(ភ្នំពេញ)៖ លោក អ៉ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានប្ដេជ្ញាធានាថា ក្រសួងការងារ ដែលជាសេនាធិការរបស់រាជរដ្ឋាភិបាលកម្ពុជា នឹងបន្តពង្រឹង និងពង្រីកយន្តការដោះស្រាយវិវាទការងារ ឲ្យមានប្រសិទ្ធភាពជាមួយគណៈកម្មាធិការយុត្តិធម៌ការងារ របស់អូស្ត្រាលី។
លោករដ្ឋមន្រ្តី លើកឡើងបែបនេះ ត្រូវបានធ្វើឡើងក្នុងជំនួបពិភាក្សាការងារជាមួយ លោក Michael Gay អាជ្ញាកណ្តាលមកពីគណៈកម្មាធិការយុត្តិធម៌ការងារ ប្រទេសអូស្ត្រាលី និងលោក ម៉ែន និម្មិត នាយកប្រតិបត្តិនៃមូលនិធិក្រុមប្រឹក្សាអាជ្ញាកណ្តាល នារសៀលថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៦ នៅទីស្តីការក្រសួងការងារ។
គោលបំណងសំខាន់នៃជំនួបនេះ គឺដើម្បីការណែនាំខ្លួនរបស់គណៈកម្មការផ្តល់យោបល់អន្តជាតិរបស់ មូលនិធិក្រុមប្រឹក្សាអាជ្ញាកណ្តាលក្នុងការរាយការណ៍ជូនពី ការវិវត្តន៍នៃការដោះស្រាយវិវាទការងារ នៅក្រុមប្រឹក្សាអាជ្ញាកណ្តាល និងនិរន្តភាពរបស់ក្រុមប្រឹក្សាអាជ្ញាកណ្តាល នីតិវិធី និងប្រព័ន្ធដោះស្រាយវិវាទការងារ ដោយផ្តោតលើការពង្រឹង និងពង្រីកតួនាទីក្រុមប្រឹក្សាអាជ្ញាកណ្តាល និងការត្រៀមលក្ខណៈក្នុងការធ្វើសន្និសីទ។
លោក Michael Gay បានថ្លែងអំណរគុណ ដែលបានផ្តល់នូវការគាំទ្រ និងផ្តល់នូវអនុសាសន៍ល្អៗ នាពេលកន្លងមក ដែលអាចឱ្យក្រុមប្រឹក្សាអាជ្ញាកណ្តាល ធានាបាននិរន្តរភាព និងដំណើរការការងារប្រកបដោយប្រសិទ្ធភាពខ្ពស់ រហូតដល់ទទួលបានការទទួលស្គាល់ជាអន្តរជាតិ។
លោករដ្ឋមន្រ្តី អ៉ិត សំហេង បានធានាថា ក្រសួងការងារកម្ពុជា នឹងបន្តកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធ ជាមួយមូលនិធិក្រុមប្រឹក្សាអាជ្ញាកណ្តាលដើម្បីជួយធានា នូវនិរន្តរភាព និងការងារឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ ជាពិសេសការពង្រឹងនូវយន្តការដោះស្រាយវិវាទការងារ ដើម្បីឆ្ពោះទៅរកការធ្វើឱ្យប្រសើរឡើងនូវ ទំនាក់ទំនងវិជ្ជាជីវៈ សម្រាប់និយោជក និងកម្មករនិយោជិត។
លោករដ្ឋមន្រ្តីក៏បានបញ្ជាក់ថា តួនាទីរបស់ក្រុមប្រឹក្សាអាជ្ញាកណ្តាល នៅតែដើរតួនាទីយ៉ាងសំខាន់ ក្នុងការដោះស្រាយវិវាទការងារក្រៅប្រព័ន្ធតុលាការ មុននឹងជំលោះនេះ ឈានទៅដល់តុលាការការងារ ដែលបច្ចុប្បន្ន ក្រសួងកំពុងដំណើរការរៀបចំសេចក្តីព្រាងច្បាប់ស្តីពីនីតិវិធី ជំរះក្តីនៃវិវាទការងារ៕