៃនោះមក ផាន់ ផាណាត ខូចចិត្តយ៉ាងខ្លាំងរហូតមកដល់ថ្ងៃកើតហេតុនោះ ចេះតែនិយាយប្រាប់ឪពុកម្តាយថា «ខ្ញុំមិនរស់នៅតទៅទៀតទេ» ពេលនោះពួកគាត់ចេះតែលោមលួមកូនបើស្លាប់ តើឪពុកម្តាយមានអ្នកណាចិញ្ចឹម។ លុះនៅយប់កើតហេតុ ពួកគាត់បានចុះក្រោមផ្ទះ មួយសន្ទុះសោះស្រាប់តែ ផាន់ ផាណាត បានយកក្រម៉ាមកចង-ក នៅលើផ្ទះស្លាប់ភ្លាមៗ។
ស្របពេលនោះដែរ ឪពុកម្តាយរបស់កីឡាករ ផាន់ ផាណាត បានលើកម្រាមដៃដប់សំពះអង្វរដល់ថ្នាក់ដឹកនាំ និងសប្បុរសជន ក្រុងស្រុក ក្រៅស្រុក ព្រមទាំងប្រជាពលរដ្ឋ ទូទាំងប្រទេស មេត្តាជួយគាត់ផងគ្រួសារគាត់ក្រណាស់ គ្មានលុយកាត់ធ្វើបុណ្យសពឲ្យកូនប្រុសជាទីស្រឡាញ់ឡើយ៕